(ភ្នំពេញ)៖ សំណុំរឿងមិនប្រក្រតីប្ដឹងផ្ដល់គ្នារវាងលោក ឡៅ ស៊ុនប៉ា ប្ដឹងរឹបអូសយកផ្ទះឧកញ៉ា យិន សុវណ្ណី មិនទាន់បញ្ចប់នៅឡើយទេ ដោយសារតែឧកញ៉ា យិន សុវណ្ណី ចាត់ ទុកថាជារឿងអយុត្តិធម៏សំរាប់រូបលោកដែលអូសបន្លាយជាយូរឆ្នាំមកហើយ។ កន្លងមកសំណុំរឿងនេះ ត្រូវបានអាជ្ញាសាលា សាលាដំបូងរាជធានីភ្នំពេញម្នាក់ឈ្មោះ ស៊ុន លៀងហេង បង្កើតសំណុំរឿងចុះអនុវត្តក្លែងក្លាយដើម្បីរឹបអូសយកផ្ទះរបស់ជនរងគ្រោះ តែត្រូវបានអាក់ខានវិញដោយសារតែជនរងគ្រោះប្ដឹងបកវិញ ហើយថ្មីៗនេះ ស្រាប់តែអាជ្ញាសាលាដដែលរូបនេះ ចេញអនុវត្តជាលើកទី២ដោយយកសំណុំរឿងអនុវត្តក្លែង ក្លាយដដែលមកអនុវត្តបន្ត ខណៈសំណុំរឿងក្លែងក្លាយខាងលើ ភាគីជនរងគ្រោះបានប្ដឹងទៅអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ហើយព្រះរាជអាជ្ញាកំពុងមានចំណាត់ការ ក៏ដោយ។
មិនតែប៉ុណ្ណោះនៅ ពេលដែលមន្ត្រីអាជ្ញាសាលានៅតែព្យាយាមអនុវត្ត សំណុំរឿងក្លែងក្លាយបន្ត នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ ជនរងគ្រោះបានដាក់ ពាក្យបណ្ដឹងទៅស្ថាប័ន២ បន្ថែមទៀត គឺប្ដឹងទៅក្រសួងយុត្តិធម៌ និងអង្គភាពប្រឆាំងអំពើពុករលួយ(ACU)។
សូមរំលឹកផងដែរ ជុំវិញការចុះអនុវត្តដោយបង្កើតសំណុំរឿងក្លែងក្លាយដើម្បីរឹបអូសផ្ទះជនរងគ្រោះពីសំណាក់មន្ត្រីអាជ្ញាសាលាខាងលើ អាជ្ញារូបនេះធ្លាប់បានរងបណ្ដឹងពី ជនរងគ្រោះម្ដងរួចមកហើយដែលកាលណោះជនរងគ្រោះបានដាក់ពាក្យបណ្ដឹង កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ខ្លឹមសារ នៃពាក្យបណ្ដឹង លោក យិន សុវណ្ណី បានប្ដឹងអាជ្ញាសាលានៅសាលដំបូងរាជធានីភ្នំពេញ ឈ្មោះ ស៊ុន លៀងហេង ពីបទព្រហ្មទណ្ឌដោយចោទថាអាជ្ញាសាលារូបនេះបង្កើត សំណុំរឿងក្លែងក្លាយដើម្បីរឹបអូសផ្ទះរបស់ខ្លួន។
បណ្ដឹងនោះបានធ្វើឲ្យផ្អាកការចុះអនុវត្តដែលកាលនោះគ្រោងចុះអនុវត្តសំណុំរឿងក្លែងក្លាយរឹបអូសផ្ទះ នៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង៨ និង៣០នាទីព្រឹក។
ការផ្អាកចុះអនុវត្តន៍មិនបានប៉ុន្មានផង ស្រាប់តែអាជ្ញាសាលាឈ្មោះ ស៊ុន លៀងហេង បានចេញផែនការជាលើកទី២ម្ដងទៀតដោយ គ្រោងចុះអនុវត្តនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង៨ និង៣០នាទី ព្រឹកខាងមុខនេះម្ដងទៀត ។ជុំវិញការគ្រោងចុះអនុវត្តជាលើកទី២នេះ លោក យិន សុវណ្ណី បានប្ដឹងអាជ្ញាសាលាបន្ថែម២ស្ថាប័នទៀត គឺប្ដឹងទៅក្រសួងយុត្តិធម៌ និងអង្គភាពប្រឆាំងអំពើពុករលួយតែម្ដង។
គួររំលឹកផងដែរថា សំណុំរឿងក្ដីក្ដាំរបស់លោក យិន សុវណ្ណី និងលោកឡៅ ស៊ុនប៉ា បានប្ដឹងផ្ដល់គ្នាតាំងពី២០០៩ មកម្ល៉េះ ហើយច្បាប់ស្ដីក្រមនីតិវិធីរដ្ឋប្បវេណី នៃព្រះរាជា ណាចក្រកម្ពុជា ត្រូវបានរដ្ឋសភ អនុម័តខែឧសភា ឆ្នាំ ២០០៦ និងត្រូវផ្សព្វផ្សាយច្បាប់នេះ១ឆ្នាំទើបអនុវត្តជាផ្លូវការ។ ចំពោះសំណុំរឿងអនុវត្តិក្លែងក្លាយនេះ បែរជាកើតមុនការ ប្ដឹងផ្ដល់គ្នា និងកើតមុនច្បាប់ទៅទៀត។រឿងក្ដីមួយនេះ ធ្វើឲ្យមានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មហាជន ហើយគេរង់ចាំមើលថា តើដំណាក់កាលចុងក្រោយ និងទៅជា យ៉ាងណា?៕