(ភ្នំពេញ)៖ ទន្តបណ្ឌិត ទៀង ឆ្នើម ម្ចាស់ជ័យលាភីលេខ១ ការប្រកួតជួញដូរភាគហ៊ុន ឆ្នាំ២០១៩ បានចែកបទពិសោធន៍ អំពីវិធីសាស្ដ្រមួយចំនួន ក្នុងការជួញដូរភាគហ៊ុនឲ្យចំណេញ ។

ក្នុងកិច្ចសម្ភាសកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» ទន្តបណ្ឌិត ទៀង ឆ្នើម បាននិយាយថា «ការជួញដូរផ្សារមូលបត្រ មិនថានៅក្នុងកម្ពុជា ឬក៏នៅតាមប្រទេសផ្សេងៗនោះទេ គឺថាការជួញដូរផ្សារមូលបត្រ អាចធ្វើទៅបានដោយប្រជាពលរដ្ឋទូទៅ មិនថាគាត់ មានអាជីពជាផ្នែកអ្វីនោះទេ»។

ទន្តបណ្ឌិត ទៀង ឆ្នើម បន្ដទៀតថា ការជួញដូរនៅលើផ្សារមូលបត្រ វាមិនចំណាយពេលច្រើន ឬក៏ត្រូវទៅទីផ្សារផ្ទាល់ ដើម្បីអាចធ្វើការជួញដូរបាននោះទេ គឺអាចធ្វើបានតាមរយៈផ្សេងៗ ដូចជា Email ទូរស័ព្ទ Smart Phone និងវេបសាយ-ល-។

លោកបានលើកឡើងថា «វិស័យនេះមិនមែនសម្រាប់តែវិនិយោគិន ដែលគាត់ធ្លាប់មានបទពិសោធន៍ ផ្នែកសេដ្ឋកិច្ច និង Business ឬមួយការងារផ្សេងៗទេ គឺប្រជាជនទូទៅទាំងអស់ ទោះបីគាត់គ្មានការងារធ្វើអីក៏ដោយ ឲ្យតែគាត់ស្វែងយល់ពីវិស័យនេះ អាចធ្វើបានទាំងអស់»

ម្ចាស់ជ័យលាភីលេខ១ ក្នុងការជួញដូរភាគហ៊ុនឆ្នាំ២០១៩ បានបញ្ជាក់ថា «ដើម្បីឲ្យបានលទ្ធផលល្អ និងជោគជ័យ យើងចាំបាច់ត្រូវស្វែងយល់អំពីព័ត៌មានទាក់ទង និងការប្រែប្រួលនៃភាគហ៊ុន និងការប្រែប្រួលនៃក្រុមហ៊ុននីមួយៗ ដែលបានដាក់លក់ នៅលើទីផ្សារភាគហ៊ុន»។

ទន្តបណ្ឌិត ទៀង ឆ្នើម បានបញ្ជាក់ទៀតថា ចំពោះវិស័យមូលបត្រនៅកម្ពុជា មានភាពងាយស្រួលច្រើន ដោយសារបច្ចេកវិទ្យា មានការរីកចម្រើន ហើយផ្នែកផ្សារមូលបត្រកម្ពុជា បានអភិវឌ្ឍន៍នូវបច្ចេកទេស ដែលអាចឲ្យយើងជួញដូរតាមទូរស័ព្ទដៃបាន។

ជាមួយគ្នានោះ លោកជឿជាក់ថា អនាគតការរីកចម្រើននៃវិស័យផ្សារមូលបត្រកម្ពុជា និងមានសន្ទុះខ្លាំង។

ទន្តបណ្ឌិត ទៀង ឆ្នើម បានលើកទឹកចិត្ត ឲ្យប្រជាជនកម្ពុជា ក៏ដូចជាប្រពលរដ្ឋទូទៅ មិនថាមានវិជ្ជាជីវៈអ្វីនោះទេ សូមចូលរួមទាំងអស់គ្នា ដើម្បីអភិវឌ្ឍន៍វិស័យមូលបត្រ ឬក៏វិស័យភាគហ៊ុននៅកម្ពុជា ពីព្រោះថា វាមានអត្ដប្រយោជន៍ ជួយកៀរគរដើមទុនសេដ្ឋកិច្ច សម្រាប់អភិវឌ្ឍន៍ប្រទេសកម្ពុជា ឲ្យមានការរីកចម្រើនទាំងអស់គ្នា។

សូមបញ្ជាក់ថា ម្ចាស់ជ័យលាភីលេខ១ នៃការប្រកួតជួញដូរភាគហ៊ុន ឆ្នាំ២០១៩រូបនេះ បានចំណេញជិត២៥០ភាគរយ ក្នុងរយៈពេលជួញដូរ ត្រឹមតែ២ខែកន្លះប៉ុណ្ណោះ និងទទួលបានប្រាក់រង្វាន់ ចំនួន៨លានរៀល៕