(កណ្ដាល)៖ លោក គុណ ញឹម អនុប្រធានទី១ ក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកៀនស្វាយ តំណាងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធ មុន្នីរត័្ន ប្រធានក្រុមការងារថ្នាក់ជាតិជួយខេត្តកណ្តាល នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩នេះ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់តំណែង ក្រុមប្រឹក្សាស្រុកកៀនស្វាយ អាណត្តិទី៣ ដោយលោក ជា ប៊ុនធឿន ជាប្រធានក្រុមប្រឹក្សា។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោក គុណ ញឹម បានអបអរសាទរកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះសមាជិកក្រុមប្រឹក្សា ដែលត្រូវបានតំណាងប្រជាពលរដ្ឋ គឺសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ផ្តល់សេចក្តីទុកចិត្តបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សា ស្រុកអាណត្តិទី៣ ដើម្បីបន្តដឹកនាំស្រុកឲ្យបន្តអភិវឌ្ឍន៍រីកចម្រើន លើគ្រប់វិស័យជាបន្តទៀតរដ្ឋបាលស្រុកកៀន មានសមាជិកក្រុមប្រឹក្សាចំនួន២១រូប។

លោក គុណ ញឹម បានបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩
កន្លងមកត្រូវបានវាយតម្លៃថាមានលក្ខណៈ សេរី ត្រឹមត្រូវ យុត្តិធម៌ និងគ្មានអំពើហិង្សា ហើយលទ្ធផល នៃការបោឆ្នោតត្រូវបានទទូលស្គាល់ ពីគណបក្សនយោបាយនានា ដែលបានចូលរួមក្នុងការបោះឆ្នោតផងដែរ។

លោកបានណែនាំឲ្យសមាជិកក្រុមប្រឹក្សាទាំងអស់ ត្រូវខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋទាំងអស់ ដោយស្មើភាព ដោយយុត្តធម៌ ដោយមិនត្រូវប្រកាន់និន្នាការគណបក្សនយោបាយឡើយ ហើយក្រុមប្រឹក្សា គណៈអភិបាល មន្រ្តីរាជការ និងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ត្រូវខិតខំពង្រឹងស្មារតី សាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ ដោយឈរលើមូលដ្ឋាន នៃការលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោរពគោលនយោបាយនានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការដើម្បីលើកកម្ពស់ការទទូលខុសត្រូវ និងភាពជាម្ចាស់របស់មន្រ្តីនៅក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនសំដៅអភិវឌ្ឍន៍មូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

លោក គុណ ញឹម ក៏បានណែនាំដល់ក្រុមប្រឹក្សាស្រុកកៀនស្វាយ និងមន្រ្តីពាក់ព័ន្ធត្រូវខិតខំបំពេញការងាររួមគ្នា ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗ ថែមទៀតក្នុងរយៈ៥ឆ្នាំខាងមុខនេះ។ រដ្ឋបាលស្រុកកៀនស្វាយ ត្រូវខិតខំសម្រួល និងពង្រឹងការងារ ផ្តល់សេវាតាមអង្គភាពច្រកចេញចូលតែមួយនៅសាលាស្រុក ដើម្បីបង្កលក្ខណៈងាយស្រួល ជូនប្រជាពលរដ្ឋមកទទួលសេវា ព្រមទាំងពិនិត្យតាមដាន និងគាំទ្រដលដំណើរការ ដើម្បីធានាការផ្តលសេវារដ្ឋបាលទាំងនេះ ប្រកបដោយតម្លាភាព និងគណនេយ្យភាពស្របតាមគោលការណ៍បែបបទ និងនីតិវិធីដែលបានកំណត់។

សូមបញ្ជាក់ថា លោក ជា ប៊ុនធឿន ត្រូវបានជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សាស្រុកកៀនស្វាយ ហើយពិធីនេះក៏មានការប្រកាសតែងតាំង
អភិបាលរងស្រុកកៀនស្វាយ១រូបផងដែរ៕