(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០១៩ សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះជន្ម ថ្វាយព្រះពរជ័យសិរីមង្គល ក្នុងឱកាសបុណ្យចម្រើនព្រះជន្មវស្សា គម្រប់៨៣ យាងចូល៨៤ព្រះវស្សា សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស សមាគមកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
ពិធីនេះក្រោមការអញ្ជើញជាអធិបតីដោយ លោកស្រី ឡេង សុខា ជាប្រធានស្តីទីគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ ព្រមទាំងមានការចូលរួមពីសំណាក់ នាយកសាខាកាកបាទក្រហមខេត្ត សមាជិក សមាជិកាគណៈកម្មាធិការសាខា អនុសាខា ក្រុង ស្រុកទាំង៧ ក្រុមប្រតិបត្តិសាខា អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរឹទ្ធជាតិកម្ពុជា មន្ទីរ អង្គភាពជុំវិញខេត្ត និងយាយជីតាជីយ៉ាងច្រើនកុះករ។
ក្នុងពិធីនោះ ដោយបាននិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត នមស្ការព្រះរតនត្រ័យ សមាទានសីល ថ្វាយព្រះរាជកុសល ចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងបានឧទ្ទិសដល់គុណបុណ្យព្រះរតនត្រ័យ ព្រះបារមី តាមថែរក្សាព្រះមហាស្វេតឆ័ត្រ និងវត្ថុស័កសិទ្ធក្នុងលោក សូមជួយបីបាច់ថែរក្សាសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និង សុភមង្គល ជាទីសការៈដ៏ខ្ពង់ខ្ពស់ សូមព្រះអង្គមានព្រះបញ្ញាណឈ្លាសវៃ ព្រះសុខភាពល្អបរិបូរណ៌ និងព្រះជន្មាយុយឺនយូរ ដើម្បីគង់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជារាស្ត្រ ជាកូន ជាចៅ ចៅទួតរបស់ព្រះអង្គតរៀងទៅ។
អង្គពិធីទាំងមូលក៏បាន ព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុត លំឱនកាយលើកហត្ថប្រណម្យបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ តេជះបារមីនៃទេវតា ថែរក្សាព្រះមហាស្វេតច្ឆ័ត្រ និងគុណបារមីនៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ សូមព្រះមេត្តាប្រទានព្រះពរជ័យ សិរីមង្គលបវរមហាប្រសើរថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គប្រកបតែនឹង ព្រះបរមសុខគ្រប់ប្រការ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ជាទីជ្រកកោនរបស់ប្រជារាស្ត្រ ទូទាំងព្រះរាជាណាចក្រកម្ពុជា រស់នៅដោយទទួលបានសេចក្តីសុខ សន្តិភាព សុភមង្គល និងការអភិវឌ្ឍ រីកចម្រើនថ្កុំថ្កើងរុងរឿង ជានិច្ចនិរន្តរ៍៕