(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងថា ស្រុកម៉ាឡៃជាតំបន់ក្តៅនៃសង្គ្រាម និងជាកន្លែងបញ្ចប់សង្គ្រាមក្រោយគេ ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងគោលនយោបាយប្រែក្លាយតំបន់ព្រំដែន ក្លាយជាតំបន់ប្រកបដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍ ហើយមានប្រជាពលរដ្ឋចូលមករស់នៅប្រកបរបរ រកទទួលទាន កសាងផ្ទះសម្បែង និងជីវភាពរស់នៅសមរម្យ ធ្វើមានការរីកចម្រើនឈានឡើង ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។
លោកអភិបាលខេត្ត បានលើកឡើងយ៉ាងដូចនេះ នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតី ក្នុងពិធីកាត់ឬសសីមាព្រះវិហារថ្មី និងសម្ភោធសមិទ្ធផលនានា ក្នុងវត្តរតនៈម៉ាឡៃ ភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីលោកនាយឧត្តមសេនីយ៍ សុខ ភាព អនុរដ្ឋលេខាធិការក្រសួងការពារជាតិ លោកស្រីបណ្ឌិត សៀង ចាន់ហេង អគ្គនាយកក្រុមហ៊ុនហេងអភិវឌ្ឍន៍ រួមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រជាពលរដ្ឋ ពុទ្ធបរិស័ទជិតឆ្ងាយយ៉ាងច្រើនកុះករ ។
លោកអភិបាលខេត្តបានគូសបញ្ជាក់ទៀតថា ស្ថិតក្នុងបរិបទដែលប្រទេសជាតិទទួលបានសុខសន្តិភាព ខេត្តបន្ទាយមានជ័យ បានបោះជំហានយ៉ាងក្លៀវក្លា ទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋគ្រប់ទិសទី បានរួបរួមសាមគ្គីគ្នា ពុះពារតស៊ូគ្រប់ឧបសគ្គ ជំនះគ្រប់ការលំបាក ក្នុងការខិតខំកសាងប្រទេសជាតិ ក៏ដូចជាខេត្តឲ្យមានការរីកចម្រើនលើគ្រប់វិស័យ។ គ្រប់វិស័យត្រូវបានស្តារពីលេខសូន្យនៅឆ្នាំ១៩៧៩ ដែលបច្ចុប្បន្នចំនួនវត្តទូទាំងខេត្តមាន ២៤៦វត្ត អាស្រម៨ ព្រះសង្ឃ៣,៨៩៧អង្គ សាលាធម្មវិន័យ៥៩សាលា ពុទ្ធកបឋមសិក្សា៦៨សាលា ពុទ្ធកអនុវិទ្យាល័យ និងវិទ្យាល័យ ១សាលា សមណសិស្ស ២,៩១០អង្គ។
សូមបញ្ជាក់ថា ក្នុងពិធីកាត់ឬសសីមានេះ ក៏មានការចែកអំណោយជូនលោកតា លោកយាយ ប្រជាពលរដ្ឋ និងសិស្សានុសិស្សចូលរួម និងមានវិធីរាបបាតប្រគេនព្រះសង្ឃ ចំនួន១,៥០០អង្គផងដែរ៕