(ភ្នំពេញ)៖ សម្រាប់អាណត្តិទី៦នេះ រាជរដ្ឋាភិបាល បានបង្កើនយកចិត្តទុកដាក់ខ្ពស់ចំពោះការអនុវត្តច្បាប់អន្តរជាតិនានា ជាពិសេស អនុសញ្ញាស្តីពីសិទ្ធិកុមារ និងពិធីសារបន្ថែមពាក់ព័ន្ធ ដើម្បីឆ្លើយតបទៅនឹង តម្រូវការរបស់កុមារ និងកិច្ចការពារជាពិសេសសម្រាប់កុមារ ដើម្បីរស់នៅ ក្នុងសេរីភាព សន្តិភាព និងការអភិវឌ្ឍ តាមរយៈការដាក់ចេញនូវវិធានការ ជាច្រើនរួមមាន ការរៀបចំច្បាប់ គោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងលិខិតបទដ្ឋាននានាជាច្រើន។
ការលើកកម្ពស់ និងការការពារកុមារ គឺជាបញ្ហាអាទិភាពរបស់ រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៦ ដោយបានដាក់បញ្ចូលនៅក្នុងកម្មវិធី គោលនយោបាយ ជាពិសេសយុទ្ធសាស្ត្រ ចតុកោណដំណាក់កាល។ នេះជាការលើកឡើងរបស់លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ថ្លែងនៅក្នុងកិច្ចប្រជុំពិភាក្សាកម្រិតនយោបាយ ដើម្បីពិភាក្សាលើសេចក្តី ព្រាងចុងក្រោយនៃសូចនាករក្របខ័ណ្ឌត្រតពិនិត្យប្រព័ន្ធគ្រប់គ្រងព័ត៌មាន កិច្ចការពារកុមារ រៀបចំធ្វើនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ នាទីស្តីការក្រសួងសង្គមកិច្ច។
រដ្ឋមន្រ្តី វង សូត បានបន្ថែមថា កិច្ចប្រជុំនៅថ្ងៃនេះ រៀបចំឡើងក្នុងគោលបំណងធ្វើការពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាងចុងក្រោយ នៃសូចនាករក្របខ័ណ្ឌត្រត ពិនិត្យកិច្ចការពារកុមារនៅប្រទេសកម្ពុជា ដើម្បីដាក់បញ្ចូលទៅក្នុងប្រព័ន្ធ។
លោកបានបន្ថែមទៀតថា តាមរយៈការដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍ជា គន្លឹះចំនួន ៣ រួមមាន៖
*ទី១៖ ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ ដើម្បីបង្កើតផែនការយុទ្ធសាស្ត្រក្នុងការធានាឱ្យមានសុវត្ថិភាព ប្រាក់ចំណូល និង កាត់បន្ថយភាពងាយរង គ្រោះផ្នែក សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងបង្កើនសុខុមាលភាពរបស់ ប្រជាជន និងពង្រឹងសាមគ្គីភាពក្នុងសង្គម
*ទី២៖ ការផ្តល់សេវាថែទាំសុខភាពដែលមានគុណភាព និងមាន តម្លៃសមរម្យ តាមរយៈមូលនិធិសមធម៌សុខាភិបាល ដែល បានផ្តល់សេវាថែទាំសុខភាពដោយឥតគិតថ្លៃដល់ប្រជាជន ក្រីក្រ ព្រមទាំងការផ្តល់នូវជំនួយឧបត្ថម្ភជាសាច់ប្រាក់ដល់ ស្រ្តីសម្រាលកូន ក៏ដូចជាស្រ្តីមានផ្ទៃពោះ និងកុមារអាយុ ក្រោម ២ ឆ្នាំនៃគ្រួសារក្រីក្រ
*ទី៣៖ គោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ ២០១៧ -២០៣០ ដែលសំដៅគាំទ្រ និងដោះស្រាយបញ្ហារបស់មនុស្សចាស់ ដោយយកចិត្តទុកដាក់លើការប្រែប្រួលនៃកត្តាប្រជាសាស្ត្រ។
រដ្ឋមន្រ្តី វង សូត បានបន្តឲ្យដឹងថា ទោះបីជាប្រទេសកម្ពុជាសម្រេចបានសមិទ្ធផលគួរជាទីមោទនៈ ក្នុងកិច្ចខិតខំប្រឹងប្រែងដោះស្រាយអំពើហិង្សាយ៉ាងណាក៏ដោយ ក៏កម្ពុជា នៅមានបញ្ហាប្រឈម មួយចំនួន ដូចជា ការពង្រឹងយន្តការអនុវត្តប្រព័ន្ធ កិច្ចការពារកុមារ ការកសាងសមត្ថភាពធនធានមនុស្ស និងហិរញ្ញវត្ថុ សម្រាប់អនុវត្តផែនការសកម្មភាពដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះអំពើ ហិង្សាលើកុមារ នៅមានកម្រិតនៅឡើយ។ លោកយល់ថា ដើម្បីដោះស្រាយអំពើហិង្សា ការរើសអើង និងការ រំលោភបំពានកុមារគ្រប់រូបភាព ស្របទៅតាមបទដ្ឋានជាតិដែលមាន និង កំពុងដាក់ឱ្យអនុវត្តជាធរមាន រួមទាំងអនុសញ្ញារបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិកុមារ ឱ្យមានប្រសិទ្ធភាពកាន់តែប្រសើរនោះ ទាមទារឱ្យមានការ ចូលរួមពីគ្រប់ក្រសួង ស្ថាប័ន អង្គការជាតិ អន្តរជាតិ និងដៃគូពាក់ព័ន្ធ ទាំងអស់។
គួរបញ្ជាក់ថា កិច្ចប្រជុំនាពេលនេះ គឺស្ថិតក្នុងកិច្ចប្រជុំកម្រិតនយោបាយស្តីអំពីក្របខ័ណ្ឌត្រួតពិនិត្យកិច្ចការពារកុម សម្រាប់ដំណើរការប្រព័ន្ធគ្រប់គ្រងព័ត៌មានកិច្ចការពារកុមារ កិច្ចប្រជុំមានគោលបំណងធ្វើការពិភាក្សា និងស្នើសុំការឯកភាពពីថ្នាក់ដឹកនាំ តំណាងក្រសួង ស្ថាប័ន ពាក់ព័ន្ធ លើសេចក្តីព្រាងចុងក្រោយ នៃសូចនាករក្របខ័ណ្ឌត្រតពិនិត្យ កិច្ចការពារកុមារនៅប្រទេសកម្ពុជា ដើម្បីដាក់បញ្ចូលទៅក្នុងប្រព័ន្ធគ្រប់គ្រងព័ត៌មានកិច្ចការពារកុមារ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ដែលត្រៀមនឹងដំឡើងក្នុងពេលឆាប់ៗនេះ ពីព្រោះសូចនាករសំខាន់ៗមួយចំនួន ត្រូវការការផ្តល់ទិន្នន័យពីក្រសួង ស្ថាប័នពាក់ព័ន្ធ៕