(ភ្នំពេញ)៖ គិតត្រឹមដំណាច់ខែឧសភា ឆ្នាំ២០១៩ កន្លងទៅនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានផ្តល់អាជ្ញាបណ្ណសរុបចំនួន ៣០៩ ដល់ក្រុមហ៊ុនអភិវឌ្ឍលំនៅឋានចំនួន២០១ ក្រុមហ៊ុន ដែលមានគម្រោងអភិវឌ្ឍលំនៅឋានចំនួន ២៨៥គម្រោង ដែលក្នុងនោះគម្រោងចំនួន១៥២ ត្រូវបានបិទបញ្ចប់ និងគម្រោងដែលកំពុងដំណើរការមានចំនួន១៣៣គម្រោង។
នេះបើតាមលោក រស់ ភីរុណ អគ្គនាយករងនៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹង នៅក្នុងឱកាសដែលោកបានអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះកិច្ចសន្យាលក់-ទិញ គម្រោងលំនៅឋានអារ៉ាខាវ៉ា នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅផ្លូវលេខ២៣ ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោក រស់ ភីរុណ បានលើកឡើងថា ក្រុមហ៊ុនអារ៉ាខាវ៉ា ជាក្រុមហ៊ុនដ៏ធំមួយក្នុងចំណោមក្រុមហ៊ុនអភិវឌ្ឍលំនៅឋានធំៗទាំងអស់ ដែលប្រកាន់ខ្ជាប់នូវគោលការណ៍ក្រមសីលធម៌វិជ្ជាជីវៈ និងការអនុវត្តច្បាប់ជាចំបង។ ក្រុមហ៊ុនបានបោះទុនវិនិយោគប្រមាណ៥៣លានដុល្លារ ក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា ដើម្បីអភិវឌ្ឍគម្រោងលំនៅឋានជាប្រភេទអគារស្នាក់នៅរួម (Condo) រួមមានអគារសរុបចំនួន ១៦អគារ ស្មើនឹង២៩៦០យូនីត ដែលចែកជា២ដំណាក់កាល។
លោកអគ្គនាយករង បានគូសបញ្ជាក់ថាការបោះទុនវិនិយោគរបស់ក្រុមហ៊ុនអារ៉ាខាវា គឺជាការចូលរួមចំណែកពីវិស័យឯកជនដែលមិនអាចខ្វះបាន ក្នុងការធ្វើឱ្យកំណើន សេដ្ឋកិច្ចកម្ពុជារក្សាបានក្នុងរង្វង់៧ភាគរយ ជាបន្តបន្ទាប់។ តាមរយៈកំណើននេះ រាជរដ្ឋាភិបាលកម្ពុជាបានព្យាករណ៍ នឹងមានសុទិដ្ឋិនិយមថា នៅឆ្នាំ២០៣០ ប្រទេសកម្ពុជានឹងក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ ហើយនឹងក្លាយជាប្រទេសអភិវឌ្ឍន៍ នៅឆ្នាំ២០៥០ ខាងមុខនេះ។
គួររំលេចផងដែរថា អាជីវកម្មអភិវឌ្ឍលំនៅឋាន ត្រូវបានគ្រប់គ្រងដោយនាយកដ្ឋានគ្រប់គ្រងអាជីវកម្មអចលនវត្ថុបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន ដែលជាសេនាធិការរបស់អគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
អ្នកស្រី ប៉ែន បុប្ផា ប្រធានផ្នែកលក់លំនៅឋានអារ៉ាខាវ៉ា បានឱ្យដឹងថា គម្រោងលំនៅឋានអារ៉ាខាវ៉ា មានដូចជាទី១៖ យូនីតទាំងពីរប្រភេទស្ទូឌីយូ និងយូនីតបន្ទប់គេងពីរ មានចំនួនសរុប ២,៩៦០ យូនីត, ទី២ ៖ យូនីតប្រភេទស្ទូឌីយូ មានចំនួនសរុប ១,៥២០យូនីត មានទំហំ ២២.៧ ម៉ែត្រការ៉េ សម្រាប់បន្ទប់ជួរកណ្តាល និងទំហំ ២៣.៩ម៉ែត្រការ៉េ សម្រាប់បន្ទប់កែង, ទី៣៖ យូនីតប្រភេទបន្ទប់គេងពីរ មានចំនួនសរុប ១៤៤០ យូនីត មានទំហំ ៤៦.៣ ម៉ែត្រការ៉េ សម្រាប់បន្ទប់ជួរកណ្តាល និងទំហំ ៤៧.៥ ម៉ែត្រការ៉េ សម្រាប់បន្ទប់កែង, ទី៤៖ តម្លៃយូនីតប្រភេទស្ទូឌីយូ មានចាប់ពី ២៨,០០០ ដល់៣១,៣០០ដុល្លារ និងទី៥៖ តម្លៃយូនីតប្រភេទបន្ទប់គេងពីរ មានចាប់ពី ៥៦,០០០ ដល់៦១,២០០ ដុល្លារ។
អ្នកស្រី ប៉ែន បុប្ផា បានបន្តថា គិតត្រឹមថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ ចំនួនអតិថិជនដែលបានចុះឈ្មោះកក់ទុកយូនីតមានចំនួនសរុប១១១៥ យូនីត ក្នុងនោះមានយូនីតប្រភេទស្ទូឌីយូ ចំនួន ៦៤៣ យូនីត និងយូនីតប្រភេទបន្ទប់គេងពីរចំនួន៤៧២ យូនីត។
ក្នុងឱកាសនោះដែរ លោក អៀង សុធារ៉ា សហស្ថាបនិកក្រុមហ៊ុនអារ៉ាខាវ៉ា បានពន្យល់អំពីទស្សនៈវិស័យនៃការបង្កើតលំនៅឋានអារ៉ាខាវ៉ានេះ ឡើងយ៉ាងដូច្នេះថា៖ «ការអភិវឌ្ឍលើការសាងសង់លំនៅឋានបែបខុនដូ ក្នុងតម្លៃសមរម្យនៅទីក្រុងភ្នំពេញ គឺជាជំហានដ៏សំខាន់ក្នុងការ ជួយលើកកម្ពស់ជីវភាពគ្រួសារ ព្រមទាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែវិវឌ្ឍទៅមុខ។ ដូច្នេះក្នុងនាមខ្ញុំជាវិនិយោគិនកម្ពុជាមួយរូប ខ្ញុំជឿថាការវិយោគសាងសង់លំនៅឋានបែបខុនដូរ ស្តង់ដាជប៉ុន និងក្នុងតម្លៃសមរម្យនេះ នឹងជួយឱ្យពលរដ្ឋកម្ពុជាដែលមានជីវភាពមិនសូវធូរធារ មានក្តីសង្ឃឹម ក្នុងការទទួលបានលំនៅឋានបាន»។
អតិថិជនម្នាក់ក្នុងចំណោមមនុស្សរាប់រយនាក់ ដែលមកចុះឈ្មោះបង់ប្រាក់ក្នុងពិធីចុះកិច្ចសន្យាលក់ទិញគម្រោងលំនៅឋានអារ៉ាខាវ៉ា គឺកញ្ញា ឡេវ អាលីយ៉ា បច្ចុប្បន្នជាបុគ្គលិកផ្នែកទីផ្សារ នៃ KSH Group បានឱ្យដឹងថា «ខ្ញុំជ្រើសរើសទិញលំនៅឋានអារ៉ាខារ៉ានេះ ដោយសារចំណុចពីរ គឺទី១ខ្ញុំជឿទុកចិត្តដល់ក្រុមអ្នកសាងសង់ ដូចជាក្រុមហ៊ុនជប៉ុន និងធ្លាប់ស្គាល់ប្រវត្តិលោកអៀង សុធារ៉ានេះផងដែរ ហើយទី២ គឺខ្ញុំកំពុងចាត់ចែងលុយឱ្យត្រូវរបៀប ដោយមិនទិញរបស់មិនចាំបាច់ តែបកមកទិញទ្រព្យសម្រាប់អនាគត»។
កញ្ញាបានបន្ថែមទៀតថា យុវជនដូចខ្លួនបច្ចុប្បន្ន ពេលខ្លះអាចមិនច្បាស់ពីការវិនិយោគលើទ្រព្យបំណុល ដូចជាការទៅទិញសម្ភារនិយម ដែលមិនចាំបាច់ ប៉ុន្តែពួកគាត់អាចនឹងភ្លេចថា តើ៥ឆ្នាំក្រោយមកទៀតគាត់គួរសល់អ្វី។
សូមរម្លឹកផងដែរថា ថ្លែងក្នុងកម្មវិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់លំនៅឋាន «អារ៉ាខាវ៉ា»កាលពីដើមខែវិច្ឆិកា ឆ្នាំ២០១៧ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងឱ្យដឹងដែរថា នេះជាគម្រោងទី៣ ក្នុងការសាងសង់លំនៅឋាន មានតម្លៃសមរម្យ ដែលបានសហការជាមួយក្រសួងរៀបចំដែនដី។ ប្រមុខរដ្ឋាភិបាលកម្ពុជានឹងខិតខំជំរុញ ឱ្យមានការវិយោគលើគម្រោងលំនៅឋាន ក្នុងតម្លៃសមរម្យបន្ថែមទៀតដើម្បីបង្កើនសេដ្ឋកិច្ចជាតិនិងការរស់នៅរបស់ប្រជាជន៕