(ភ្នំពេញ)៖ ដើម្បីគ្រប់គ្រង និងអភិវឌ្ឍវិស័យសិប្បកម្មផលិតឥដ្ឋ ឲ្យមានបទដ្ឋានការងារល្អប្រសើរ និងធានានិរន្តរភាព លុបបំបាត់ពលកម្មកុមារ នៅក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំសិក្ខាសាលាស្តីពី យុទ្ធនាការ វិធានការទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ ក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ នៅតាមបណ្តារាជធានីខេត្ត ដែលមានសិប្បកម្មផលិតឥដ្ឋ លើកទីមួយ ឆ្នាំ២០១៩។
សិក្ខាសាលានេះ រៀបចំឡើងក្រោមអធិបតីភាព លោកស្រី ស៊ើង សរសុចិត្តា រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងលោករដ្ឋមន្ត្រី អ៉ិត សំហេង ក្នុងគោលបំណង៖
១៖ ផ្តល់ការណែនាំដល់មន្រ្តីអធិការកិច្ចការងារ និងសមត្ថកិច្ចពាក់ព័ន្ធ ដែលទទួលសិទ្ធិជានគរបាលយុត្តិធម៌ ធ្វើអន្តរាគមន៍ក្នុងការដកហូត ទប់ស្កាត់ និងសមាហរណកម្មកុមាររងគ្រោះ និងងាយរងគ្រោះនៅក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ។
២៖ បង្កើនការយល់ដឹង និងលើកកម្ពស់យុទ្ធនាការប្រឆាំងនឹងពលកម្មកុមារ តាមរយៈការកំណត់និយមន័យពលកម្មកុមារ ការលាតត្រដាងអំពីមូលហេតុ និងផលប៉ះពាល់នៃពលកម្មកុមារ គោលនយោបាយ និងបទដ្ឋានគតិយុត្តិ និងវិធានការនានា ដើម្បីប្រឆាំងនឹងពលកម្មកុមារនៅក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ។
៣៖ សហការ និងចូលរួមអនុវត្តវិធានការអធិការកិច្ចការងារ យន្តការទប់ស្កាត់ និងបង្ក្រាបបទល្មើស និងប្រព័ន្ធត្រួតពិនិត្យ តាមដានពលកម្មកុមារនៅកន្លែងធ្វើការ (សិប្បកម្មផលិតឥដ្ឋ) នៅសាលារៀន និងនៅតាមសហគមន៍ដែលកុមារ និងក្រុមគ្រួសាររបស់ពួកគេរស់នៅ ជូនស្ថាប័នថ្នាក់ក្រោមជាតិបន្តអនុវត្ត។
៤៖ ការចូលរួមចំណែករបស់មន្ត្រីអធិការកិច្ចការងារ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងការផ្តល់យោបល់ ចែករំលែកបទពិសោធន៍ និងឆ្លុះបញ្ចាំងវឌ្ឍនភាពថ្មីៗនៃវិស័យសិប្បកម្មផលិតឥដ្ឋ ដើម្បីឲ្យសេចក្តីព្រាងគោលការណ៍ណែនាំនេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ ក្នុងន័យលើកកម្ពស់លក្ខខណ្ឌការងារ និងឧត្តមប្រយោជន៍របស់កុមារនៅកម្ពុជា។
លោកស្រី ស៊ើង សរសុចិត្តា បានលើកឡើងថា កុមារ គឺជាធនធានមនុស្សដែលមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍប្រទេសជាតិ នាពេលអនាគត ដើម្បីឲ្យធនធានមនុស្សប្រកបដោយសក្តានុពល ការផ្តល់កិច្ចការពារ និងការអភិវឌ្ឍកុមារ គឺជាភារកិច្ចយ៉ាងសំខាន់ ដែលតម្រូវឲ្យមានការអនុវត្តតាមបែបពហុវិស័យបញ្ចូលគ្នា ហើយសកម្មភាព អាទិភាពទាំងឡាយដែលត្រូវអនុវត្ត រួមមាន៖ ការងាររៀបចំលិខិតបទដ្ឋានគតិយុត្ត ការកែលម្អយន្តការដែលមានស្រាប់ ការពិនិត្យតាមដាន ការពង្រឹង និងពង្រីកសេវាអប់រំ ការការពារ និងថែទាំសុខភាពកុមារ ដោយផ្តោតជាពិសេសលើកុមាររងគ្រោះ និងងាយរងគ្រោះ។
លើសពីនេះទៀត ក្នុងនាមរដ្ឋភាគីកម្ពុជា បានផ្តល់សច្ចាប័នលើយុទ្ធុបករណ៍អន្តរជាតិនានា ដើម្បីការពារកុមារពីការកេងប្រវ័ញ្ចពលកម្មកុមារ និងលើកកម្ពស់សិទ្ធិជាមូលដ្ឋានរបស់ពួកគេជាអាទិ៍ អនុសញ្ញាស្តីពីសិទ្ធិកុមារ របស់អង្គការសហប្រជាជាតិ អនុសញ្ញាលេខ ១៣៨ ១៨២ និង២៩ របស់អង្គការអន្តរជាតិខាងការងារ ដែលពាក់ព័ន្ធនឹងការហាមប្រាម និងលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ។
រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការលុបបំបាត់ពលកម្មកុមារជាបញ្ហាដ៏សំខាន់មួយ នៅក្នុងចំណោមបញ្ហាសំខាន់ជាច្រើនរបស់កម្ពុជា ជាពិសេសគឺកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណើឆ្ពោះទៅការបញ្ចប់ពលកម្មកុមារ នៅឆ្នាំ២០២៥ ដែលស្របនឹងគោលដៅអភិវឌ្ឍន៍ សាកលប្រកបដោយចីរភាព (២០១៥-២០៣០)។
លោកស្រីរដ្ឋលេខាធិការ បានអំពាវនាវឲ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមទាំងអស់គ្នា សហការយ៉ាងជិតស្និទ្ធ និងអនុវត្តឲ្យបានហ្មត់ចត់ តាមទិសដៅនៃគោលនយោបាយរបស់រាជរដ្ឋាភិបាលដោយមានឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការចូលរួមអនុវត្តប្រឆាំងដាច់ខាត ទៅនឹងសកម្មភាពគ្រប់រូបភាព ក្នុងការប្រើប្រាស់ពលកម្មកុមារ នៅក្នុងវិស័យសិប្បកម្មផលិតឥដ្ឋឲ្យបានជោគជ័យ ដែលជាកាតព្វកិច្ចចូលរួមទប់ស្កាត់កុមារពីទង្វើ ដែលនាំឲ្យអន្តរាយ ដល់ឱកាសសិក្សា សុខភាព សុខុមាលភាព និង ការអភិវឌ្ឍរបស់កុមារ។
លោកស្រីសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា ខ្លឹមសារនៃសិក្ខាសាលានេះ នឹងត្រូវបានប្រើប្រាស់ជាប្រយោជន៍ រួមទាំងមានការប្តេជ្ញាចិត្តយ៉ាងធំធេង ក្នុងការអនុវត្តសកម្មភាពជាក់លាក់ ប្រកបដោយជោគជ័យ ដើម្បីរួមចំណែកធ្វើឲ្យវិស័យសំណង់នៅកម្ពុជា គ្មានពលកម្មកុមារ៕