(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា​ ឆ្នាំ២០១៩នេះ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសលោក ផែង វណ្ណៈ ដាក់ពន្ធនាគាររយៈពេល១ឆ្នាំ ប៉ុន្តែអនុវត្តទោស តែ២ខែ១៥ថ្ងៃ ក្រៅពីនោះព្យួរ និងសងជំងឺចិត្តតាមការទាមទាររបស់អង្គភាពព័ត៌មាន Fresh News ចំនួន១០០រៀល (២សំណុំរឿង=២០០រៀល) និងពិន័យប្រាក់ចូលរដ្ឋចំនួន៦លានរៀល។

តាមការប្រកាសសាលក្រមជនជាប់ចោទ ផែង វណ្ណៈ នឹងត្រូវដោះលែងនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩។

កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការលើសំណុំរឿងជនជាប់ចោទ ផែង វណ្ណៈ ពាក់ព័ន្ធករណីញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបរិហាកេរ្តិ៍ជាសាធារណៈ ដោយនៅក្នុងសវនាការសាធារណៈនេះជនជាប់ចោទ ផែង វណ្ណៈ បានប្រកាសថា ខ្លួនពិតមានកំហុសក្នុងការជេរប្រមាថអង្គភាពព័ត៌មាន Fresh News និងត្រៀមធ្វើលិខិតសុំទោសមកកាន់អង្គភាពព័ត៌មាន Fresh News។

នៅក្នុងសវនាការ ជនជាប់ចោទ ផែង វណ្ណ: បានទទួលសារភាពកំហុសយ៉ាងដូច្នេះថា «ខ្ញុំពិតជាបានបរិហាកេរ្តិ៍ជាសាធាណ:ធ្វើឲ្យប៉ះពាល់កិត្តិយស ថ្នាក់ដឹកនាំកំពូលកិត្តិយស របស់អង្គភាព ព័ត៌មាន Fresh News ទាំងនេះដោយសារចិត្តឆេវឆាវនឹងការខឹងច្រឡោតទប់អារម្មណ៍មិនបាន នៅពេលកំពុង Live Facebook ដែលការនិយាយនោះ មិនបានព្រៀងទុក»។ ជនជាប់ចោទ ផែង វណ្ណ: បាននិយាយបន្តទៀតថា «ខ្ញុំនឹងធ្វើលិខិតដាច់ដោយឡែកមួយទៅកាន់អគ្គនាយកអង្គភាព Fresh News ដោយផ្ទាល់ដើម្បី សុំទោសគាត់»។

ដោយសារការចេះទទួលស្គាល់កំហុសរបស់ខ្លួននៅចំពោះមុខអង្គសវនាការថា ពិតជាបានប្រព្រឹត្តិនូវបទល្មើសដូចព្រះរាជអាជ្ញាចោទប្រកាន់ ដូច្នេះនៅថ្ងៃទី១៥​ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅនេះ អង្គភាពព័ត៌មាន Fresh News បានប្រកាសផ្លាស់ប្តូរនូវពាក្យបណ្តឹងរបស់ខ្លួន ដែលពាក្យបណ្តឹងពីមុនទាមទារសំណងជំងឺចិត្តចំនួន៥០ម៉ឺនដុល្លារ មកតែ១០០រៀលវិញ

នៅក្នុងសវនាការកាលពីថ្ងៃទី១៤​ ខែមិថុនា កន្លងទៅលោកមេធាវី គី តិច មេធាវីការពារសិទ្ធិនិងជាតំណាងឲ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើសុំឲ្យតុលាការផ្តន្ទាទោសលោក ផែង វណ្ណៈ ទៅតាមច្បាប់ ប៉ុន្តែមិនទាមទារសំណងជំងឺចិត្តពីជនជាប់ចោទនោះទេ។

លោក គី តិច បានលើកឡើងយ៉ាងដូច្នេះថា «ការបង្ហោះសារ និងរូបភាពប្រៀបធៀបរបស់ជនជាប់ចោទ ពិតជាបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងធ្វើឲ្យមានការយល់ច្រឡំ លើសម្តេចតេជោប្រាកដមែន។ ប៉ុន្តែដោយសារជនជាប់ចោទមានការភ្ញាក់រលឹកទទួលស្គាល់កំហុស និងសុំទោសជាសាធារណៈចំពោះទង្វើរបស់ខ្លួន ដូច្នេះសម្តេចតេជោ មិនបានទាមទារសំណងពីជនជាប់ចោទនោះ»។

លោក លី រដ្ឋធី មេធាវីតំណាងឲ្យអង្គភាព Fresh News បានលើកឡើងថា Fresh News បំពេញការងារក្នុងគោលដៅវិជ្ជាជីវៈជាចម្បង ហើយអត្ថបទជាច្រើនលើសលប់បាន ជួយដល់សង្គមទាំងមិនមានចំណូលមួយសេនទេ។ បេសកកម្មរបស់ Fresh News ជាង៥ឆ្នាំមកនេះទទួលបានការគាំទ្រពីគ្រប់មជ្ឈដ្ឋាន ជាពិសេសថ្នាក់ដឹកនាំប្រទេស។ ហើយជាការពិតណាស់ប្រាក់បៀវត្ស និងការចំណាយផ្សេងៗសម្រាប់ដំណើរការអង្គភាព គឺបានមកពីចំណូលនៃទម្រង់ការផ្សាយពាណិជ្ជកម្មសុទ្ធសាធ៕