(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំរវាងក្រសួងសុខាភិបាល ជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩នេះ ប្រតិភូរបស់គណបក្សយុវជនកម្ពុជា បានស្នើចំនួន៧ចំណុច ដល់លោករដ្ឋមន្រ្តីសុខាភិបាល ដើម្បីពង្រឹងសុខភាពរបស់ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស។

សំណើ៧ចំណុចនោះរួមមាន៖

១៖ សូមឱ្យក្រសួងសុខាភិបាលជំរុញឱ្យច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងស្រវឹងឱ្យឆាប់ចេញ ដើម្បី ការពារ
អាយុជីវិតរបស់ពលរដ្ឋខ្មែរយើង

២៖ សូមឱ្យក្រសួងសុខាភិបាលពិនិត្យឡើងវិញនូវឥរិយាបថបុគ្គលិកនៃក្រសួងសុខាភិបាលទៅតាមមន្ទីរពេទ្យ ដែលមិនមែនជាពេទ្យ ដូចជាអ្នកទទួលភ្លៀវ អ្នកព័ត៌មានវិទ្យាអ្នកគណនេយ្យ ដែលទទួលអ្នកជម្ងឺដំបូងពេលមកទទួលសេវានៅតាមមន្ទីររដ្ឋមួយចំនួន

៣៖ សូមឱ្យក្រសួងពិនិត្យឡើងវិញនូវការប្រើប្រាស់បណ្ណក្រីក្រឱ្យមានតម្លាភាព និងមានប្រសិទ្ធិភាពជូន
ប្រជាពលរដ្ឋ ខ្មែរ ដោយឱ្យមានការយកចិត្តទុកដាក់ខ្ពស់បំផុត។

៤៖ សូមឱ្យក្រសួងសុខាភិបាល ប្រាប់និងបង្ហាញអំពីចំនួនបុគ្គលិកពេទ្យស្តង់ដា ដែលត្រូវទៅបម្រើសេវា
សុខាភិបាលនៅតាមមូលដ្ឋានដូចជាប៉ុស្តិ៍សុខភាពមណ្ឌល សុខភាព ដើម្បីជាគោលក្នុការកំណត់
ចំនួនបុគ្គលិកពេទ្យទៅបម្រើសេវាសុខភាព និងកំណែទំរង់សុខា ភិបាលមានភាពមិនប្រក្រតី ដែល
ប្រតិភូបក្សយុវជនសង្កេតឃើញក្នុុងមូលដ្ឋាននោះ។

៥៖ សូមឱ្យក្រសួងមានវិធានការនូវឥរិយាបថគ្រូពេទ្យដើរយកលុយពីគ្លីនិចឯកជន ដែលជាការប្រព្រឹត្តអំពើរពុករលួយ និងជំរិតទារប្រាក់ ពីគ្រូពេទ្យដែលប្រកបរបររកស៉ីតាមទីជនបទ និងដាច់ស្រយាល។

៦៖ សូមឱ្យក្រសួងសុខាភិបាលគួរតែរៀបចំ Protocol ជាស្តង់ដារកំណត់យកសៀវភៅណាមួយជា
គោលសម្រាប់គ្រូបង្រៀនមកបង្រៀននិស្សិតនៅសាលាពេទ្យ ។

៧៖ សូមឱ្យក្រសួងសុខាភិបាលពិនិត្យ និងរៀបចំកន្លែងគេងយាម ដល់បុគ្គលិកមន្ទីពេទ្យ ពិសេសនិស្សិត
ចុះទៅស្តារតាមមន្ទីរពេទ្យឱ្យបានសម រម្យ និងរបៀបរៀបរយ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩នេះ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុមហេង បានដឹកនាំមន្រ្តីក្រសួងសុខាភិបាលមួយក្រុម ចូលបំភ្លឺជូន ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ពាក់ព័ន្ធនឹងការអនុវត្តការងារក្នុងវិស័យសុខាភិបាលកន្លងមក។

ការចូលបំភ្លឺនេះ ធ្វើឡើងបន្ទាប់ពីមានលិខិតអញ្ជើញរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ហើយនៅក្នុងកិច្ចប្រជុំនេះ លោក ពេជ្រ ស្រស់ ក្នុងអាណត្តិប្រធានប្តូរវេនប្រចាំខែជាអ្នកសម្របសម្រួលផងដែរ៕