(ភ្នំពេញ)៖ កុមារា កុមារីខ្មែរសរុបប្រមាណ ១,៧០៩នាក់សិក្សានៅសាលាអាយឃីដ កម្មវិធី UCMAS បានជួបជុំគ្នាប្រឡងប្រកួតប្រជែងសមត្ថភាពគណនាលេខរហ័សកម្រិតអន្តរជាតិ (IGE) ប្រចាំឆ្នាំ២០១៩។ ការប្រកួតប្រជែងសមត្ថភាពគណនាលេខរហ័សនេះរបស់កុមារា កុមារីកម្ពុជានេះ ត្រូវបានធ្វើឡើងនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ(CKCC) នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ម្សិលមិញនេះ។
កម្មវិធីប្រឡងសមត្ថភាពគណនាលេខរហ័សនេះ ត្រូវបានអញ្ជើញចូលរួមដោយកញ្ញា ហេង រចនា នាយិកា គ្រប់គ្រងទូទៅ UCMAS កម្ពុជា, ម្ចាស់អាជ្ញាប័ណ្ណ, លោកគ្រូ, អ្នកគ្រូ និង អាណាព្យាបាលសិស្សផងដែរ។
ក្នុងឱកាសនោះ កញ្ញា ហេង រចនា នាយិកា គ្រប់គ្រង UCMAS កម្ពុជា បានប្រាប់ឱ្យដឹងថា កម្មវិធីប្រឡងកម្រិតអន្តរជាតិ (IGE) ប្រចាំឆ្នាំ២០១៩ ធ្វើឡើងក្នុងគោលបំណងឱ្យ សិស្សានុសិស្សរបស់កម្មវិធី UCMAS ប្រកួតប្រជែងសមត្ថភាពរបស់ពួកគេទៅលើវិញ្ញាសារចំនួនពីរ គឺវិញ្ញាសារ Mental (គណនាលេខដោយប្រើម្រាមដៃ) និង Abacus (ឧបករណ៍គណនាលេខតាមក្បួនចិន) ដែលមាន ១១កម្រិតខុសៗគ្នា។
កញ្ញានាយិកា បានបញ្ជាក់ថា តាមរយៈការប្រឡងរបស់កម្មវិធី UCMAS នេះនឹងផ្តល់ឱ្យបេក្ខជន ដែលប្រឡងជាប់ទទួលបាននូវវិញ្ញាបនបត្រពីប្រទេសម៉ាឡេស៊ី ដែលមានការទទួលស្គាល់ពី៨០ ប្រទេសជុំវិញពិភពលោក ក៏ដូចជាជំរុញឱ្យការរៀនសូត្ររបស់កុមាររឹតតែខ្លាំងឡើង និងពង្រឹងគុណភាពកាន់តែល្អប្រសើរ ពោលគឺបង្កើននូវភាពជឿជាក់ និងក្លាហានរបស់កុមារកម្ពុជាគ្រប់ៗរូប។
បើតាមការបញ្ជាក់បន្ថែមរបស់កញ្ញាបានឱ្យដឹងថា សាលាអាយឃីដ កម្មវិធី UCMAS កម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះសម្រាប់កម្មវិធីប្រឡងថ្នាក់អន្តរជាតិលើកទី២៤ នៅរាជធានីភ្នំពេញ ដែលមានការចូលរួមពីសំណាក់ភ្ញៀវជាតិ អន្តរជាតិ ម្ចាស់អាជ្ញាបណ្ណ័ អាណាព្យាបាលសិស្សជាបេក្ខជនប្រឡងសរុបជាង ១ម៉ឺននាក់មកពី៨០ ប្រទេសជុំវិញពិភពលោក។
ការប្រឡងថ្នាក់អន្តរជាតិនេះ នឹងធ្វើឡើងនៅក្នុងបរិវេណមជ្ឃមណ្ឌល ដឹ ព្រេមៀ សេនធ័រ សែនសុខ ភ្នំពេញ (The Premier Center Sen Sok) នាខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ។
កញ្ញា ហេង រចនា បានផ្តាំផ្ញើដល់សិស្ស UCMAS កម្ពុជាទាំងអស់ត្រូវតែខិតខំសិក្សាអនុវត្តបន្ថែម និងត្រៀមខ្លួនឱ្យបានរួចរាល់ ដើម្បីទទួលបានជោគជ័យ ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនៃកម្មវិធីគណនាលេខដោយប្រើខួរក្បាល និងក្បាច់គិតលេខចិនបុរាណ Abacus ថ្នាក់អន្តរជាតិលើកទី២៤ នៃកម្មវិធី UCMAS។
សូមបញ្ជាក់ថា កម្មវិធី UCMAS គឺជាកម្មវិធីសិក្សាបន្ថែមក្រៅម៉ោងដែលជួយឱ្យកុមារពូកែគណនាលេខបានយ៉ាងរហ័ស និងត្រឹមត្រូវដោយមិនប្រើម៉ាស៊ីនគិតលេខសម្រាប់កុមារមានអាយុ ៤ ឆ្នាំ
ដល់ ១២ ឆ្នាំ។ បច្ចុប្បន្នដោយការគាំទ្រយ៉ាងច្រើនពីសំណាក់មាតា បិតាសិស្សទៅលើគុណភាពនៃការបង្រៀនស្របតាមកម្រិតស្តង់ដា ISO ផងនោះ បានធ្វើឱ្យ
កម្មវិធី UCMAS ធ្វើការពង្រីកសាខារហូតដល់ទៅ ៤៧សាខាទូរទាំងប្រទេសកម្ពុជា ជាមួយសិស្សដែលកំពុងសិក្សាច្រើនជាង ១ម៉ឺននាក់ ហើយមានការទទួលស្គាល់ជាង ៨០ប្រទេសជុំវិញពិភពលោកទៀតផង៕