(ភ្នំពេញ)៖ សេចក្តីព្រាងច្បាប់ ស្តីពីការបង្កើតអង្គការបណ្តាញអន្តរជាតិសម្រាប់ឫស្សី និងផ្តៅ ត្រូវបានរដ្ឋសភាអនុម័តរួចរាល់ហើយ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩នេះ។
ក្នុងប្រជុំរដ្ឋសភាពិភាក្សា និងពិនិត្យទៅលើសេចក្តីព្រាងច្បាប់ដ៏មានសារៈសំខាន់នេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពសម្តេច ហេង សំរិន ប្រធានរដ្ឋសភា។ អង្គសភាបានអនុម័តយល់ព្រម លើខ្លឹមសារសេចក្តីព្រាងច្បាប់ទំាងមូល ចំនួន១០៧សំឡេង។
លោក ជា វ៉ាន់ដេត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា ជាអ្នកអានរបាយការណ៍ពីលទ្ធផលនៃការពិនិត្យសិក្សា សេចក្តីព្រាងច្បាប់ជូនអង្គសភា ចំណែកលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការីតំណាងរាជរដ្ឋាភិបាលជាអ្នកការពារសេចក្តីព្រាងច្បាប់។
បើតាមលោក វេង សាខុន សេចក្តីព្រៀងច្បាប់ស្តីពី «ការបង្កើតអង្គការបណ្តាញអន្តរជាតិសម្រាប់ឫស្សី និងផ្តៅ» មានគោលបំណងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ប្រជាសហគមន៍ ដោយធ្វើការកែប្រែទម្លាប់ និងជំរុញលើកទឹកចិត្តប្រជាពលរដ្ឋ ពីការប្រើប្រាស់ឈើមកប្រើប្រាស់ឫស្សី និងផ្តៅវិញតាម រយៈការអភិវឌ្ឍផលិតកម្ម ការអភិរក្ស និងការកែច្នៃឫស្សី និងផ្តៅ តាមគោលការណ៍អភិវឌ្ឍឫស្សី និងផ្តៅប្រកបដោយចីរភាព និងនិរន្តរភាព។
លោកបន្តថា សេចក្តីព្រាងច្បាប់នេះ គ្របដណ្តប់ដោយខ្លឹមសារពិស្តារអំពី៖ ទី១៖ ប្រវត្តិនៃអង្គការបណ្តាញអន្តរជាតិឫស្សី និងផ្តៅ, ទី២៖ គោលនយោបាយ និងផែនការយុទ្ធសាស្រ្ត, ទី៣៖ លក្ខន្តិកនៃការចូលជាសមាជិក ទី៤៖ ការត្រៀមលក្ខណ:គ្រប់គ្រាន់មុនចូលជាសមាជិក និងទី៥៖ អត្ថប្រយោជន៍នៃការចូលជាសមាជិក។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា តាមរយៈកិច្ចព្រមព្រៀងនេះសង្ឃឹម និងជឿជាក់ថាកម្ពុជានឹងទទួលបាននូវកិច្ចសហប្រតិបត្តិការអន្តរជាតិមួយដ៏ល្អ ក្នុងការពង្រឹងសមត្ថភាពការពារ និងអភិវឌ្ឍធនធានឫស្សី និងផ្តៅប្រកប ដោយនិរន្តរភាព ដើម្បីផលប្រយោជន៍សង្គម សេដ្ឋកិច្ច និងភាតរបរិស្ថានបៃតង រួមទាំងការអភិរក្សជីវៈចម្រុះ និងមរតកវប្បធម៌ជាតិផងដែរ។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី វេង សាខុន បានប្តេជ្ញាចិត្តយ៉ាងមុតមាំថា នឹងយកសេចក្តីព្រាងច្បាប់នេះ ទៅអនុវត្តដោយឈរលើស្មារតីទទួលខុសត្រូវទាំងការងារច្បាប់ បច្ចេកទេស និងកិច្ចសហប្រតិបត្តិការ ដើម្បីទាញយកប្រយោជន៍ជូនជាតិ និងប្រជាជន៕