(ព្រៃវែង)៖ លោកស្រី ទាវ ធីតា អនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ស្ទឹងមានជ័យទី២ បានផ្តល់អំណោយសប្បុរសធម៌ ជូនដល់ជនក្រីក្រចំនួនមួយគ្រួសារ រស់នៅក្នុងភូមិត្រពាំងត្រាវ ឃុំគោកខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩នេះ។
លោកស្រី ទាវ ធីតា បានផ្តល់អំណោយជាថវិកាចំនួន៣០ម៉ឺនរៀល ប្រគល់ជូនលោកស្រី អ៊ុន សុភួន ដែលរស់នៅភូមិត្រពាំងត្រាវ ឃុំគោកខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀតផងដែរ។
អំណោយមនុស្សធម៌នេះ លោកស្រី ទាវ ធីតា ភរិយា លោក ថោង សារ៉ាត់ បានអនុញ្ញាតឲ្យលោក ហម ចំរើន និងលោកស្រី សុខ ម៉ាលី ជាតំណាងនាំយកនូវអំណោយទាំងនេះទៅជូន ដោយផ្ទាល់លោកស្រី អ៊ុន សុភួន ដើម្បីបានសួរសុខទុក្ខ និងបានឃើញអំពីស្ថានភាព ជាក់ស្តែងរបស់គាត់ផងដែរ។
តំណាងលោកស្រី ទាវ ធីតា បានលើកឡើងថា លោកស្រី ទាវ ធីតា និងស្វាមី បានផ្តល់អំណោយជូនគ្រួសាររបស់លោកស្រី អ៊ុន សុភួន គឺដើម្បីជាការលើកទឹកចិត្ត និងដើម្បីជួយសម្រួលដល់ការចិញ្ចឹមកូន ឲ្យខំតស៊ូក្នុងជីវិត និងថែរក្សាសុខភាពឲ្យបានល្អ ដើម្បីមើលការរីកចម្រើន របស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕