(ភ្នំពេញ)៖ ដោយក្ដីរំភើបសប្បាយរីករាយជាពន់ពេក ពេលទទួលបានការចែករំលែកក្ដីស្រលាញ់ សណ្ដោសប្រណីពីម្ចាស់អំណោយ លោកយាយ គង់ វាត ដែលបានមកទទួលអាហារនូវ ភោជនីយដ្ឋាន មាតុភូមិ ដែលរៀបចំដោយ ហាងពេជ្រ ហេង ហេង នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩នេះ បានលើកឡើងទាំងចិត្ដក្ដុកក្ដួលថា លោកយាយ សប្បាយចិត្ដណាស់ ថ្ងៃនេះបានហូបបាយមួយពេលយ៉ាងឆ្ងាញ់ ជាមួយម្ហូបអាហារជាច្រើនមុខ និងបង្អែម ដែលខ្លួនបានចូលចិត្ដ។
លោកយាយ គង់ វាត បន្ដថា «ខ្ញុំសប្បាយចិត្ដណាស់ បានបាយហូបបាយមួយពេលនេះ ហើយឆ្ងាញ់ទៀត កន្លងមកខ្ញុំហូបតែត្រីក្រៀម ថ្ងៃនេះមានតាំងពីសម្លម្ជូរពងត្រី សម្លកកូរ ត្រីងៀត ឪឡឹក បង្អែមពីរមុខទៀត ឆ្ងាញ់ណាស់ សូមអរគុណចំពោះម្ចាស់ទាន ដែលបានផ្ដល់ទាំងអាហារ និងថវិកាមកដល់យើងខ្ញុំទាំងអស់គ្នា»។
ជាមួយគ្នានោះដែរលោកយាយ ភណ្ឌ ក្នុងចំណោមលោកតាមលោកយាយប្រមាណ៣០នាក់ បានឱ្យដឹងផងដែរថា «យើងខ្ញុំសូមអរគុណដល់ម្ចាស់ហាង ដែលបានអញ្ជើញយាយៗមក ហើយធ្វើទានឱ្យយាយៗបានហូបម្ហូបឆ្ងាញ់ៗ សូមម្ចាស់ទាន បានសេចក្ដីសុខចម្រើន លាចាកផុតទុក្ខ រកស៊ីមានបាន ដើម្បីផ្ដល់ទានដល់យាយៗបន្ដទៀត» ។
ទន្ទឹមនឹងនោះ លោកតា និងលោកយាយ បានបង្ហាញនូវទឹកចិត្ដសប្បាយរីករាយ និងថ្លែងអំណរគុណដល់ម្ចាស់ហាងពេជ្រ ហេង ហេង ស្រដៀងៗគ្នាថា ការផ្ដល់នូវអាហារដ៏ឆ្ងាញ់ និងថវិកានេះ តាយាយសប្បាយចិត្ដណាស់ ពេលឃើញចៅៗបានធ្វើទានដល់ចាស់ៗគ្មានទីពឹងនេះ ។
ព្រមជាមួយគ្នានោះ លោកស្រី គង់ ពិសី ម្ចាស់ហាងពេជ្រ ហេង ហេង លក់គ្រឿងអលង្ការ គ្រប់ប្រភេទបានថ្លែងថា ដោយក្ដីអាណិតពេលមើលឃើញពីភាពក្រពិបាក របស់លោកយាយ លោកតា ស្ដ្រីមេម៉ាយ ក្មេងកំព្រា ដែលតែងតែប្រាថ្នា ចង់បានអាហារហូបឆ្ងាញ់ៗ តែពួកគាត់គ្មានលទ្ធភាព ទើបបង្កើតឱ្យមានកម្មវិធីនៅថ្ងៃនេះ ដោយអញ្ជើញពួកគាត់មកពិសា អាហារឆ្ងាញ់ៗនៅហាងមាតុភូមិ កុម្ម៉ង់នូវម្ហូបដែលពួកគាត់ចូលចិត្តពិសា តាមក្ដីស្រមៃចង់បានរបស់ពួកគាត់ ។ ការចូលចំណែកក្នុងសង្គមនេះ នឹងអាចជួយសម្រាលការលំបាករបស់ពួកគាត់បានមួយចំណែក ហើយសង្ឃឹមថា បងប្អូនយើងទាំងអស់គ្នា ដែលមានជីវភាពធូរធារ សូមមេត្ដា ចែករំលែកម្នាក់ៗបន្ដិច និងអាចជួយសម្រាលទុក្ខលំបាករបស់ពលរដ្ឋក្រីក្រងាយរងគ្រោះមួយចំណែកផងដែរ។
ម្ចាស់ហាងពេជ្រ ហេង ហេង បានថ្លែងបញ្ជាក់ថា «កន្លងមកគ្រួសារ ឪពុកម្ដាយខ្ញុំ តែងតែចែកទាន ដល់បងប្អូនយើង ដែលមានជីវៈភាពខ្វះខាត មានទាំងសម្ភារ និងថវិកា ។បច្ចុប្បន្ន ឬទៅថ្ងៃក្រោយៗទៀតយើងខ្ញុំ ក៏នឹងបន្ដជួយដល់បងប្អូនយើងទៅលទ្ធភាពបន្ថែមទៀត»។
លោកស្រី គង់ ពិសី បន្ថែមទៀតថា ក្រៅពីជួយសម្រាលទុក្ខលំបាករបស់លោកតា លោកយាយ ក្មេងកំព្រា លោកស្រី ក៏មានការបំណងជួយកសាងសាលារៀន និងសម្ភារសិក្សាផ្សេងៗដល់សាលានៅតាមជនបទផងដែរ ក្រៅពីជួយកសាងទីវត្ដអារាមនោះ ៕