(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអនុប្រធាន សមាគមអតីតយុទ្ធជនកម្ពុជា តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ បានអញ្ជើញជាអធិបតី ក្នុងខួបលើកទី១២ ទិវាអតីតយុទ្ធជនកម្ពុជា ២១មិថុនា ដោយមានការអញ្ជើញចូលរួម ពីទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី អភិបាលខេត្ត និងលោក លោកស្រី នាយឧត្តមសេនីយ៍ ឧត្តមសេនីយ៍ មកពីក្រសួង ស្ថាប័ន អង្គភាព និងសមាជិកអតីតយុទ្ធជន ចូលរួមជាង៣,០០០នាក់ នៅសាលមហោស្រពកោះពេជ្រ ។
ក្នុងមតិរបស់ លោក គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងលោក វង សូត រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សុទ្ធតែបានលើកឡើងពីការតស៊ូរបស់អតីតយុទ្ធជន ក៏ដូចជាការរីកចម្រើន របស់សមាគមអតីតយុទ្ធជនកម្ពុជា។
ក្នុងឱកាសនោះ ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្រ្តី នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានលំអោនកាយគោរព និងឧទ្ទិសដល់វិញ្ញាណក្ខ័ន្ធបងប្អូនវិរយុទ្ធជន វិរយុទ្ធនារីកម្ពុជាទាំងអស់ ដែលបានធ្វើពលិកម្មដ៏ធំធេង ដើម្បីបុព្វហេតុការពារជាតិមាតុភូមិ ចងចាំជានិច្ចនូវគុណូបការៈដ៏ឧត្តុងឧត្តមរបស់វិរកម្មាភិបាល វិរយុទ្ធជន យុទ្ធនារី ប្រជាជន និងអ្នកស្នេហាជាតិបូជាសាច់ស្រស់ ឈាមស្រស់ ក្នុងសមរភូមិ ដើម្បីរំដោះជាតិមាតុភូមិ ដើម្បីរំដោះជាតិមាតុភូមិពីកណ្តាប់ដៃរបបប៉ុលពត និងបានជួយសង្រ្គោះជិវិតបងប្អនប្រជាជន សង្គមជាតិឲ្យរស់ឡើងវិញ រួមដំណើររួបរួមផ្សះផ្សាជាតិធ្វើឲ្យយើងមានសន្តិភាព ការអភិវឌ្ឍ លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា។
ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ក្នុងសម្តេចតេជោនាយករដ្ឋមន្រ្តី បានអំពាវនាវដល់លោក លោកស្រី អ្នកឧកញ៉ា លោកឧកញ៉ា សប្បុរសជន ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋាន រាជធានី ខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ សូមបន្តជួយឧបត្ថម្ភ គាំទ្រថវិកា និងសម្ភារដល់សមាគមអតីតយុទ្ធជនកម្ពុជាយើង ដើម្បីកសាងលំនៅដ្ឋាន និងហេដ្ឋរចនាសម្ព័ន្ធ ចាំបាច់មួយចំនួនដល់បងប្អូនអតីតយុទ្ធជន ដែលមានជីវភាពលំបាកជួយពួកគាត់ ឲ្យមានសមត្ថភាព លទ្ធភាព សមាហរណកម្ម ក្នុងការអភិវឌ្ឍរបស់ប្រទេសជាតិយើងនាពេលបច្ចុប្បន្ន។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានសំណូមពរដល់បងប្អូនអតីតយុទ្ធជនកម្ពុជាគ្រប់រូប ត្រូវចេះរួបរួមសាមគ្គី ចេះស្រលាញ់រាប់អានគ្នាទៅវិញទៅមក ដូចបងប្អូនក្នុងមហាគ្រួសារតែមួយ ហើយយកស្មារតីទិវានេះ នឹងនៅជាអមតៈដោយរួមគ្នាធានាការពារឲ្យបានសុខសន្តិភាព ស្ថិរភាពនយោបាយមួយរឹងមាំ រក្សាបានគង់វង្សនូវស្មារតីសាមគ្គីជាតិ ឯកភាព ជាតិ ទោះត្រូវបង់ក្នុងតម្លៃណាក៏ដោយ។
ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានពាំនាំយកអំណោយជាថវិកា របស់សម្តេចតេជោឧបត្ថម្ភដល់សមាជិកអតីតយុទ្ធជន ចំនួន២,៥០០នាក់ ម្នាក់ៗទទួលបានថវិកា២០ម៉ឺនរៀល, កងកិត្តិយសត្រែទ័ព ថវិកា២លានរៀល និងឧបត្ថម្ភគណកម្មការរៀបចំទិវាថវិកា១០លានរៀល។ ក្នុងទិវាដ៏មហោឡារឹកនោះ តបតាមការអំពាវនាវរបស់សម្តេចតេជោ នាយឧត្តមសេនីយ៍ ផុតលេខផ្កាយមាស៥ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ទទួលបានការចូលរួមជាថវិកាពីសប្បុរស ជនបានប្រមាណជាង៧០ម៉ឺនដុល្លារ និងសូមបន្តចូលរួមបន្ថែមទៀត៕