(បន្ទាយមានជ័យ)៖ នៅក្នុងឱកាសអញ្ជើញជាអធបិតីភាពប្រកាសចូលកាន់មុខដំណែង របស់ក្រុមប្រឹក្សាក្រុងសិរីសោភ័ណ អាណត្តិទី៣ ចំនួន១៩រូប នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩នេះ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានក្រឿនរំឮកដល់សមាជិកក្រុមប្រឹក្សាខេត្ត ដែលទើបទទួលបានតំណែងថ្មីទាំងអស់ ត្រូវតែបន្តយកចិត្តទុកដាក់ពង្រឹងការងាររបស់ខ្លួនបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។
លោក អ៊ុ រាត្រី បានគូសបញ្ជាក់ថា បញ្ហាប្រឈម ក៏ដូចជាការសំណូមពររបស់ប្រជាពលរដ្ឋ ក្នុងនាមយើងជាមន្រ្តីរាជការដែលជាអ្នក បម្រើពួកគាត់ត្រូវតែដោះស្រាយឱ្យបានភ្លាមៗ ដើម្បីឆ្លើយតបទៅនឹងសេចក្តី ត្រូវការរបស់ពលរដ្ឋ ដែលមានបំណងឱ្យយើងដែលជាមន្រ្តីជួយដល់គាត់ ឱ្យបានឆាប់តាមដែលអាចធ្វើបានការដោះស្រាយបញ្ហា និងការសំណូមពររបស់ពលរដ្ឋ ឱ្យបានឆាប់រហ័សនេះ វានឹងធ្វើឱ្យពួកគាត់មានជំនឿជឿជាក់ មកលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈសកម្មភាពការងាររបស់មន្រ្តីមូលដ្ឋាន ជាពិសេសពលរដ្ឋនឹងមានភាពកក់ក្តៅយ៉ាងខ្លាំង ព្រោះតែយើងដែលជាមន្រ្តីរាជការ បានបំពេញកាតព្វកិច្ចយ៉ាងល្អ ក្នុងការបម្រើសេវាសាធារណៈជូនពួកគាត់ដោយអស់ពីចិត្ត និងចេញពីបេះដូងពិតៗ។
ក្រៅពីការរួបរួមគ្នាដោះស្រាយបញ្ហាប្រឈមនានានៅក្នុងមូលដ្ឋាន និងយកសំណូរពរប្រជាពលរដ្ឋជាអាទិភាពនោះ លោកក៏បានផ្តាំផ្ញើទៅដល់ ក្រុមប្រឹក្សាក្រុង និងរដ្ឋបាលសាលាក្រុងសិរីសោភ័ណ ត្រូវមានសាមគ្គីផ្ទៃក្នុងឱ្យបានល្អរឹងមាំ ដោយមិនត្រូវមានចិត្តគុំគួន ឬច្រណែនដាក់គ្នា ទៅវិញទៅមកនោះឡើយ រួបរួមគ្នាដោយឈរលើគោលការណ៍ឯកភាពរដ្ឋបាលតែមួយ ពិសេសធ្វើយ៉ាងណាឱ្យក្រុងសិរីសោភ័ណ មានភាពរីកចម្រើន និងអភិវឌ្ឍន៍កាន់តែខ្លាំងឡើង ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាជនទាំងមូលផងដែរ។
ជាមួយគ្នានោះ លោកអភិបាលខេត្តបានណែនាំដល់អាជ្ញាធរសង្កាត់-ភូមិ-ក្រុង និងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការពង្រឹង ថែរក្សាសន្តិសុខ សុវត្ថិភាព និងចូលបើកវេទិកាផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ឱ្យបានផុលផុស ដល់ប្រជាពលរដ្ឋចូលរួម ដើម្បីលុបបំបាត់អំពើអបាយមុខនានា ពិសេសចូលរួមអប់រំផ្សព្វផ្សាយ និងទប់ស្កាត់ បទល្មើសគ្រឿងញៀនគ្រប់ប្រភេទ៕