(ពោធិ៍សាត់)៖ នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩នេះ បានចុះសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំង នៅវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៥ ស្ថិតក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់។

ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ ខេង សុមេធ ក៏បាននាំអំណោយម៉ូតូ៥គ្រឿង ដើម្បីជួយសម្រួលដល់ការបំពេញភារកិច្ចជូនប្រជាពលរដ្ឋ និងសង្គមជាតិ ដែលជាអំណោយរបស់នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន និងអណ្ដូងទឹកចំនួន៣ ព្រមទាំងថវិកា២លានរៀលជូនដល់វរការពារព្រំដែនលេខ៨២៥ និងកងកម្លាំងក្នុងម្នាក់៥ម៉ឺនរៀលផងដែរ។

ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ខេង សុមេធ ក៏បាននាំការសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ព្រមទាំងនាយឧត្តមសេនីយ៍ នេត សាវឿន ជូនកងកម្លាំងទាំងអស់ផងដែរ។

អគ្គស្នងការរងនគរបាលជាតិរូបនេះ ក៏បានសង្កត់ធ្ងន់ទៀតថា មន្ដ្រីរាជការ ពិសេសកងកម្លាំងនគរបាលជាតិ ដែលទទួលបាន ប្រាក់ខែពីរាស្រ្ត បើមិនបានជួយរាស្រ្ត សូមកុំរំខាន ឬធ្វើបាបរាស្រ្តឲ្យសោះ ត្រូវតែថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ នៅក្នុងមូលដ្ឋានដែលខ្លួនកាន់កាប់ ហើយមិនត្រូវ យកតួនាទី បុណ្យស័ក្កិរបស់ខ្លួន ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ត្រូវយកមកបម្រើរាស្រ្ត និងអង្គភាព។

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ ខេង សុមេធ បានណែនាំថា ក្នុងនាមជាមន្រ្តីនគរបាល ជាអ្នកបម្រើប្រជាជន ត្រូវតែបំពេញនូវកាតព្វកិច្ចរបស់ខ្លួនរៀងៗខ្លួន និងរក្សាបាននូវសេចក្តីថ្លៃថ្នូរ សាមគ្គីផ្ទៃក្នុងអង្គភាព ឲ្យបានរឹងមាំ ដើម្បីធានាបាននូវការបំពេញកិច្ចការងារ ប្រកបដោយប្រសិទ្ធភាព តម្លាភាព កាន់តែប្រសើរឡើង៕