(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ណែនាំដល់ក្រុមប្រឹក្សាខណ្ឌអាណត្តិថ្មីទាំងអស់ ត្រូវធ្វើខ្លួនជាបុគ្គលនីតិប្រតិបត្តិ ដើម្បីបម្រើការងារអភិវឌ្ឍន៍មូលដ្ឋានឲ្យបានល្អ និងមានប្រសិទ្ធភាពខ្ពស់ ដែលជាតម្រូវការចង់បានរបស់ប្រជាពលរដ្ឋ និងស្របតាមការណែនាំ របស់ក្រសួងមហាផ្ទៃ ហើយត្រូវខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ ដោយស្មើភាព ដោយយុត្តិធម៌ និងមិនត្រូវប្រកាន់និន្នាការនយោបាយអ្វីឡើយ។
លោកអភិបាលរាជធានីភ្នំពេញ បានណែនាំដូច្នេះក្នុងឱកាសអញ្ជើញជាអធិបតី ប្រកាសចូលកាន់តំណែងរបស់ក្រុមប្រឹក្សាខណ្ឌជ្រោយចង្វារ អាណត្តិទី៣ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ ដោយបានអះអាងថា ក្រុមប្រឹក្សាក៏មានតួនាទី ដូចគណៈអភិបាលដែរ គឺត្រូវបម្រើប្រជាពលរដ្ឋឲ្យបានឌិតដល់ ដូច្នេះហើយក្រុមប្រឹក្សាត្រូវបំពេញតួនាទីឲ្យបានល្អ ជាមួយគណៈអភិបាល មន្រ្តីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋាន លើកកម្ពស់ប្រសិទ្ធភាពការងារការគោរពច្បាប់គោលការណ៍នានារបស់រដ្ឋ។
លោកបញ្ជាក់ថា ការលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្រ្តី នៅក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានល្អ សំដៅអភិវឌ្ឍន៍មូលដ្ឋាន និងឆ្លើយបតបចំពោះតម្រូវការនានា និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឲ្យមានភាពប្រសើរជាលំដាប់។
លោកបញ្ជាក់យ៉ាងដូច្នេះ «ក្រុមប្រឹក្សាខណ្ឌពុំមែនជានីតិបញ្ញត្តិទេ ពុំមែនបានន័យថា ក្រុមប្រឹក្សាខណ្ឌរៀបចំច្បាប់ លិខិតបទដ្ឋានគតិយុត្តិ ឬក៏រៀបចំអ្វីៗ អោយគណៈអភិបាលអនុវត្តន៍តាមដូចរដ្ឋសភាទេ ហើយក្រុមប្រឹក្សា គឺជាអង្គនីតិប្រតិបត្តិដូចគណៈអភិបាលដែរ ហើយមានតម្លាភាព គណនេយ្យភាព ជាមួយនឹងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋដូចជាគ្នា គណៈអភិបាល ចំណុចនេះសូមឲ្យសមាជិក សមាជិការ ដែលទើបតែតែងតំាងថ្មី ត្រូវពិនិត្យទៅលើច្បាប់ស្តីពី ការគ្រប់គ្រងក្រុមប្រឹក្សាឃុំសង្កាត់ ខណ្ឌស្រុក និងរាជធានីខេត្ត ហើយជាទូទៅក្រសួងមហាផ្ទៃ តែងតែណែនាំអំពីបញ្ហានេះ»។
ជាមួយគ្នានេះ លោក ប្រាក់ ចាន់ណា ប្រធានក្រុមប្រឹក្សាខណ្ឌជ្រោយចង្វារ អាណត្តិទី៣ បានប្តេជ្ញាចិត្ត នឹងខិតខំពង្រឹងឲ្យបាននូវសាមគ្គីភាពរវាងក្រុមប្រឹក្សា និងគណៈអភិបាលខណ្ឌ និងខិតខំបង្កើតទំនាក់ទំនងល្អ ជាមួយសមាជិកមន្រ្តីរាជការទំាងអស់ សំដៅអភិវឌ្ឍន៍ភារៈកិច្ចដ៏ធំធេងឆ្ពោះទៅរកការអភិវឌ្ឍមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាព។
លោកបានសន្យានឹងជំរុញការលើកកម្ពស់ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមបង្កលក្ខណៈឲ្យមានការចូលរួមរបស់ប្រជាពលរដ្ឋក្នុង ការធ្វើសេចក្តីសម្រេចនានា នៅមូលដ្ឋាន ដែលធានាការលើកកម្ពស់ភាពជាម្ចាស់របស់សហគមន៍ ការបម្រើសេវាសាធារណៈប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ។
បន្ថែមពីនេះ លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ ក៏បានបញ្ជាក់ជូនគណៈអធិបតីថា ខណ្ឌជ្រោយចង្វារជាខណ្ឌ មួយក្នុងចំណោមខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ ដែលបានកាត់ចេញពីខណ្ឌឫស្សីកែវ តាមអនុក្រឹត្យលេខ៥៧៧អនក្រ.បក ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣ និងប្រកាសឲ្យដំណើរការ ការងាររដ្ឋបាល ជាផ្លូវការនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៤។ ខណ្ឌជ្រោយចង្វារ មាន៥សង្កាត់ ២២ភូមិ និងប្រជាជន សរុប១៥,៤៣០គ្រួសារ ស្មើចំនួនមនុស្ស៧០,២៩២នាក់ ស្រី៣៦,៥០២នាក់។
សូមបញ្ជាក់ថា ក្រុមប្រឹក្សាខណ្ឌជ្រោយចង្វារអាណត្តិទី៣ មានសមាសភាពទាំងអស់ចំនួន១៧រូប៕