(ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបញ្ជាក់ប្រាប់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ថា ក្រសួងសុខាភិបាល នឹងរៀបចំបញ្ជិកាតាមច្បាប់ ដើម្បីគ្រប់គ្រង ការលក់ផលិតផលគ្រឿងសម្អាង (Cosmetic) និងផលិតផលសុខភាព អាហារបំប៉ន តាមអនឡាញ។ នេះបើតាម លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា។
ការបញ្ជាក់របស់ លោករដ្ឋមន្រ្តីក្រសួងសុខាភិបាល បានធ្វើឡើង នៅក្នុងកិច្ចប្រជុំរវាងក្រសួងសុខាភិបាល ជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅទីស្តីការគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩នេះ។
លោកពេជ្រ ស្រស់ ប្រធានប្តូរវេនឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News យ៉ាងដូច្នេះថា៖ «លោករដ្ឋមន្រ្តី នឹងរៀបចំការចុះបញ្ជិកាតាមផ្លូវច្បាប់ សម្រាប់គ្រប់គ្រងការលក់ផលិតផលអាហាបំប៉ន ឬសុខភាព តាមអនឡាញ ដើម្បីគ្រប់គ្រងគុណភាព នៃការលក់នោះឱ្យមានគុណភាពបម្រើប្រជាពលរដ្ឋពិតប្រាកដ កុំឱ្យពលរដ្ឋរងគ្រោះដោយសារតែការលក់អនឡាញ ដែលគ្មានច្បាប់ត្រឹមត្រូវ»។
ការលើកឡើងរបស់ លោករដ្ឋមន្រ្តី គឺឆ្លើយតបនឹងចម្ងល់របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ពាក់ព័ន្ធនឹងការអនុវត្តការងាររបស់ក្រសួងសុខាភិបាល។ រយៈពេលកន្លងទៅនេះ ការលក់ផលិតផលសុខភាព គ្រឿងសម្អាង និងអាហារបំប៉នតាមអនឡាញ ចាប់ផ្តើមផុសផុលនៅក្នុងប្រទេសកម្ពុជា ហើយក្នុងចំណោមនោះ ក៏មានផលិតផលមួយចំនួន មិនមានការទទួលស្គាល់ស្តង់ដារ ដោយក្រសួងជំនាញផងដែរ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩នេះ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុមហេង បានដឹកនាំមន្រ្តីក្រសួងសុខាភិបាលមួយក្រុម ចូលបំភ្លឺជូន ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ពាក់ព័ន្ធនឹងការអនុវត្តការងារក្នុងវិស័យសុខាភិបាលកន្លងមក។ ការចូលបំភ្លឺនេះ ធ្វើឡើងបន្ទាប់ពីមានលិខិតអញ្ជើញរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ហើយនៅក្នុងកិច្ចប្រជុំនេះ លោក ពេជ្រ ស្រស់ ក្នុងអាណត្តិប្រធានប្តូរវេនប្រចាំខែជាអ្នកសម្របសម្រួលផងដែរ៕