(ព្រៃវែង)៖ សមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា ដឹកនាំដោយលោក មែ ស៊ីថុន ប្រធានសមាគម និងបងប្អូនខ្មែរ រស់នៅសហរដ្ឋអាមេរិក បានចុះចែកសម្ភារសិក្សា និងកាតាប ជូនដល់សិស្សានុសិស្ស ចំនួន៦៦៨នាក់ នៅសាលាបឋមសិក្សា «បេងបុរី» ស្ថិតនៅភូមិព្រៃសំរោង ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩។
ក្នុងឱកាសនោះ លោក មែ ស៊ីថុន បានឲ្យដឹងថា នេះជាលើកទីមួយ ដែលសមាគមយើងខ្ញុំ បានមកដល់ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដើម្បីចែកសម្ភារសិក្សា និងកាតាប ដល់ក្មួយៗសិស្សានុសិស្ស ចំនួន៦៦៨នាក់ និងជូនកាដូ ដល់លោកគ្រូ អ្នកគ្រូ និងលោកពូ អ្នកមីង ដែលជាអាជ្ញាធរមូលដ្ឋានផងដែរ ក្រោមប្រធានបទ «ចូលរួមចែករំលែកសេចក្តីស្រលាញ់ដល់សង្គម»។
លោក មែ ស៊ីថុន បានបន្ថែមទៀតថា សម្រាប់កម្មវិធីថ្ងៃនេះ សមាគមបានសហការជាមួយលោក Justin តំណាងបងប្អូនខ្មែរ រស់នៅសហរដ្ឋអាមេរិក ក្រោមដំបូលសន្តិភាព ដើម្បីផ្តល់ក្តីស្រលាញ់ដល់ក្មួយៗ សិស្សានុសិស្ស ដែលជាវប្បធម៌ដ៍ល្អរវាងខ្មែរ និងខ្មែរ មានតែខ្មែរយើងទេស្រលាញ់ និងជួយខ្មែរពិតប្រាកដ ហើយមានសន្តិភាព ទើបមានការអភិវឌ្ឍន៍។
ប្រធានសមាគមអតីតសិស្ស-និស្សិត នៅកម្ពុជា រូបនេះ បានបញ្ជាក់ថា «គោលបំណង របស់សមាគមនៅថ្ងៃនេះ គឺចង់ឲ្យក្មួយៗសិស្សានុសិស្សទាំងអស់ ខិតខំរៀនសូត្រ យកចិត្តទុកដាក់លើការសិក្សា និងលើកទឹកចិត្តក្មួយៗ ឲ្យចេះចែករំលែកក្តីស្រលាញ់ដល់សង្គម ដែលសង្គមកម្ពុជា យើងមានចំពោះក្មួយៗ»។
សូមបញ្ជាក់ថា សមាគមអតីតសិស្ស-និសិ្សតនៅកម្ពុជា ត្រូវបានបង្កើតឡើងនៅដើមឆ្នាំ២០១៩ និងមានទីស្នាក់ការកណ្តាល ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ថ្វីត្បិតតែសមាគមនេះ ទើបតែបង្កើតក៏ពិតម៉ែន ប៉ុន្តែក្រុមអតីតសិស្សនិស្សិតដែលជាសមាជិកស្នូលក្នុងសមាគមនេះ បានចូលរួមកម្មវិធីមនុស្សធម៌ផ្សេងៗ ប្រមូលផ្តុំយុវជនគំរូ ផ្តួចផ្តើមគំនិត និងគៀងគរធនធាន សម្រាប់ចូលរួមសកម្មភាពសង្គម ក្នុងគោលដៅរួមចំណែកលើកកម្ពស់វិស័យអប់រំ និងការពារគុណភាពបរិស្ថាន តាំងពីឆ្នាំ ២០១៣ មកម្ល៉េះ៕