(មណ្ឌលគិរី)៖ លោក ងី ចន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានក្រើនរំលឹកដល់មន្ត្រីរាជការថ្នាក់ នៅក្រោមជាតិឲ្យបន្តខិតខំអនុវត្តលើកិច្ចការភូមិ-ឃុំ មានសុវត្ថិភាព បង្ក្រាប និងទប់ស្កាត់បទល្មើសផ្សេងៗ ដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់ឲ្យបានល្អប្រសើរជូនប្រជាពលរដ្ឋ។
ថ្លែងបែបនេះក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីភាព ប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តចំនួន ១៥រូប ដោយមានការចូលរួមពិសំណាក់លោក ស្វាយ សំអ៊ាង អភិបាលខេត្ត ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលសដ្ឋានខេត្ត ព្រមទាំង លោក លោកស្រី ប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត បានប្រព្រឹត្តទៅសាលាខេត្តមណ្ឌលគិរី នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ងី ចន្ទ្រផល បានជំរុញដល់គណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត ត្រូវជំរុញលើកទឹកចិត្តឲ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានឲ្យ ចូលរួមបន្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ដើម្បីរួមគ្នាបង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទនៅតាមបូលដ្ឋានរៀងៗខ្លួន ពិសេសបទលើ្មសគ្រឿងញៀន ការជួញដូរមនុស្ស អំពើចោរកម្ម ល្បែងស៊ីសងជាដើម ត្រូវខិតខំពង្រឹងវិធានការរដ្ឋបាលនិង វិធានការច្បាប់ឲ្យម៉ឺងម៉ាត់ បន្តលើកកម្ពស់សណ្តាប់ធ្នាប់ សុវត្ថិភាពសាធារណៈ ពិសេសត្រូវបន្តធ្វើការផ្សព្វផ្សាយអប់រំច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យបានទូលំទូលាយ និងប្រើប្រាស់វិធានការផ្លូវច្បាប់ ដើម្បីបញ្ចៀសកុំឲ្យប្រជាពលរដ្ឋមានគ្រោះថ្នាក់ចរាចរណ៍បន្ថែមទៀតនិងត្រូវមានការទទួលខុសត្រូវក្នុងការលុបបំបាត់ប៉ុស្តិ៍ ត្រួតពិនិត្យមិនស្របច្បាប់ ដែលកើតមានឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
ក្រុមការងារចុះមូលដ្ឋាន ត្រូវយកចិត្តទុកដាក់សម្របសម្រួលរៀបចំវេទិកាសាធារណៈ ដើម្បីផ្តល់ឱកាសដល់ ប្រជាពលរដ្ឋមតិ និងលើកឡើងនូវបញ្ហាប្រឈមនានា ដើម្បីរួមគ្នាដោះស្រាយបញ្ហាទាំងនោះក្នុងមូលដ្ឋានជូនប្រជាពលរដ្ឋ។
លោក ស្វាយ សំអ៊ាង បានថ្លែងថា ការប្រកាសចូលកាន់មុខតំណែងរបស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣នេះមានសារសំខាន់ ដើម្បីក្រុមប្រឹក្សាបន្តសុពលភាព និងបន្តដឹកនាំការងារនៅក្នុងអាណត្តិថ្មីរបស់ខ្លួន នៅក្នុងរដ្ឋបាលខេត្តបន្តទៀត។
លោកក៏បានស្នើដល់ក្រុមប្រឹក្សាខេត្ត ដែលទើបទទួលចូលកាន់មុខតំណែងថ្មី សូមបន្តពង្រឹងទំនាក់ទំនងផ្ទៃក្នុងក្រុមប្រឹក្សា និងទំនាក់ទំនងល្អជាមួយ គណៈអភិបាលខេត្ត ឲ្យបានកាន់តែ ជិតស្និទ្ធនៅក្នុងជួរថ្នាក់ដឹកនាំ ព្រមទាំងជាមួយមន្ត្រីរាជការទាំងអស់ ដោយគោរពទៅតាមតួនាទី ភារកិច្ច និងឋានានុក្រមការងារ ក្តាប់សភាពការណ៍ស្ថានភាពសុខទុក្ខលំបាករបស់ប្រជាពលរដ្ឋ ចូលរួមជម្រុញលើកទឹកចិត្ត និងលើក កម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ សំដៅរួមគ្នាកសាងនិងអភិវឌ្ឍន៍ខេត្ត ឲ្យកាន់តែមានការរីកចម្រើនឈានឡើងថែមទៀត ។សូមបញ្ជាក់ថា ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣នេះ មានសរុបចំនួន ១៥រូប ក្នុងនោះ ស្រី ចំនួន០៣រូប៕