(ព្រៃវែង)៖ លោកបណ្ឌិត ងិន បាណាល់ ប្រធានក្រុមការងារសម្របសម្រួល គាំទ្រ ឧបត្ថម្ភសកម្មភាពយុវជនខេត្តព្រៃវែង តំណាងលោក ស សុខា អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តព្រៃវែង នៅរសៀលថ្ងៃទី១៦ មិថុនា ឆ្នាំ២០១៩ បានដឹកនាំសិក្ខាសាលាស្តីពី «វិធីសាស្ត្ររៀនត្រៀមប្រឡង និងជ្រើសរើសជំនាញមហាវិទ្យាល័យ» ដល់សិស្សថ្នាក់ទី១២ នៅវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ពារាំង ដែលមានសិស្សចូលរួមប្រមាណ៣០០នាក់។
គោលបំណង នៃការបង្កើតសិក្ខាសាលានេះឡើងចង់បង្ហាញ-ពន្យល់ណែនាំ និងចែករំលែកពីវិធីសាស្ត្រ នៃការរៀនឲ្យប្អូនៗ សិស្សានុសិស្សបានយល់ ដើម្បីត្រៀមប្រឡងសញ្ញាបត្រទុតិយភូមិ (បាក់ឌុប) នាពេលដ៏ខ្លីខាងមុខនេះ។
លោកបណ្ឌិត ងិន បាណាល់ ប្រធានក្រុមការងារសម្របសម្រួល គាំទ្រ ឧបត្ថម្ភសកម្មភាពយុវជនខេត្តព្រៃវែង បានលើកទឹកចិត្តអោយប្អូនៗ សិស្សានុសិស្សទាំងអស់ខិតខំរៀនសូត្រ និងជ្រើសរើសយកជំនាញឲ្យបានត្រឹមត្រូវ។ លោកបណ្ឌិត ងិន បាណាល់ ក៏បានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនរបស់ដល់ប្អូនៗ សិស្សានុសិស្សទាំងអស់ថាទំរាំជោគជ័យមកដល់ថ្ងៃនេះលោក ក៏ធ្លាប់បរាជ័យ ហើយក៏ធ្លាប់ជ្រើសរើសជំនាញខុសដែរ។
សិក្ខាសាលាផ្ដោតលើប្រធានបទសំខាន់ៗ អមជាមួយនឹងបទពិសោធន៍របស់វាគ្មិនដូចជា៖
*ទី១៖ ការកំណត់គោលដៅជីវិត
*ទី២៖ វិធីសាស្ត្ររៀនជាអំណាន
*ទី៣៖ វិធីសាស្ត្ររៀនលំហាត់
*ទី៤៖ គន្លឹះ៥ចំណុចដើម្បីជ្រើសរើសរៀនមហាវិទ្យាល័យបានត្រឹមត្រូវ
*ទី៥៖ ១៥ប្រការដើម្បីជោគជ័យ។
លោកបណ្ឌិត ងិន បាណាល់ សង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា ប្អូនៗសិស្សានុសិស្ស និងអាចយល់ដឹងបានកាន់តែច្រើន ហើយនឹងអាចប្រឡងជាប់ ព្រមទាំងជ្រើសរើសជំនាញ និងមហាវិទ្យាល័យបានត្រឹមត្រូវ ដើម្បីអភិវឌ្ឍន៍ខ្លួនឲ្យក្លាយទៅជាធនធានដែរពោរពេញទៅដោយសមត្ថភាព ដើម្បីចូលរួមអភិវឌ្ឍន៍ គ្រួសារ និងសង្គមជាតិយើង។ ជាចុងបញ្ជប់លោកបណ្ឌិត ងិន បាណាល់ ជូនពរប្អូនៗឲ្យប្រឡងជាប់គ្រប់ៗគ្នា។
សូមបញ្ជាក់ថា វគ្គសិក្ខាសាលាស្តីពី «វិធីសាស្ត្ររៀនត្រៀមប្រឡង និងជ្រើសរើសជំនាញមហាវិទ្យាល័យ» នេះធ្វើឡើងទូទាំង១៣ក្រុង-ស្រុក ក្នុងខេត្តព្រៃវែង ក្រោមការឧបត្ថម្ភរបស់លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកស្រី៕