(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៧ ខែមិថុ នា ឆ្នាំ២០១៩នេះ បានចេញសេចក្ដីជូនដំណឹង ស្តីពី ការព្យាករអាកាសធាតុសម្រាប់រដូវវស្សា ឆ្នាំ២០១៩។
ក្រសួងធនធានទឹកបានឲ្យដឹងថា បន្ទាប់ពីបានធ្វើការពិនិត្យតាមដាន លើស្ថានភាពអាកាសធាតុរួចមក ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជន ឲ្យបានជ្រាបថា៖ បាតុភូត អែលនីណូ (El Nino) ដែលមានឥទ្ធិពលខ្លាំងមកលើកម្ពុជា កាលពីក្នុងរដូវប្រាំងកន្លងមកនោះ បានចុះថមថយឥទ្ធិពលជាលំដាប់។
ក្នុងសេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក បានបន្ថែមទៀតថា ទន្ទឹមនឹងនេះ បាតុភូតធម្មជាតិនៃវស្សានរដូវ ដូចជាខ្យល់មូសុងនិរតីប្រព័ន្ធសម្ពាធទាប សម្ពាធទាប...ក៏បាន និងកំពុងកើតឡើង និងបង្កើនឥទ្ធិពល ជាបន្តបន្ទាប់។
យោងតាមការព្យាករអាកាសធាតុ សម្រាប់រដូវវស្សា ឆ្នាំ ២០១៩ មានស្ថានភាពដូចខាងក្រោម៖
ក៖ ទឹកភ្លៀង
* ចាប់ពីដើមសប្តាហ៍ទី៣ នៃខែមិថុនា រហូតដល់ពាក់កណ្តាលខែកក្កដា ភ្លៀងនឹងបន្តធ្លាក់រាយប៉ាយបានល្អ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ក្នុងកម្រិតពីតិចទៅបង្គួរ។
* ចាប់ពីដើមខែសីហា រហូតដល់ខែកញ្ញា ភ្លៀងនឹងបន្តធ្លាក់រាយប៉ាយ ក្នុងកម្រិតពីមធ្យមទៅច្រើន ដែលអាចធ្វើឲ្យបណ្តាខេត្តមួយចំនួន ជាពិសេសបណ្តាខេត្តនៅតំបន់ទំនាបកណ្តាល និងនៅតំបន់មាត់សមុទ្រ អាចប្រឈមនឹងជំនន់ទឹកភ្លៀង។
* ចាប់ពីដើមខែតុលា រហូតដល់ពាក់កណ្តាលខែវិច្ឆិកា (ចុងរដូវវស្សា) ភ្លៀងនឹងបន្តធ្លាក់ក្នុងកម្រិតពីតិច ទៅមធ្យម។
ខ៖ កូនរដូវប្រាំង៖ អាចមានកូនរដូវប្រាំងកើតមានឡើង ចាប់ពីចុងខែកក្កដា ដល់ដើមខែសីហា តែបញ្ហាប្រឈម នឹងមិនមានលក្ខណៈធ្ងន់ធ្ងរទេ ដោយសារភ្លៀងបានធ្លាក់នៅចុងខែកក្កដា មានបរិមាណល្អបង្គួរ ។
គ៖ ស្ថានភាពព្យុះ៖ នៅក្នុងឆ្នាំ២០១៩នេះ អាចនឹងមានព្យុះកើតឡើងពី ២៤-២៦ព្យុះ។ ព្យុះមួយចំនួនធំ ដែលកើតឡើងនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក នឹងធ្វើដំណើរឆ្លងចូលសមុទ្រចិនខាងត្បូង ហើយដែលអាចមានឥទ្ធិពល មកលើប្រទេសកម្ពុជា និងតំបន់អាងទន្លេមេគង្គ៕