(សៀមរាប)៖ កាលពីវេលាម៉ោង០២៖០០នាទី យប់ឈានចូលព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិក្រសាំង សង្កាត់ជ្រាវ ក្រុង-ខេត្តសៀមរាប ជនរងគ្រោះ ឈ្មោះ កួយ កក្កដា ភេទប្រុស អាយុ២៧ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិទី៤ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានដេកលង់លក់នៅក្នុងបន្ទប់ផ្ទះ របស់បងប្អូនឈ្មោះ ភិន វណ្ណា ភេទប្រុស អាយុ៤៧ឆ្នាំ ដោយមិនបានចាក់គន្លឹះទ្វារ និងបង្អួច ពេលនោះ មានជនមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពចូលលួចទូរស័ព្ទ លើក្បាលដំណេក ចំនួន៥គ្រឿង៖
ទី១៖ ទូរស័ព្ទម៉ាក iphone xsmax ពណ៌ខ្មៅ
ទី២៖ ទូរស័ព្ទម៉ាក iphone x ពណ៌ទឹកមាស
ទី៣៖ ទូរស័ព្ទម៉ាក iphone 6s phlus ពណ៌ទឹកមាស
ទី៤៖ ទូរស័ព្ទម៉ាក iphone6 ទឹកប្រាក់
ទី៥៖ ទូរស័ព្ទម៉ាក iphone7 plus ពណ៌ផ្កាឈូក
ទី៦៖ កុំព្យូទ័រ laptop ម៉ាក apple ពណ៌ប្រផេះស៊េរី ឆ្នាំ២០១៧ ដែលមានភ្ជាប់ប្រព័ន្ធ icloud ឬ ប្រព័ន្ធ gps និងប្រាក់ដុល្លារ៦០០ដុល្លារអាមេរិក ។
បន្ទាប់ពីទទួលបានពាក្យបណ្តឹង របស់ជនរងគ្រោះ លោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនៃអធិការដ្ឋាននគរ បាលក្រុងសៀមរាប បានចាត់តាំងឲ្យលោកវរសេនីយ៍ទោ នួន សក្តិ៍ចំរើនរិទ្ធ អធិការរងទទួលផ្នែកព្រហ្មទណ្ឌ ដឹកនាំកម្លាំងនគរបាលប៉ុស្តិ៍ នគរបាលរដ្ឋបាលសង្កាត់ជ្រាវ និងកម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ បើកការស៊ើបអង្កេត ស្រាវជ្រាវ រហូតដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ បានកំណត់អត្តសញ្ញាណ ជនសង្ស័យបានម្នាក់ ឈ្មោះ ឆន ចាន់ដា រស់នៅជិតម្ដុំ វត្តគោកចក ស្ថិតនៅភូមិវាល សង្កាត់គោកចក ដោយមានការឯកភាព ពីលោកអធិការនគរបាលក្រុងសៀមរាប កម្លាំងផ្នែកព្រហ្មទណ្ឌ សហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍ រដ្ឋបាលសង្កាត់គោកចក បានធ្វើការឃាត់ និងនាំខ្លួនជនសង្ស័យខាងលើ មកធ្វើការសាកសួរ ហើយបន្តសុំឆែកឆេរ រកឃើញកុំព្យូទ័រ laptop apple របស់ជនរងគ្រោះដែលបានបាត់បង់នោះ នៅក្នុងបន្ទប់ របស់ជនសង្ស័យរូបនេះពិតមែន។
ជនសង្ស័យ ឈ្មោះ ឆន ចាន់ដា បានឆ្លើយសារភាពថា កុំព្យូទ័រខាងលើនេះ គឺឈ្មោះ មីន ឌីណា ហៅគ្រួច ឌីណា ឬ យូរី បានកាន់យកមកប្រើប្រាស់ នៅក្នុងផ្ទះរបស់ខ្លួន ។ បន្ទាប់មកដោយមានការឯកភាព ពីលោកអធិការនគរបាលក្រុងសៀមរាប កម្លាំងផ្នែកព្រហ្មទណ្ឌ សហការ ជាមួយកម្លាំងនគរបាលប៉ុស្ដិ៍ រដ្ឋបាលសង្កាត់ស្លក្រាម បានបន្តធ្វើការនាំខ្លួនឈ្មោះ មីន ឌីណា រស់នៅបន្ទប់ជួលរបស់គេ ស្ថិតនៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងខេត្តសៀមរាប មកធ្វើការសាកសួរ ក្រោយពីធ្វើការសាកសួរ ជនសង្ស័យរូបនេះ បានឆ្លើយ សារភាពថា គេបានពិតជាបានធ្វើសកម្មភាពលួចយកទូរសព្ទ័ដៃ កុំព្យូទ័រនិង ប្រាក់របស់ជនរងគ្រោះ ពិតប្រាកដមែន។
ដោយទូរស័ព្ទដៃ ចំនួន ៤គ្រឿង ខ្លួនបានយកទៅលក់នៅហាងមួយ ដែលស្ថិតនៅក្រោយផ្សារលើ មួយគ្រឿងទៀត បានឲ្យប្រពន្ធគេយកទៅប្រើប្រាស់។ វត្ថុតាងដកហូតបាន៖ កុំព្យូទ័រ laptop appleចំនួន០១គ្រឿង, ទូរស័ព្ទ ចំនួន០៤គ្រឿង។
យោងតាមចម្លើយ សារភាពរបស់ជនសង្ស័យ និងពាក្យបណ្ដឹង របស់ជនរងគ្រោះ ជនសង្ស័យ ត្រូវបាននគរបាលផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប កសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីចាត់ការតាមនិតិវិធីច្បាប់៕