(កណ្តាល)៖ នាព្រឹកថ្ងៃចន្ទ ១៥កើត ខែជេស្ឋ ឆ្នាំកុរ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ លោក គង់ វិបុល ប្រតិភូរាជ រដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ពន្ធដារ តំណាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកណ្តាល ក្នុងកម្មវិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុកល្វាឯម អាណត្តិទី៣ នៅសាលាស្រុកល្វាឯម ខេត្តកណ្ដាល។
ពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុកល្វាឯមបានប្រារព្ធធ្វើនៅសាលាស្រុកល្វាឯម ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកអភិបាលស្រុក នគរបាល កងរាជអាវុធហត្ថ មេឃុំ មេភូមិ និងប្រជាពលរដ្ឋផងដែរ។
ថ្លែងក្នុងឱកាសនោះ លោក គង់ វិបុល បានអបអរសាទរចំពោះសមាជិក-សមាជិកាក្រុមប្រឹក្សាស្រុកល្វាឯម ដែលទើបទទួលបានការតែងតាំងថ្មីនៅពេលនេះ។
លោកបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមាជិកភាពក្រុមប្រឹក្សាស្រុក ដែលត្រូវបានតំណាងប្រជាពលរដ្ឋ ជាសមាជិកក្រុមប្រឹក្សាឃុំ បានផ្តល់នូវសេចក្តីទុកចិត្ត បោះឆ្នោតជ្រើសរើសជាសមាជិកក្រុមប្រឹក្សាស្រុក អាណត្តិទី៣ ដើមី្បបន្តដឹកនាំស្រុកល្វាឯម និងបន្តអភិវឌ្ឍន៍មូលដ្ឋាន ឱ្យមានការីកចម្រើន លើគ្រប់វិស័យបន្ថែមទៀត។
លោកបានក្រើនរំលឹកឱ្យក្រុមប្រឹក្សាស្រុក អាណត្តិទី៣ ព្រមទាំងគណៈអភិបាលស្រុក និងឃុំ-សង្កាត់ ត្រូវបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ ចំពោះប្រទេសជាតិ និងប្រជាជនក្នុងស្រុកល្វាឯមទាំងមូល ស្របតាមគោលការណ៍ និងនីតិវិធីដែលច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមានបានកំណត់, និងត្រូវយកចិត្តទុកដាក់លើកិច្ចការអាទិភាព, ការផ្តល់សេវាសាធារណៈ និងការដោះស្រាយ បញ្ហាប្រឈមនៅមូលដ្ឋាន, និងការធានាសន្តិសុខ, សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឱ្យបានល្អ ប្រសើរជូនប្រជាពលរដ្ឋ។
លោក គង់ វិបុល បានលើកឡើងថា ដើមី្បសម្រេចបានភារកិច្ចទាំងនេះ សមាជិកភាពក្រុមប្រឹក្សាស្រុកទាំងអស់ ត្រូវខិតខំពង្រឹងស្មារតី សាមគ្គីឯកភាពផ្ទៃក្នុងឱ្យបានល្អក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ និងកងកម្លាំងសមត្ថកិច្ច ដើមី្បលើកកម្ពស់ការទទួលខុសត្រូវ ភាពម្ចាស់ការ ក្នុងការបំពេញតួនាទីភារកិច្ច សំដៅអភិវឌ្ឍន៍មូលដ្ឋាន ក្នុងការឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន៕