(ភ្នំពេញ)៖ ក្រុមហ៊ុន អ & អេហ្វ កម្ពុជា សហការជាមួយនឹងសភាពាណិជ្ជកម្មចិន-កម្ពុជា ព្រមទាំងសហគ្រាស មានឈ្មោះបោះសំឡេងនានា ដែលប្រចាំនៅកម្ពុជា បង្កើតឡើងនូវវេទិកាសន្ទនា សម្រាប់សម្ព័ន្ធពាណិជ្ជករកម្ពុជា ដើម្បីផាសុកភាព នាពេលបច្ចុប្បន្ន និងវឌ្ឍនភាព នាពេលអនាគតរបស់ពាណិជ្ជករនៅកម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការ ឈ្នះ-ឈ្នះ។ វេទិកាសន្ទនានេះ ធ្វើឡើងក្នុងកម្មវិធី សម្ពោធសម្ព័ន្ធពាណិជ្ជករ អ & អេហ្វ កម្ពុជា។
វេទិកាខាងលើនេះ បានធ្វើការពិភាក្សាជុំវិញស្ថានភាពបច្ចុប្បន្ន នៃសេដ្ឋកិច្ចកម្ពុជា និងទំនោរសក្ដានុពល នៃវឌ្ឍនភាពនាថ្ងៃអនាគត។ ក្នុងពិធីនេះ មានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់នាយកគ្រប់គ្រងពាក់ព័ន្ធ នៃក្រុមហ៊ុន អ & អេហ្វ កម្ពុជា ដៃគូសហការផ្នែកយុទ្ធសាស្ត្រ នៃសម្ព័ន្ធពាណិជ្ជករ ម្ចាស់អាជីវកម្មគ្រប់វិស័យ ប្រចាំនៅរាជធានីភ្នំពេញ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩។
ថ្លែងក្នុងឱកាសនោះ លោក វ៉ាង ជីហាវ អគ្គនាយកនៃក្រុមហ៊ុន អ & អេហ្វ កម្ពុជា បានលើកឡើងថា ឆ្នាំ២០១៩ គឺជាឆ្នាំទី២ហើយ ដែលក្រុមហ៊ុន អ & អេហ្វ កម្ពុជា បានចាក់ឫសនៅលើទីផ្សារកម្ពុជា។
លោកបន្ដថា គម្រោងបុរី អ & អេហ្វ និង គម្រោង អ & អេហ្វ ហ័រហ៊្វូ មិនត្រឹមតែជាសមិទ្ធផលដំបូងរបស់ ក្រុមហ៊ុន អ & អេហ្វ គ្រុប នៅក្នុងកម្ពុជា ប៉ុណ្ណោះនោះទេ តែក៏ជាគម្រោងដែលមានស្ដង់ដារខ្ពស់ អមដោយក្របខណ្ឌ អភិវឌ្ឍន៍ប្រទេស «ខ្សែក្រវាត់មួយផ្លូវមួយ» (One Belt One Road) របស់រាជរដ្ឋាភិបាល ដែលទទួលបានភាពជោគជ័យ យ៉ាងធំធេងកន្លងមកនេះ។
លោកបានបន្ថែមទៀតថា ក្រុមហ៊ុន អ & អេហ្វ កម្ពុជា បានប្រកាន់ខ្ជាប់ជានិច្ច នូវយុទ្ធសាស្ត្រអភិវឌ្ឍន៍ «កៀកស្និទ្ធនឹងសរសៃជីពចរ នៃទីក្រុងបង្កើតនូវជីវភាពរស់នៅដ៏ស្រស់បវរ» ហើយក៏មិនបំភ្លេចដែរ ពីបេសកកម្ម ក្នុងការក្លាយខ្លួន ជាក្រុមហ៊ុនអភិវឌ្ឍន៍វិស័យអចលនទ្រព្យ ដែលឈានមុខគេ នៅលើឆាកអន្តរជាតិផងដែរ។
លោកក៏បានបញ្ជាក់ថា «អាស្រ័យហេតុនេះហើយ ទើបក្រុមហ៊ុន អ & អេហ្វ កម្ពុជា បានសហការជាមួយនឹងសភាពាណិជ្ជកម្ម ចិន-កម្ពុជា ព្រមទាំងសហគ្រាស មានឈ្មោះបោះសំឡេងនានា ដែលប្រចាំនៅកម្ពុជា បង្កើតឡើង នូវវេទិកាសន្ទនា សម្រាប់សម្ព័ន្ធពាណិជ្ជករកម្ពុជា ដើម្បីផាសុកភាពនាពេលបច្ចុប្បន្ន និងវឌ្ឍនភាព នាពេលអនាគតរបស់ពាណិជ្ជករនៅកម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ»។
«នៅលើវេទិកាពិភាក្សាខាងលើនេះ អ្នកតំណាងមកពីគ្រប់វិស័យ ក៏បានចែករំលែកបទពិសោធន៍រៀងៗខ្លួន អំពីការយល់ឃើញ និងទស្សនវិស័យ លើការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់ អគ្គនាយកនៃក្រុមហ៊ុន អ & អេហ្វ កម្ពុជា។
ជាមួយគ្នានោះ លោក វ៉ាង ជីហាវ បានឲ្យដឹងថា ក្រុមហ៊ុន អ & អេហ្វ កម្ពុជា ក៏នឹងគ្រោងរៀបចំ វេទិកាពិភាក្សាបញ្ហាសេដ្ឋកិច្ច និងទីផ្សារជាប្រចាំ ដើម្បីដឹកនាំពាណិជ្ជករគ្រប់អាជីវកម្ម ឲ្យធ្វើការផ្ដោះប្ដូរព័ត៌មានគ្នា ទៅវិញទៅមក ក្នុងគោលបំណងពង្រីកបណ្ដាញ ខ្សែរយៈកាន់តែច្រើន និងពង្រឹងកំលាំងហិរញ្ញវត្ថុ ទីក្រុងភ្នំពេញឲ្យកាន់តែខ្លាំងផងដែរ៕