(ភ្នំពេញ)៖ លោកស្រី ជា សិរី អគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធទូទាត់សាច់ប្រាក់រៀល និងប្រាក់បាតថៃតាមប្រព័ន្ធ QR Code នឹងផ្ដល់ផលចំណេញច្រើនដល់ប្រទេសកម្ពុជា ហើយគម្រោងទូទាត់តាមប្រព័ន្ធ QR Code នេះនឹងដំណើការជាផ្លូវការ នៅចុងឆ្នាំ២០១៩នេះ។
ការលើកឡើងបែបនេះរបស់លោកស្រីអគ្គនាយកបច្ចេកទេសរូបនេះ ធ្វើឡើងក្នុងឱកាសដែលលោកស្រីអញ្ជើញចូលរួមក្នុងកម្មវិធី «ផ្សព្វផ្សាយគម្រោងការទូទាត់តាមរយៈ QR Code ឆ្លងដែនរវាងកម្ពុជា និងថៃ» នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩។
លោកស្រី ជា សិរី បានឲ្យដឹងថា ការដាក់ឲ្យទូទាត់ប្រព័ន្ធ QR Code រវាងកម្ពុជា និងថៃនេះបានផ្ដល់ផលចំណេញជាច្រើន មកដល់ប្រទេសកម្ពុជារួមមាន៖
១៖ ជួយជំរុញដល់ការប្រើប្រាស់ប្រាក់រៀល ដោយបច្ចុប្បន្ននេះប្រសិនបើមិនជំរុញបែបនេះទេប្រជាជន នៅតែប្រើប្រាស់លុយដុល្លារ ប្ដូរជាប្រាក់បាតថៃដើម្បីប្រើប្រាស់។ មួយវិញប្រព័ន្ធ QR Code អនុញ្ញាតឲ្យប្រើប្រាស់បានលុះត្រាតែ អ្នកមានគណនេយ្យជាប្រាក់រៀល ទើបអាចទូរទាត់តាមប្រព័ន្ធនេះនៅប្រទេសថៃបាន។
២៖ ជួយសម្រួលដល់អតិថិជនក្នុងការប្រើប្រាស់ មានន័យថាអតិថិជនអាចទូរទាត់ ដោយភាពងាយស្រួលដោយមិនចាំបាច់ នាំសាច់ប្រាក់សុទ្ធទៅទូរទាត់ ដែលអាចបណ្ដាលឲ្យមានហានីភ័យដូចជាការបាត់បង់ ឬចោរកម្មជាដើម។
៣៖ ហានីភ័យអត្រាប្ដូរប្រាក់មានន័យថា ពេលណាប្ដូរលុយធ្វើឲ្យខាតបង់ដោយការកាត់ទឹក ហើយនៅពេលប្ដូរហើយចាយមិនអស់ ត្រូវប្ដូរត្រឡប់មកវិញក៏ត្រូវកាត់ទឹកម្ដងទៀត។ ដោយឡែកសម្រាប់ការប្រើប្រាស់តាមប្រព័ន្ធ QR Code វិញគឺមានន័យថា ពលរដ្ឋគាត់ប្ដូរ ដើម្បីចាយវាយទៅតាមអ្វីដែលពួកគាត់ត្រូវការប៉ុណ្ណោះ ហើយនេះជាផលចំនេញមួយទៀត។
លោកស្រី ជា សិរី ឲ្យដឹងទៀតថា ការទូរទាត់ដោយប្រើ QR Code មានអត្ថប្រយោជន៍ ក្នុងការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ និងសម្រួលប្រតិបត្តិការទូរទាត់ ដោយសារតែបានកាត់បន្ថយចំណាយប្រតិបត្តិការ និងពង្រឹងសុវត្ថិភាពក្នុងការទូរទាត់។
ក្នុងនោះលោកស្រី ជា សិរី បានពន្យល់យ៉ាងលម្អិតផងដែរ អំពីការទូរទាត់តាមប្រព័ន្ធ QR Code រវាងកម្ពុជា-ថៃ ដើម្បីបញ្ចៀសការយល់ច្រឡំពីបងប្អូនប្រជាពលរដ្ឋ ដោយគិតថាអាចយកប្រាក់រៀលទៅចាយនៅប្រទេសថៃបាននោះ។
លោកស្រីបញ្ជាក់យ៉ាងដូច្នេះថា «ការទូរទាត់ប្រាក់រៀលនៅក្នុងប្រទេសថៃ មិនមែនមានន័យថា បងប្អូនប្រជាពលរដ្ឋត្រូវកាន់លុយរៀល ទៅចាយនៅក្នុងប្រទេសថៃឡើយ ប៉ុន្ដែយើងទូរទាត់ទៅតាមប្រព័ន្ធធនាគារ កាលណាយើងប្រើប្រាស់ប្រព័ន្ធ QR Code នេះគឺ យើងមិនកាន់លុយរៀលទៅទូទាត់មែន ប៉ុន្ដែទូរទាត់ទៅតាមប្រព័ន្ធធនាគារ ហើយធនាគារ និងធនាគារគេនឹងធ្វើការប្ដូរប្រាក់ពីលុយខ្មែរ ទៅជាលុយបាត ដើម្បីទូរទាត់ទៅលើអ្វីមួយដែលយើងបានជាវ»។
លោកស្រីបន្ដទៀតថា ការងារទាំងអស់នេះធ្វើនៅក្នុងប្រព័ន្ធធនាគារ ដោយឥតមានត្រូវការលុយរៀលទៅប្រើប្រាស់ឡើយ អ្វីៗគឺធ្វើទៅតាមប្រព័ន្ធអេឡិចត្រូនិក។
សូមជម្រាបថា ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្ដាលថៃ បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ក្នុងការដាក់ឲ្យប្រើប្រាស់សាកល្បង គម្រោងទូទាត់សាច់ប្រាក់រៀល និងប្រាក់បាតថៃតាមរយៈប្រព័ន្ធ QR Code កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៩ ហើយគម្រោងនេះនឹងប្រើប្រាស់ផ្លូវការនៅចុងឆ្នាំនេះផងដែរ៕