(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការជាតិ នឹងអញ្ជើញជាតំណាងសម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូក្រសួងការពារជាតិ ប្រារព្ធខួប៤២ឆ្នាំ ទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ «ប៉ុល ពត» (២០ មិថុនា ១៩៧៧-២០ មិថុនា ២០១៩) នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ។
ពិធីនេះនឹងធ្វើឡើង នៅតំបន់កោះថ្ម ឃុំទន្លុង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ការប្រារព្ធខួប៤២ឆ្នាំ ទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ «ប៉ុល ពត» គឺចង់បញ្ជាក់ និងរម្លឹកនូវប្រវត្តិសាស្ត្រដ៏ជូរចត់ ក្នុងការបូជាសាច់ស្រស់ឈាមស្រស់របស់សមមិត្ត ហ៊ុន សែន និងសមមិត្តផ្សេងទៀត ប្រាប់ដល់យុវជនជំនាន់ក្រោយឱ្យដឹង និងចងចាំបន្ថែមទៀត។
នៅក្នុងឱកាសនេះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ នឹងរៀបចំពិធីកាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផ្លូវប្រវត្តិសាស្ត្រសម្តេចតេជោ» ដែលជាផ្លូវក្រាលគ្រួសក្រហមមានប្រវែង៩,៩០០ម៉ែត្រ, ធ្វើពិធីរំឮកគុណ គោរពព្រះភូមិ ទេពបង្ហាញផ្លូវ ទេវតាថែរក្សាទឹកដី, ពិធីដាំដើមជ្រៃ ជានិមិត្តរូប។
បន្ទាប់មកសម្តេចពិជ័យសេនា នឹងគណៈប្រតិភូធ្វើដំណើរតាមរថយន្តផ្ទាល់ខ្លួនចេញសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុនសែនកោះថ្ម ទៅកាន់ព្រំប្រទល់កម្ពុជា-វៀតណាម ចំណុចអាងដាច់ X16 «ដើមត្រយឹង» និងធ្វើពិធីទាញស្បៃសម្ពោធដាក់តាំងផ្ទាំងសិលាចារឹក នៅចំណុចអាងដាច់X16 «ដើមត្រយឹង»។
ប្រវត្តិរបស់សមមិត្ត ហ៊ុន សែន និងសមមិត្តរួមដំណើរផ្សេងៗទៀត មិនអាចបំភ្លេចបាននោះឡើយ ខណៈការយកជីវិតទៅប្រថុយប្រថានជាមួយបរទេស (ស្នើសុំកម្លាំងវៀតណាម) ដើម្បីជួយ រំដោះប្រទេសជាតិឱ្យរួចផុតពីរបបដ៏សាហាវរបស់ខ្មែរក្រហម ហើយបានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរហូតដល់សព្វថ្ងៃនេះ។
យោងតាមឯកសារដែលបានចងក្រងដោយក្រុមការងារសាងសង់វិមានឈ្នះ-ឈ្នះ បានឱ្យដឹងថា កាលពីជាង ៤០ឆ្នាំមុនសមមិត្ត ហ៊ុន សែន និងកម្មាភិបាលដ៏ទុកចិត្តចំនួន ៤នាក់ផ្សេងទៀត គឺមានសមមិត្ត នុច ថន, សមមិត្ត ញឹក ហួន, សមមិត្ត សាន សាញ់, និងសមមិត្ត វ៉ា ប៉ោអ៊ាន បានចាប់ផ្ដើមធ្វើដំណើរ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ នៅតំបន់កោះថ្ម ឃុំទន្លួង ស្រុកមេមត់ ខេត្តកំពង់ចាម (បច្ចុប្បន្នត្បូងឃ្មុំ) ដើម្បីស្នើសុំកម្លាំងភាគីវៀតណាម ឱ្យមកជួយរំដោះប្រទេសជាតិខ្មែរទាំងមូល ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។
តាមឯកសារបានបញ្ជាក់ឱ្យដឹងទៀតថា សមមិត្ត ហ៊ុន សែន និងសមមិត្តដទៃទៀត បានធ្វើដំណើរជាមួយនឹងកាំភ្លើង៣ដើម គ្រាប់បែក២គ្រាប់ និងកាំបិតខ្វែវមួយដើម ហើយការសម្រេចចិត្តរបស់សមមិត្តទាំងអស់នេះ គឺជាការចាកចេញដោយការឈឺចាប់តែទឹកចិត្តមុះមុតដោយ សម្រេចចិត្តយកជីវិតធ្វើដើមទុន ដើម្បីធ្វើការតស៊ូផ្ដួលរំលំរបបប្រល័យពូជសាសន៍ ដ៏សាហាវយង់ឃ្នងនេះ។
«ទិវាចងចាំនៃដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត» នឹងធ្វើឡើងជារៀងរាល់ឆ្នាំ ហើយរាល់ឯកសារនានារបស់សមមិត្ត ហ៊ុន សែន ពាក់ព័ន្ធនឹងដំណើរការតស៊ូលះបង់ជីវិត ដើម្បីជាតិមាតុភូមិត្រូវបានឆ្លាក់នៅវិមានឈ្នះ-ឈ្នះ ដើម្បីទុកឱ្យកូនចៅ ជំនាន់ក្រោយបានសិក្សារៀនសូត្រ និងចងចាំនូវព្រឹត្តិការណ៍មួយនេះ៕