(កំពត)៖ ចិនបានបង្ហាញនូវការពេញចិត្ដជាខ្លាំង ចំពោះបច្ចេកទេសការដាំដុះ និងការប្រើប្រាស់បច្ចេកទេសប្រមូលផលផ្លែកចេកអំបូងលឿងរបស់កម្ពុជា ដែលសុទ្ធតែស្របតាមបច្ចេកវិទ្យាទំនើប និងស្ដង់ដារខ្ពស់ ខណៈដែលប្រទេសចិន បានអនុញ្ញាតឲ្យកម្ពុជា នាំចេញចេកអំបូងលឿង ទៅកាន់ប្រទេសចិនដោយផ្ទាល់។
ជាក់ស្ដែងនៅចុងសប្តាហ៍កន្លងមកនេះ គណៈប្រតិភូក្រសួងពាណិជ្ជកម្ម, និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណើរអមលោក Hu Wei អនុរដ្ឋមន្ត្រីនៃអគ្គរដ្ឋបាលគយ សាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូ បានធ្វើទស្សនាកិច្ចស្វែងយល់ អំពីដំណាំចេកអំបូងលឿង (តាមបែបកសិ-ពាណិជ្ជកម្ម តម្រូវតាមទីផ្សារ) នៅកសិដ្ឋានចេក ក្រុមហ៊ុន ឡងមេត អេហ្គ្រីខលឈ័រ ខេត្តកំពត។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់ទស្សនកិច្ចរួចមក តំណាងលោក Hu Wei អនុរដ្ឋមន្ត្រីនៃអគ្គរដ្ឋបាលគយបានបញ្ជាក់ថា លោកមានការពេញចិត្ដជាខ្លាំង ចំពោះរោងចក្រវេចខ្ចប់ ផ្លែចេកអំបូងលឿងស្រស់ របស់ក្រុមហ៊ុន ឡង មេត អេហ្រ្គីខលឈ័រ ឯ.ក ដែលជារោងចក្រ នាំចេញចេកអំបូងលឿង ទៅកាន់ប្រទេសចិន ទាំងបច្ចេកទេសដាំដុះ និងបច្ចេកទេសប្រមូលផល។
តាមរយៈអ្នកបកប្រែ, លោក Li JianWei ប្រធាននាយកដ្ឋានកិច្ចការនាំចូលកសិផល នៃក្រសួងគយចិន តំណាងលោក Hu Wei អនុរដ្ឋមន្ត្រីនៃអគ្គរដ្ឋបាលគយ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំមានការពេញចិត្ដជាខ្លាំង ទាំងពីការដាំដុះ ទាំងពីការប្រើប្រាស់បច្ចេកទេសប្រមូលផល គឺសុទ្ធតែស្របតាមបច្ចេកវិទ្យាទំនើប និងស្ដង់ដារខ្ពស់»។
បើតាមលោកឧកញ៉ា ហ៊ុន ឡាក់ នាយកគ្រប់គ្រងក្រុមហ៊ុន ឡេងមេត អេហ្គ្រីខលឈ័រ បានឲ្យដឹងថា បច្ចុប្បន្នផ្ទៃដីដាំចេកជាង៤០០ហិកតា កំពុងប្រមូលផលវេចខ្ចប់ និងដំណើរការនាំចេញ ដោយសង្ឃឹមថា ក្នុងឆ្នាំ២០១៩ ចេកស្រស់ប្រមាណជាង២.២ម៉ឺនតោន នឹងត្រូវធ្វើការនាំចេញ ហើយឆ្នាំ២០២០ រំពឹងថា បរិមាណនេះ នឹងកើនឡើងដល់ជាង៣ម៉ឺនតោន។
លោកឧកញ៉ា ហ៊ុន ឡាក់ បានបញ្ជាក់ទៀតថា ក្រុមហ៊ុននឹងធ្វើការដាំដុះជំហានជាបន្តបន្ទាប់រហូតឲ្យគ្រប់ផ្ទៃដី១,០០០ហិកតា នៅឆ្នាំ២០២០។ លោកឧកញ៉ាបន្ដថា សព្វថ្ងៃក្រុមហ៊ុន ប្រមូលផលផ្លែកចេកអំបូងលឿងនេះ បានជារៀងរាលថ្ងៃ ខណៈដែលរយៈពេល៩ខែ ផ្លែចេកនេះ អាចប្រមូលផលបាន។
ជាមួយគ្នានោះ លោកឧកញ៉ាក៏បានបញ្ជាក់ផងដែរថា ការដាំចេកនៅក្នុងទឹកដីខេត្តកំពតនេះ ក៏បានជួយការងារដល់បងប្អូនប្រជាពលរដ្ឋ ក្នុងការរកប្រាក់ចំណូល ហើយបើតាមការទាយទុក និងមានប្រជាពលរដ្ឋ ចូលមកធ្វើការប្រមាណ២ពាន់នាក់ នៅឆ្នាំក្រោយ។ ស្របពេលដែលបច្ចុប្បន្ន មានបងប្អូនប្រជាពលរដ្ឋ បានធ្វើការនៅទីនេះ ប្រហែលជាង៩០០នាក់។
លោក វេង សាខុន រដ្ឋមន្ដ្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្លាប់បានបញ្ជាក់ថា ប្រទេសចិនជាប្រទេសដែលមានតម្រូវការចេកច្រើន ស្មើនឹង៤០ភាគរយនៃពិភពលោក ដែលមានប្រហែលជាង៤លានតោនក្នុងមួយឆ្នាំ ហើយការនាំចេញចេកអំបូងលឿង ទៅកាន់ប្រទេសចិននេះ ភាគីចិនមិនបានកំណត់កូតានាំចេញចេកសម្រាប់កម្ពុជានោះទេ។
ក្រៅតែពីការនាំចេញចេក ក្រសួងកំពុងធ្វើការចរចាជាមួយភាគិចិនក្នុងការនាំចេញផ្លែស្វាយ និងផលិតផលកសិកម្មផ្សេងៗទៀត ទៅកាន់ទីផ្សារចិនដោយផ្ទាល់ផងដែរ រួមមាន ផ្លែមៀន ស្រកានាគ ដូង ម្រេច ទឹកមាត់ត្រចៀកកាំ និងត្រីប្រា ជាដើម។
សូមបញ្ជាក់ថា ក្រុមហ៊ុន ឡង មេត អេហ្រ្គីខលឈ័រ ឯ.ក ជាក្រុមហ៊ុនដាំចេកទំនើប និងធំជាងគេនៅកម្ពុជា ដែលវិនិយោគ៣២លានដុល្លារ ដាំដុះលើផ្ទៃដីជាង១ពាន់ហិកតា ក្នុងខេត្តកំពត និងបាននាំចេញផ្លែចេកអំបូងលឿង ទៅកាន់ទីផ្សារប្រទេសចិន កាលពីដើមឆ្នាំ២០១៩៕