(ពោធិ៍សាត់)៖ លោកព្រឹទ្ធាចារ្យ ម៉ៅ សោភ័ណ្ឌ អតីតប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់ និងជាអ្នកគ្រប់គ្រងបូជនីយដ្ឋានលោកឧកញ៉ា ឃ្លាំង មឿង បានទទួលមរណភាព កាលពីវេលាម៉ោង២៣៖៣៩នាទីយប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ នៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ ក្នុងជន្មាយុ ៧២ឆ្នាំ ដោយរោគាពាធ។
បច្ចុប្បន្នសព ត្រូវបានក្រុមគ្រួសារដឹកជញ្ជូនមកដល់ខេត្តពោធិ៍សាត់ និងរៀបចំធ្វើបុណ្យតាមគន្លងព្រះពុទ្ធសាសនា នៅគេហដ្ឋាននៃសព ស្ថិតក្នុងភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ផ្លូវលេខ១០២ ខាងក្រោយបូរីតេអូ។
លោកព្រឹទ្ធាចារ្យ ម៉ៅ សោភ័ណ្ឌ បានលះបង់កម្លាំងកាយ កម្លាំងចិត្ត ទាំងឈឺ ទាំងជា ខិតខំកសាង និងអភិវឌ្ឍ កែលម្អរបូជនីយដ្ឋានប្រវត្តិសាស្ត្រលោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ ដែលស្ថិតក្នុងភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។
សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំទាំងអាជ្ញាធរ ទាំងប្រជាពលរដ្ឋក្នុង និងក្រៅខេត្តតែងតែមកកាន់បូជនីយដ្ឋាន លោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ ដើម្បីមកចូលរួមធ្វើបុណ្យ ទៅតាមគន្លងព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា ជូនលោកឧកញ៉ា និងជំទាវ ដែលរៀបចំយ៉ាងសម្រិតសម្រាំង ដោយលោកព្រឹទ្ធាចារ្យ ម៉ៅ សោភ័ណ្ឌ។
ទោះបីរូបរាងកាយលោកលោកព្រឹទ្ធាចារ្យ បានលាចាកលោកទៅក៏ពិតមែន ប៉ុន្តែភាពល្បីល្បាញ បានដក់ជាប់នៅក្នុងអារម្មណ៍ របស់ប្រជាជនទូទាំងខេត្ត ក៏ដូចជាទូទាំងប្រទេស។ ការបាត់បង់លោកព្រឹទ្ធាចារ្យ គឺជាការបាត់មនុស្សជំនាន់មុន ដែលបានចងក្រងប្រវត្តិសាស្រ្ត និងរឿងព្រេងនិទាន ព្រមទាំងស្នាដៃជាច្រើន សម្រាប់យុវជនជំនាន់ក្រោយ បានសិក្សារៀនសូត្រ និងយកគម្រូតាម ជាពន្លឺទៅថ្ងៃខាងមុខ៕