(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩នេះ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុមហេង បានដឹកនាំមន្រ្តីក្រសួងសុខាភិបាលមួយក្រុម ចូលបំភ្លឺជូន ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ពាក់ព័ន្ធនឹងការអនុវត្តការងារក្នុងវិស័យសុខាភិបាលកន្លងមក។
ការចូលបំភ្លឺនេះ ធ្វើឡើងបន្ទាប់ពីមានលិខិតអញ្ជើញរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ហើយនៅក្នុងកិច្ចប្រជុំនេះ លោក ពេជ្រ ស្រស់ ក្នុងអាណត្តិប្រធានប្តូរវេនប្រចាំខែជាអ្នកសម្របសម្រួលផងដែរ។
ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ តាមការស្នើសុំរបស់ សម្តេចតេជោ ហ៊ុន សែន ក្រោយពេលឈ្នះការបោះឆ្នោតជាតិអាណត្តិទី៦។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់មានសមាសភាពមកពីគណបក្សយោបាយចំនួន១៦ ក្នុងចំណោមគណបក្សនយោបាយចំនួន២០ ដែលបានចូលរួមការបោះឆ្នោត។
សមាជិកឧត្តមក្រុមប្រឹក្សពិគ្រោះ និងផ្តល់យោបល់ អាចចុះធ្វើសកម្មភាពពិនិត្យរាល់សកម្មភាពរបស់មន្ត្រីជាក្បាលម៉ាស៊ីនដឹកនាំរាជរដ្ឋាភិបាល និងអាជ្ញាធម៌ថ្នាក់ក្រោមជាតិ ហើយក៏អាចកោះហៅមកសួរនាំលើរឿងរ៉ាវផ្សេងៗពាក់ព័ន្ធនឹងសកម្មភាពបម្រើសង្គមជាតិ និងប្រជាជនផងដែរ។
ក្រោយពេលបង្កើតនេះ ឧត្តមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ហាក់បានដើរតួជាកូនសភាតូចមួយ ដោយបានកោះហៅមន្រ្តីជាន់ខ្ពស់មួយចំនួន មកធ្វើការបំភ្លឺអំពីសកម្មភាពរបស់ខ្លួនផងដែរ។ ប៉ុន្តែទន្ទឹមនឹងនេះ សកម្មភាពមួយចំនួនរបស់របស់សមាជិកឧត្តមក្រុមប្រឹក្សានេះ ក៏ទទួលបានការរិះគន់ពីអាជ្ញាធរមូលដ្ឋានផងដែរ ដោយសារធ្វើការហួសពីតួនាទីរបស់ខ្លួន។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ បានបញ្ជាក់យ៉ាងច្បាស់ថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលមានសមាសភាពនានាមកពីគណបក្សនយោបាយក្រៅរដ្ឋសភា ដែលចូលរួមការបោះឆ្នោត នឹងមានត្រឹមតែអាណត្តិនេះប៉ុណ្ណោះ៕