(កំពត)៖ លោក មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ និងជាជនបង្គោល នៃអនុសញ្ញាសហប្រជាជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងរហោស្ថានកម្ម និងការធ្លាក់ចុះគុណភាពដី បានអះអាងថា សព្វថ្ងៃនេះកម្ពុជា ពុំទាន់រងគ្រោះដោយសារ រហោស្ថាននៅឡើយនោះទេ តែមានបញ្ហាធ្លាក់ចុះគុណភាពដី ដោយសារការប្រើប្រាស់ដីពុំត្រឹមត្រូវ និងការបាត់បង់ព្រៃឈើ។
ការលើកឡើងបែបនេះ របស់លោក មាស ពិសិដ្ឋ បានធ្វើឡើងនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ ក្នុងទិវាពិភពលោក ដើម្បីប្រយុទ្ធប្រឆាំង នឹងរហោស្ថានកម្ម ឆ្នាំ២០១៩ និងខួបលើកទី២៥ នៃ UNCCD ក្រោមប្រធានបទ «សូមរីកចម្រើនទាំងអស់គ្នានាពេលអនាគត» ក្រោមអធិបតីភាពលោក ម៉ម អំណត់ រដ្ឋលេខាធិការក្រសួងកសិកម្ម តំណាងរដ្ឋមន្រ្តី វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ជាវ តាយ អភិបាលខេត្តកំពត ដោយធ្វើឡើងនៅសហគមន៍ព្រៃឈើដំណាក់អ្នកតាថ្មពូន ឃុំស្រែក្នុង ស្រុកជុំគីរី ខេត្តកំពត។
លោក មាស ពិសិដ្ឋ បានបញ្ជាក់បន្ថែមថា ការធ្លាក់ចុះគុណភាពដីកើតឡើងទូទាំងប្រទេសសព្វថ្ងៃដែលទាមទារឱ្យមានវិធានការដើម្បីទប់ស្កាត់ និងស្ដារឡើងវិញនូវគុណភាពដី បើពុំមានវិធានការច្បាស់លាស់នោះ វានឹងបង្ករផលប៉ះពាល់ធ្ងន់ធ្ងរលើផលកសិកម្ម។ ជាដំណោះស្រាយ ក្រសួងកសិកម្មជាសេនាធិការរបស់រដ្ឋាភិបាល កំពុងបង្កើតក្រុមការងារ ដើម្បីបំពេញការងារលើយុទ្ធសាស្រ្តសំខាន់ចំនួន២ ដើម្បីទប់ស្កាត់ការធ្លាក់ចុះគុណភាពដី។
មន្រ្តីជំនាញនៃក្រសួងកសិកម្មរូបនេះ បានលើកឡើងថា បច្ចុប្បន្នភាពកម្ពុជា ពុំទាន់រងគ្រោះដោយសារ រហោស្ថាកម្មនោះទេ ដោយមានតែបញ្ហាធ្លាក់ចុះនូវគុណភាពដីតាមតំបន់មួយចំនួនប៉ុណ្ណោះ ដោយសារតែមានការប្រើប្រាស់ដីពុំត្រឹមត្រូវ និងហួសកម្រិត។
បន្ថែមពីនេះលោក ម៉ម អំណត់ ក៏បានលើកឡើងដែរថា រហោស្ថានកម្ម ឬការធ្លាក់ចុះគុណភាពដីដែលនាំឱ្យមានការថយចុះ ឬបាត់បង់ភាពសេដ្ឋកិច្ចនៃដីស្រែចម្ការ វាលស្មៅ និងព្រៃឈើ តែងតែកើតឡើងដោយសារការបាត់បង់ព្រៃឈើ និងប្រព័ន្ធបរិស្ថានព្រៃឈើ ការធ្វើសកម្មភាពលើសកំណត់ ឬលើសសមត្ថភាពរបស់ដី ការដាំដំណាំតែមួយមុខ ការប្រើជី និងថ្នាំកសិកម្មលើសកម្រិត ឬមិនត្រឹមត្រូវតាមបច្ចេកទេស និងកត្តាធម្មជាតិនានា ជាពិសេស គឺការប្រែប្រួលអាកាសធាតុ។
លោកបានបន្តថា បញ្ហាទាំងនេះ បានទាញនូវចំណាប់អារម្មណ៍ជាសាកល ជាពិសេសរបស់សហគមន៍ជាតិ និងអន្តរជាតិ ចំពោះផលប៉ះពាល់ លើផ្នែកសេដ្ឋកិច្ចសង្គម និងបរិស្ថានដែលធ្វើឱ្យមនុស្សជាតិ នៅលើពិភពលោកប្រមាណជាង២៥០លាននាក់ បាននឹងកំពុងទទួលរង នូវផលប៉ះពាល់នេះ។ ជាក់ស្តែងកម្ពុជា ក៏ទទួលរងគ្រោះផងដែរ ពីការប្រែប្រួលអាកាសធាតុ ដូចជាការកើនកម្តៅ គ្រោះរាំងស្ងួត និងខ្យល់ព្យុះ ដែលកំពុងតែជួបប្រទះកាន់តែច្រើនឡើងនាពេលបច្ចុប្បន្ននេះ។
លោក ម៉ម អំណត់ បានបញ្ជាក់ថា បច្ចុប្បន្ននេះ យើងទទួលស្គាល់ថា រហោស្ថានកម្ម ឬការធ្លាក់ចុះគុណភាពដីមិនទាន់ត្រូវបានពិភពលោក
យកចិត្តទុកដាក់ឱ្យបានគ្រប់គ្រាន់នៅឡើយទេ ទោះបីជាអ្នកវិទ្យាសាស្ត្រ និងប្រទេសជាច្រើនបានអះអាងថា មនុស្សជាតិអាចទប់ស្ងាត់ ឬប្រយុទ្ធប្រឆាំងនឹងបញ្ហានោះបាន។ ជាពិសេសតាមរយៈការពង្រឹងការចូលរួមរបស់សហគមន៍ និងការធ្វើកិច្ចសហប្រតិបត្តិការ នៅគ្រប់កម្រិតក៏ដោយ។
ដូច្នេះ រហោស្ថានកម្ម ឬការប្រែក្លាយដីមានជីជាតិទៅជាវាលខ្សាច់ ឬដីដែលមិនអាចអនុគ្រោះឱ្យប្រកបរបរកសិកម្ម និងរស់នៅនោះ កំពុង ត្រូវបានពិភពលោកទាំងមូលទទួលស្គាល់ថា ជាបញ្ហាបរិស្ថានមួយយ៉ាងចម្បង ដែលជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរទៅ លើស្ថានភាពរស់នៅ របស់ប្រជាពលរដ្ឋក្នុងតំបន់ជាច្រើន នៃពិភពលោកទាំងមូល ហើយបានវាយតម្លៃថា ដីមានទំនាក់ទំនងយ៉ាងជិតស្និទ្ធក្នុងការផ្តល់ នូវដំណោះស្រាយ ចំពោះបញ្ហាប្រឈមនានានៅក្នុងការអភិវឌ្ឍ ដូចជាការ ពង្រឹងសន្តិសុខស្បៀង ការកាត់បន្ថយភាពក្រីក្រ ការកាត់បន្ថយ និងការបន្ស៉ាំទៅនឹងឥទ្ធិពល នៃការប្រែប្រួលអាកាសធាតុ ការរក្សាធនធានទឹក និងថាមពល ការជំរុញកំណើនប្រកបដោយបរិយាប័ន្ន។
ជាមួយគ្នានេះដែរលោក ជាវ តាយ បានថ្លែងថា ការរៀបចំទិវាទិវាពិភពលោកដើម្បីប្រយុទ្ធប្រឆាំងនឹងរហោស្ថានកម្ម ឆ្នាំ២០១៩ និងខួបលើកទី២៥ នៃUNCCD នៅទីនេះគឺជាសកម្មភាពដ៏ឧត្តុងឧត្តមដែលយើងទាំងអស់គ្នារួបរួមស្តារ និងអភិរក្សប្រភពធនធានដ៏សំខាន់នេះ ឱ្យបានគង់វង្ស ដោយជម្រុញចលនាប្រជាពលរដ្ឋគ្រប់រូបនៅតាមមូលដ្ឋាន ព្រះសង្ឃគ្រប់ព្រះអង្គនៅតាមវត្តអារ៉ាម ឱ្យចូលរួមសកម្មភាពដាំដើមឈើ ឱ្យបានច្រើនសម្រាប់ឧត្តមប្រយោជន៍ជាតិ។ ជារៀងរាល់ឆ្នាំ អាជ្ញាធរខេត្តបានដឹកនាំរៀបចំប្រារព្ធពិធីរុក្ខទិវា ដាំដើមឈើ នៅក្នុងវត្តអារ៉ាម និងតាមដងផ្លូវនានាក្នុងខេត្ត។
ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បាននាំមកនូវសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសង្គមល្អប្រសើរ និយាយជារួម និងនិយាយដោយឡែកសម្រាប់ទឹកដីខេត្តកំពត មានការអភិវឌ្ឍន៍លើគ្រប់វិស័យរួមមាន៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ស្ពាន ផ្លូវ សាលារៀន មន្ទីរពេទ្រ វត្តអារ៉ាម ពិសេសការកែលម្អសោភ័ណភាពក្រុង និងទីប្រជុំជន។
លោកបានបន្តថា ប្រជាពលរដ្ឋខេត្តកំពត មានប្រមាណជា ៧៤% បានប្រកបមុខរបរកសិកម្ម ដែលក្នុងឆ្នាំ ២០១៨កន្លងទៅនេះ ការងារបង្កបង្កើនផលស្រូវអនុវត្តន៍បាន ១៤២ ២៩៩ហិកតា ស្មើនឹង១០៧,៨០% លើផែនការ ១៣២,០០០ហិកតា ដោយទទួលបានបរិមាណផលស្រូវសរុប ៤៩៣,៤០៤តោន។ ខេត្តក៏នៅមានដំណាំកសិ-ឧស្សាហកម្មមួយចំនួនទៀត ដែលកំពុងដាំដុះ និងការផ្តល់ទិន្នផលជារៀងរាល់ឆ្នាំដូចជា៖ ចេក, ម្រេច, ធុរេន, ដូង, ស្វាយ, អំពៅ, កៅស៊ូដោយបាននឹងកំពុងផ្គត់ផ្គង់ផលនៅទីផ្សារក្នុង និងក្រៅប្រទេស៕