(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩នេះថា លោក ផែង វណ្ណៈ ត្រូវនឹងបានបាត់បង់ក្របខណ្ឌយោធាតែម្តង ពេលមានសាលក្រមស្ថាពរពីតុលាការ។
ការអះអាងរបស់អ្នកនាំពាក្យក្រសួងការពារជាតិ បានធ្វើឡើង បន្ទាប់ពីតុលាការក្រុងភ្នំពេញ ប្រកាសសាលក្រមកាត់ទោស លោក ផែង វណ្ណៈ ឱ្យជាប់ពន្ធនាគាររយៈពេល១ឆ្នាំ ពាក់ព័ន្ធនឹងករណីញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបរិហាកេរ្តិ៍ជាសាធារណៈ ប៉ុន្តែអនុវត្តទោសតែ២ខែកន្លះប៉ុណ្ណោះ ហើយទោសដែលនៅសេសសល់ ត្រូវបានព្យួរ។ ជាមួយគ្នានេះ តុលាការក៏បានបង្គាប់ឱ្យសងជំងឺចិត្តតាមការទាមទាររបស់អង្គភាពព័ត៌មាន Fresh News ចំនួន១០០រៀល (២សំណុំរឿង =២០០រៀល) និងពិន័យប្រាក់ចូលរដ្ឋចំនួន៦លានរៀលផងដែរ។
លោកនាយឧត្តមសេនីយ៍ ឈុំ សុជាត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «លោក ផែង វណ្ណៈ អស់ក្របខណ្ឌហើយ គឺត្រូវគិតចាប់តាំងពីលោក មានសាលក្រមស្ថាព»។ លោកបានបញ្ជាក់បន្តទៀតថា «តាមគោលការណ៍ យោធិនដែលមានទោសព្រហ្មទណ្ឌ គឺត្រូវតែដកហូតតួនាទី និងក្របខណ្ឌជាបណ្តោះអាសន្នសិន ដើម្បីឱ្យតុលាការស៊ីវិលអនុវត្តតាមនីតិវិធី ព្រោះថាគេមិនអាចយកយោធិនទៅកាត់ទោស ដោយមិនបានដកហូតតួនាទី និងការអនុញ្ញាតអង្គភាពសាមីបានទេ»។
យោងតាមមាត្រា២៨ ច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ ចែងថា អាចត្រូវតែងតាំងជានាយទាហានអាជីពបាន ចំពោះជនណាដែល៖ មានសញ្ជាតិខ្មែរ, មានលិខិតថ្កោលទោសដែលបញ្ជាក់ថាគ្មានទោស, មានសម្បទាតាមតម្រូវការដើម្បីបំពេញមុខងារ។
យោងតាមច្បាប់នេះអាចបង្ហាញយ៉ាងច្បាស់ថា លោក ផែង វណ្ណៈ មានលិខិតថ្កោលទោសដោយបញ្ជាក់ថា ធ្លាប់មានទោស ដូច្នេះមិនអាចធ្វើជាមន្ត្រីយោធាបានទៀតទេ។
លោក ផែង វណ្ណៈ ត្រូវបានកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស ចាប់ឃាត់ខ្លួននៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ តាមដីការបស់ព្រះរាជអាជ្ញាបញ្ជាឱ្យចូលខ្លួន ដើម្បីសាកសួរពាក់ព័ន្ធ នឹងករណីញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបរិហាកេរ្តិ៍ជាសាធារណៈ។ ក្រោយមកលោកត្រូវបានតុលាការសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន។
ការចាប់ឃាត់ខ្លួនលោក ផែង វណ្ណៈ ធ្វើឡើងបន្ទាប់ពីមេធាវីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា គឺលោក គី តិច បានដាក់ពាក្យបណ្តឹង ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ និងធ្វើឡើងក្រោយពេលដែល អង្គភាពព័ត៌មាន Fresh News តាមរយៈមេធាវីរបស់ខ្លួន បានដាក់ពាក្យបណ្តឹងចូល សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្តឹង លោក ផែង វណ្ណៈ ពីបទ «បរិហារ្តិ៍ជាសាធារណៈ» បន្ទាប់ពីជននេះ ចោទប្រកាន់អង្គភាពព័ត៌មាន Fresh News ដោយមិនមានមូលដ្ឋានច្បាស់លាស់។
កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅ លោក ផែង វណ្ណៈ បានសរសេរលិខិតមួយ ដោយសុំការខន្តីអភ័យទោសពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នូវអ្វីដែលខ្លួនបានសរសេរព័ត៌មាន ប្រៀបធៀបមិនសមរម្យ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក ព្រមទាំងសុំការអភ័យទោសពីសំណាក់ថ្នាក់ដឹកនាំ និងបងប្អូនមួយចំនួនចំពោះកំហុសឆ្គងរបស់លោកកន្លងមកផងដែរ។
ដោយឡែក កាលពីអំឡុងសវនាការ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ដែរនោះ លោក ផែង វណ្ណៈ បានប្រកាសថា ខ្លួនពិតមានកំហុសក្នុងការជេរប្រមាថអង្គភាពព័ត៌មាន Fresh News និងត្រៀមធ្វើលិខិតសុំទោសមកកាន់អង្គភាពព័ត៌មាន Fresh News។
បន្ទាប់ពីអនុវត្តទោសអស់រយៈពេល២ខែ ១៥ថ្ងៃ លោក ផែង វណ្ណៈ ក៏ត្រូវបានតុលាការដោះលែង ឱ្យមានសេរីភាពឡើងវិញផងដែរ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩នេះ៕