(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានជំរុញឲ្យកម្លាំងនគរបាលទាំងមូល ត្រូវបន្តការពារសន្តិសុខ និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋតាម មូលដ្ឋានកាន់តែខ្លាំងឡើង។
ការថ្លែងពីសំណាក់លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តបន្ទាយមានជ័យបែបនេះ បានធ្វើឡើងកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ ក្នុងពិធីប្រមូលជួបជុំកងម្លាំងនគរបាល ជិត៤០០នាក់ ខណៈទទួលទាននំបញ្ចុក តេជោសន្តិភាព សាមគ្គឺភាព និងឯកភាពជាតិខ្មែរផងដែរ។
លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានបញ្ជាក់ថា «ការទទួលទាននំបញ្ចុកតេជោសន្តិភាពនេះផងដែរ ក្រោយគេមើលឃើញថា មានក្រុមប្រឆាំងបានយកការទទួលទាននំបញ្ចុក ជួបជុំគ្នាបង្វែរជារឿងនយោបាយបង្កការញុះញង់ ប្រជាពលរដ្ឋឲ្យមានការបែកបាក់ ក្នុងមហិច្ឆតាធ្វើនយោបាយ ដើម្បីប្រឆាំងរាជដ្ឋាភិបាលកម្ពុជាស្របច្បាប់»។
លោកបានលើកឡើងទៀតថា «នំបញ្ចុកមិនជារបស់ផ្តាច់មុខនៃក្រុមណា បក្សណានោះទេ គឺប្រជាពលរដ្ឋអាចទទួលទានទាំងអស់គ្នាគ្រប់ពេលវេលា និងគ្រប់ទីកន្លែងបាន។ ការទទួលទាននំបញ្ចុកដើម្បីសន្តិភាព រួបរួមជាតិខ្មែរ និងចូលរួមថែរក្សាសន្តិភាព ឲ្យបានគង់វង្ស សម្រាប់តកូនចៅយើងជំនាន់ក្រោយផងដែរ»។
លោកឧត្តមសេនីយ៍ស្នងការ បានលើកឡើងបន្តថា ប្រជាពលរដ្ឋខ្មែរទូទៅនៅទូទាំងប្រទេសកាលពីថ្ងៃទី៩ ខែមិថុនា កន្លងទៅថ្មីៗនេះ បានជួបជុំគ្នាទទួលទាននំបញ្ចុក តេជោសន្តិភាព ហើយបង្ហាញពីទឹកចិត្តមុតមាំក្នុងការគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដើម្បីសុខសន្តិភាព និងការអភិវឌ្ឍប្រទេសកម្ពុជា។
គ្រាដែលប្រទេសកម្ពុជាបច្ចុប្បន្នត្រូវបានប្រទេសមួយចំនួននៅក្នុងតំបន់ និងនៅក្រៅតំបន់កោតសរសើរ និងទទួលស្គាល់កម្ពុជាកំពុងបោះជំហ៊ានទៅមុខ ដើម្បីកសាងសេដ្ឋកិច្ចកាន់តែរឹងមាំរីកចម្រើនកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ស្នងការក៏បានឧបត្ថម្ភកងកម្លាំងនគរបាល ៣៦៥នាក់ ដោយម្នាក់ៗទទួលបានសារុង ១ផងដែរ៕