(ភ្នំពេញ)៖ ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា-NACC លោក សោម អូន កាលពីរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបទវគ្គបណ្តុះបណ្តាលសហជីពស្តីពី «ការកសាងសមត្ថភាព ដើម្បីលក្ខណ្ឌការងារកាន់តែប្រសើរ» ដែលរៀបចំដោយសហព័ន្ធសហជីពកម្មករកម្ពុជា-CLUF។
លោក សោម អូន បានថ្លែងកោតសរសើរដល់ក្រុមគ្រូបង្គោល និងថ្នាក់ដឹកនាំសហជីពដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាល កសាងសមត្ថភាពសហជីពនៅថ្ងៃនេះ គឺស្របទៅតាមសហភាព ការណ៍ជាក់ស្តែង ដែលសហជីពត្រូវតែយកចិត្តទុកដាក់ស្វែងយល់ និងបង្កើនសមត្ថភាពខ្លួន ស្របតាមគោលការណ៍ នៃអង្គការវិជ្ជាជីវៈតំណាងរបស់កម្មករ និយោជិត ។
ជាមួយគ្នានេះ លោក សោម អូន ក៏បានលើកឡើងថា «យោងតាមការសិក្សាស្រាវជ្រាវ សហជីពខ្លះបានទទួលនូវការគំរាមគំហែង និងត្រូវបានប្តឹងទៅតុលាការ ដែលការប្តឹងនេះគឺភាគច្រើនកើតចេញ ពីគំនិតផ្តួចផ្តើមរបស់អស់លោកជាទីប្រឹក្សារោងចក្រ ដែលពួកគាត់តែងតែអះអាងជាមួយថៅកែ ធានាមិនឲ្យមានសហជីព ដែលផ្ទុយទាំងស្រុងច្បាប់រដ្ឋធម្មនុញ្ញ ច្បាប់ការងារ ច្បាប់សហជីព និងអនុសញ្ញាអន្តរជាតិ»។
លោកបានបន្ថែម ទីប្រឹក្សាខ្លះគាត់ជាមេសហព័ន្ធសហជីព ដែលមានភារកិច្ចជាអ្នកការពារសិទ្ធិ និងផលប្រយោជន៍កម្មករស្របសច្បាប់ តែបែជាមកធ្វើជាទីប្រឹក្សាការពារឲ្យផល ប្រយោជន៏រោងចក្រ ទៅវិញ។ បើសិនជាទីមេសហព័ន្ធសហជីពមានតួនាជាទីប្រឹក្សារោងចក្រផង និងជាមេសហជីពនៅក្នុងរោងចក្រផង គឺមិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់សិទ្ធិ និងប្រយោជន៍កម្មករនោះទេ គឺថែមទាំងធ្វើឲ្យកម្មករបាត់បង់ជំនឿលើសហព័ន្ធសហជីព និងជាពិសេសបានធ្វើឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរដល់ក្រុមសហជីពដែលពួកគេ បានខិតខំបំរើការងារតាមវិជ្ជវិជីវ:។
លោក សោម អូន បានលើកទីជាឧទាហរណ៍ថា ក្នុងរោងចក្រមួយបើសិនក្រុមហ៊ុនជួលមេសហព័ន្ធសហជីពមួយទៅធ្វើទីប្រឹក្សានៅទីនោះ គឺមេសហព័ន្ធនោះ ត្រូវបង្កើតសហជីពមូលដ្ឋាន ខ្លួនឯងនៅទីនោះ។ ជាធម្មតាកម្មករមិនគាំទ្រ និងមិនចូលរួមជាមួយសហជីពរបស់ថៅកែនេះទេ ដូចនេះពួកគាត់នឹងបង្កើតសហជីពមួយផ្សេងទៀត ដែលពួកគេមានទំនុកចិត្ត។ ក្នុងស្ថានភាពបែបនេះ គឺមេសហព័ន្ធជាទីប្រឹក្សាក្រុមហ៊ុនគឺមិននៅស្ងៀមទ ដោយសារកម្មករមិនគាំទ្រគាត់ ធ្វើឲ្យគាត់នឹងបាត់បង់ផលប្រយោជន៍ផ្ទាល់ខ្លួនជាមួយរោងចក្រ ចឹងគាត់ត្រូវផ្តួចផ្តើមគំនិតឲ្យថៅកែ ដើម្បីរកវិធីកំចាត់សហជីព របស់កម្មករតាមរយ:ការគំរាមកំហែង ទិញទឹកចិត្ត បញ្ចប់កិច្ចសន្យាប្តឹងទៅតុលាការ។
ប្រធានសហជីពរូបនេះ ចង់ឲ្យសមត្ថកិច្ចពាក់ព័ន្ធគួរពិនិត្យករណីមេសហព័ន្ធសហជីពទៅធ្វើជាទីប្រឹក្សាឲ្យថៅកែ ដែលពូកែរឿងប្តឹងកម្មករ និងសហជីពទៅតុលាការ ដើម្បីចៀសវាងប៉ះពាល់ដល់គោល នយោបាយរបស់រាជរដ្ឋាភិបាលក្នុងការការពារ និងលើកស្ទួយសិទ្ធិ និងផលប្រយោជន៍កម្មករ៕