(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ បានផ្តាំផ្ញើដល់ក្រុមប្រឹក្សា និងគណៈអភិបាលក្រុង «ត្រូវប្រើប្រាស់តួនាទីជាគ្រាប់ពេជ្រនៅលើជើងពានមាស សំដៅធ្វើយ៉ាងណាបំពេញគ្រប់ភារកិច្ច និងតម្រូវការរបស់ពុកម៉ែ បងប្អូនប្រជាពលរដ្ឋ ដោយមិនស្តាយស្រណោះពេលវេលា និងកម្លាំងកាយកម្លាំងចិត្ត ទោះគ្រប់កាលៈទេសៈណាក៏ដោយ»។

លោកបានផ្តាំផ្ញើបែបនេះ នៅបរិវេណសាលាក្រុងពោធិ៍សាត់ ក្នុងពិធីប្រកាសចូលកាន់តំណែង សមាជិកភាពក្រុមប្រឹក្សាក្រុងពោធិ៍សាត់ អាណត្តិទី៣ ចំនួន១៧រូប ក្នុងនោះស្រី២រូប ដោយបានការចូលរួមជាគណៈអធិបតីពីសំណាក់លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត។

បន្ទាប់ពីប្រកាស និងទទួលស្គាល់សមាជិកភាពក្រុមប្រឹក្សាក្រុងពោធិ៍សាត់ អាណត្តិទី៣ និងការធ្វើចំណាប់អារម្មណ៍របស់លោក សំរិទ្ធ អេង ប្រធានក្រុមប្រឹក្សាក្រុង អាណត្តិទី៣នេះរួចមក លោក ម៉ៅ ធនិន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមាជិកភាពក្រុមប្រឹក្សាក្រុង ដែលត្រូវបានតំណាងប្រជាពលរដ្ឋ ជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ បានផ្តល់នូវសេចក្តីទុកចិត្ត បោះឆ្នោតជ្រើសរើសជាសមាជិកក្រុមប្រឹក្សាក្រុង អាណត្តិទី៣ ដើមី្បបន្តដឹកនាំក្រុងពោធិ៍សាត់ និងបន្តអភិវឌ្ឍន៍មូលដ្ឋាន ឱ្យមានការីកចម្រើន លើគ្រប់វិស័យបន្ថែមទៀត។

លោកក៏បានរំលឹក ដល់សមាជិកភាពក្រុមប្រឹក្សាក្រុង អាណត្តិទី៣ ត្រូវយកចិត្ដទុកដាក់បំពេញភារកិច្ច ដើម្បីការពារផលប្រយោជន៍ប្រជាពលរដ្ឋ និងសម្រេចបាននូវសមិទ្ធផលថ្មីៗ ក្នុងរយៈពេល ៥ឆ្នាំខាងមុខនេះ។

លោក ម៉ៅ ធនិន បានលើកឡើងថា ដើមី្បសម្រេចបានភារកិច្ចទាំងនេះ សមាជិកភាពក្រុមប្រឹក្សាក្រុងទាំងអស់ ត្រូវខិតខំពង្រឹងស្មារតី សាមគ្គីឯកភាពផ្ទៃក្នុងឱ្យបានល្អក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ និងកងកម្លាំងសមត្ថកិច្ច ដើមី្បលើកកម្ពស់ការទទួលខុសត្រូវ ភាពម្ចាស់ការ ក្នុងការបំពេញតួនាទីភារកិច្ច សំដៅអភិវឌ្ឍន៍មូលដ្ឋាន ក្នុងការឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

ក្នុងនាមថ្នាក់ដឹកនាំខេត្ត លោកសូមឱ្យមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ខិតខំកសាង និងអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន ឱ្យស័ក្តិសមជាអ្នកបន្តវេន ដ៏ល្អសម្រាប់ប្រទេស តាមរយៈការបណ្តុះនូវវប្បធម៌កតញ្ញូ និងចរិតជាតិនិយម៕