(ភ្នំពេញ)៖ លោក នុត សវនា អគ្គនាយករងពន្ធនាគារ និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩នេះបានលើកឡើងថា បច្ចុប្បន្ននេះនៅតាមពន្ធនាគារទាំង២៨នៅទូទាំងប្រទេសកម្ពុជា កំពុងតែជួបបញ្ហាប្រឈមធំ គឺភាពចង្អៀតណែន ដោយសារតែចំនួនអ្នកជាប់ឃុំឃាំង មានការកើនឡើង។
ការលើកឡើងយ៉ាងដូច្នេះ របស់លោក នុត សវនា បានធ្វើឡើងក្រោយកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ដ្រ រយៈពេល៥ឆ្នាំ ២០១៩-២០២៣ របស់អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ ក្រោមវត្ដមានលោកសន្ដិបណ្ឌិត ចាន់ គឹមសេង អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ។ ពិធីប្រជុំផ្សព្វផ្សាយនេះ ធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ។
ឆ្លើយតបនឹងសំនួររបស់ក្រុមអ្នកសារព័ត៌មាន ដែលសួរថា បញ្ហាប្រឈមអ្វីខ្លះដែលពន្ធនាគារប្រឈមសព្វថ្ងៃ? អ្នកនាំពាក្យពន្ធនាគាររូបនេះ បានបញ្ជាក់ថា «បញ្ហាប្រឈមធំ គឺភាពចង្អៀតណែន»។
លោកថា «ភាពចង្អៀតណែននេះ វាមិនមែនតែជាបញ្ហាមួយដោយឡែកនោះទេ គឺវាបណ្ដាលឲ្យមានបញ្ហាដទៃៗទៀត ដែលធ្វើឲ្យអង្គភាពអនុវត្ដការងារប្រឈម និងជួបប្រទះផ្ទាល់ ដែលយើងត្រូវរកដំណោះស្រាយ អីចឹងហើយបានយើងចាំបាច់ណាស់ ត្រូវរៀបចំផែនការយុទ្ធសាស្ដ្រ ឲ្យស្របទៅតាមស្ថានភាពជាក់ស្ដែង»។
លោក នុត សវនា ក៏បានឲ្យដឹងថា គោលបំណងនៃការរៀបចំពិធីប្រជុំផ្សព្វផ្សាយផែនការ យុទ្ធសាស្ដ្រ រយៈពេល៥ឆ្នាំ ២០១៩-២០២៣ របស់អគ្គនាយកដ្ឋានពន្ធនាគារនាថ្ងៃនេះ គឺដើម្បីបូកសរុបលទ្ធផលសមទ្ធិផលនានា ដែលពន្ធនាគារសម្រេចបាន ផ្អែកទៅលើផែនការយុទ្ធសាស្ដ្រ ដំណាក់ទី២ ២០១៤-២០១៨។
សូមបញ្ជាក់ថា គិតដល់ពេលបច្ចុប្បន្ននេះ មានអ្នកជាប់ឃុំឃាំង នៅក្នុងពន្ធនាគារទាំង២៨ នៅទូទាំងប្រទេសកម្ពុជា មានចំនួនប្រហែលជាង៣ម៉ឺននាក់៕