(ភ្នំពេញ)៖ មន្ត្រីក្រុមការងារចម្រុះរដ្ឋបាលខណ្ឌឫស្សីកែវ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩នេះ បានចាប់ផ្ដើមសម្រុកចុះសម្រង់ស្ថិតិ និងវាស់វែងកំណត់ព្រំដី ព្រែកអូរវែងហើយ ដូច្នេះប្រជាពលរដ្ឋជួយសហការផ្ដល់ឯកសារកាន់កាប់ដីមកបង្ហាញជូន ក្នុងការត្រៀមបុកស៉ីផាយ និងស្ថាបនាផ្លូវ ដើម្បីរំដោះការលិចលង់ និងសម្រួលនូវការកកស្ទះចរាចរ សម្រាប់ងាយស្រួលធ្វើដំណើរ។
គួររំលឹកថា ការដុតដៃដុតជើងសម្រុកចុះសម្រង់ស្ថិតតិ និងវាស់វែងកំណត់ព្រុំដីព្រែកអូរវែង ដើម្បីត្រៀមបុកស៉ីផាយ ស្ថាបនាផ្លូវ រំដោះការកកស្ទះចរាចរ ពីសំណាក់មន្ត្រីក្រុមការងារចម្រុះរដ្ឋបាលខណ្ឌឫស្សីកែវនេះ បានអនុវត្តឡើងភ្លាមៗ ក្រោយពីអាជ្ញាធរបានចេញសេចក្ដីជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ ដែលកំពុងរស់នៅ និងគ្រប់គ្រងដីនៅសងខាងព្រែកអូរវែង ចាប់ពីចំណុចស្ពានបេតុងក្រោយវត្តទួលសង្កែ ក្នុងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ដល់ផ្លូវលេខ៩០៧ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ។
តាមសេចក្ដីជូនដំណឹងដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩នេះ រដ្ឋបាលខណ្ឌឫស្សីកែវ បានជម្រាបប្រាប់ពលរដ្ឋទាំងអស់ ត្រៀមឯកសារពាក់ព័ន្ធ មកបង្ហាញជូន គណៈកម្មការចម្រុះរដ្ឋបាលខណ្ឌឫស្សីកែវ ដើម្បីទទួលបានការវាស់វែង ជៀសវាងការបាត់ដីកម្មសិទ្ធិ ចាប់ពីម៉ោង០៨៖០០នាទី ដល់ម៉ោង១១៖០០នាទីព្រឹក និងចាប់ពីម៉ោង១៤៖០០នាទីរសៀល ដល់ម៉ោង១៧៖០០នាទីល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩៕