(ក្រចេះ)៖ កម្លាំងអាវុធហត្ថខេត្តក្រចេះ ដឹកនាំដោយលោក ឡុង យឹង មេបញ្ជាការរងអាវុហត្ថខេត្ត ក្រោមបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ត្រី សាន្ដ ប៊ុនថាន មេបញ្ជាការអាវុធហត្ថខេត្ត ក្រោមការសម្របសម្រួលដោយលោក ជា សុភ័ក្រ ព្រះរាជអាជ្ញារងអមសាលាសាលាដំបូងខេត្ត នៅល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ បានចុះឡោមព័ទ្ធលំនៅដ្ឋានស្តុកទុកឈើ របស់ឈ្មោះ ជុំ វុទ្ធី ហៅ ធីកាប៉ូ នៅចំណុចភូមិការប៉ូ ក្នុងសង្កាត់អូរឬស្សី ក្រុងក្រចេះ ដោយរឹបអូសរថយន្ដសាំងយុងដឹកឈើ ៨គ្រឿង ដែលលាក់ទុកក្នុងផ្ទះបំរុងលោតឆ័ត្រទៅប្រទេសវៀតណាម។

លោកវរសេនីយ៍ឯក ឡុង យឹង បានឲ្យភ្នាក់ងារ Fresh News ដឹងនៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩នេះថា កម្លាំងអាវុធហត្ថ បានចុះឡោមព័ទ្ធលំនៅដ្ឋានឈ្មួញឈើ ឈ្មោះ ជុំ វុទ្ធី ហៅ ធីកាប៉ូ ដោយបានឃាត់រថយន្តចំនួន ៨គ្រឿង ដែលលាក់ទុក និងផ្ទុកឈើប្រណិតប្រភេទឈើ តាត្រាវពេញក្នុងរថយន្ត និងប្រគល់ឲ្យមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ យកទៅរក្សាទុកនៅស្ថានីយ៍បណ្តុះកូនឈើ ខ្សារ។

លោកវរសេនីយ៍ឯក បានបញ្ជាក់ទៀតថា នៅក្នុងប្រតិបត្តិការបង្ក្រាបនេះ ម្ចាស់ឈ្មួញឈើខាងលើ មិនបាននៅក្នុងផ្ទះនោះទេ ហើយជនសង្ស័យរូបនេះ ត្រូវបានអាវុធហត្ថខេត្ត នឹងស្រាវជ្រាវ ពាក់ព័ន្ធក្នុងមុខជំនួញឈើប្រណិតឆ្លងដែនខាងលើនេះទៀតផង។

លោក ម៉ី វុទ្ធី នាយសង្កាត់រដ្ឋបាលព្រៃឈើថ្មគ្រែ បានឲ្យដឹងថា ឈើទាំងនេះជាប្រភេទឈើប្រណិត (តាត្រាវ) និងឈើលេខ១ មានមុខកាត់ធំៗ និងមានប្រវែងចាប់ពី២ម៉ែត្រ ដល់៣ម៉ែត្រ ហើយរហូតមកដល់ព្រឹកនេះសមត្ថកិច្ច មិនទាន់ធ្វើការវាស់វែងនៅឡើយទេ។

ចំពោះបញ្ហាផ្លូវច្បាប់ ម្ចាស់ឈើត្រូវចូលខ្លួនបង់ផាកពិន័យតាមច្បាប់របស់រដ្ឋបាលព្រៃឈើ បើសិនជាម្ចាស់មិនព្រមចូលខ្លួនបង់ផាក់ពិន័យតាមផ្លូវច្បាប់ ខាងជំនាញរដ្ឋបាលព្រៃឈើ និងក៏សាងសំណុំរឿងទៅតុលាការ៕