(ភ្នំពេញ)៖ ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស បានបើកប្រតិបត្តិការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត និងបណ្ណបើកបរ នៅកំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយត្រួតពិនិត្យយានយន្ត ២០១គ្រឿង ក្នុងនោះមានរថយន្តល្មើសចំនួន២៩គ្រឿង និងពិន័យជាប្រាក់ចំនួន៤,១៧៥,០០០ រៀល។
លោក សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារត្រួតពិនិត្យរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក បានឱ្យដឹងថា ការងារនេះបានធ្វើឡើងនាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ នៅតាមគោលដៅដើមទីក្នុងកំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយលោកបានដឹកនាំក្រុមការងារ កម្លាំងចម្រុះ ចុះត្រួតពិនិត្យការអនុវត្តរឹតបន្តឹងការត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានយន្ត និងបណ្ណបើកបររបស់អ្នកបើកបររថយន្ត និងអ្នករថយន្តដឹកទំនិញចេញចូលកុងតឺន័របរិវេណកំពង់ផែស្វយ័តភ្នំពេញ។
លោក សេង ឈួន បានឱ្យដឹងថា យុទ្ធនាការទាំងពីរគោលដៅកន្លងទៅនេះ ក្រុមការងារ បានត្រួតពិនិត្យរថយន្តសរុប ២០១គ្រឿង មាន១៤% ប្រព្រឹត្តល្មើសច្បាប់ ក្នុងនោះមួយចំនួនត្រូវបានណែនាំ និងមួយចំនួនទៀតត្រូវបានផាកពិន័យ ប្រមូលបានជាទឹកប្រាក់ ៤,១៧៥,០០០ រៀល។ គោលដៅនៅកំពង់ផែស្វយ័តភ្នំពេញ៖ ត្រួតពិនិត្យបាន ៣៦គ្រឿង (ល្មើស១២គ្រឿង = ៣៣%) ក្នុងនោះបានឃាត់ទុក៣គ្រឿង ខណៈ១គ្រឿង បញ្ជូនទៅអធិការស្រុកកៀនស្វាយ ដោយសារការប្រើប្រាស់ផ្លាកលេខក្លែងក្លាយ និងគោលដៅកំពុងផែស្វយ័តក្រុងព្រះសីហនុ៖ ត្រួតពិនិត្យបាន ១៦៥គ្រឿង (ល្មើស១៧គ្រឿង = ១០%)។
ការចាប់ផ្តើមត្រួតពិនិត្យរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយធ្វើការពិន័យអន្តរការ និងកែតម្រូវលក្ខណៈបច្ចេកទេសយានយន្ត ចំពោះយានយន្តធុនធ្ងន់ និងអ្នកបើកបររថយន្ត ធុនធ្ងន់ទាំងឡាយណា ដែលមិនបានបំពេញតាមលក្ខខណ្ឌតម្រូវដូចមានចែងក្នុងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន នៅតាមគោលដៅដើមទីក្នុងកំពង់ផែ ស្វយ័តភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
ការចុះត្រួតពិនិត្យរឹតបន្តឹងនេះ មានគោលបំណងការពារទ្រព្យសម្បត្តិសាធារណៈដែលមានដូចជា៖ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ ស្ពានឲ្យបានស្ថិតស្ថេរ គង់វង្ស រឹងមាំ ប្រើប្រាស់ជាប់ បានយូរអង្វែងតាមអាយុកាល ស្របតាមស្តង់ដារបច្ចេកទេស សាងសង់កំណត់ និងក៏ដូចជា ដើម្បីរួមចំណែកក្នុងការទប់ស្កាត់ និងការបន្ថយគ្រោះថ្នាក់ចរាចរណ៍។ ជាមួយគ្នានេះផងដែរ គណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានរំលឹកដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ ឱ្យចូលរួមអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដោយស្មារតីរួមសហការ និងទទួលខុសត្រូវខ្ពស់។
ជាលទ្ធផល ក្រុមការងារត្រួតពិនិត្យរឹតបន្តឹងការអនុវត្តច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោកនៅគោលដៅដើមទីក្នុងកំពង់ផែស្វយ័តភ្នំពេញ បានរកឃើញថា៖ ម្ចាស់យានយន្តដឹកទំនិញធុនធ្ងន់ ដែលចេញចូលកំពង់ផែស្វយ័តភ្នំពេញ នៅក្នុងដំណាក់កាលដំបូងនៃការអនុវត្តវិធានការនេះ បានកែតម្រូវ និងកំពុងបន្តកែតម្រូវលក្ខណៈបច្ចេកទេសយានយន្ត ស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន ឱ្យស្របតាមបទដ្ឋានបច្ចេកទេសយានយន្ត ដើម្បីអាចចេញចូលកំពង់ផែ ដឹកទំនិញបាន។
តាមការសន្និដ្ឋានរបស់ក្រុមការងារ ការចុះធ្វើយុទ្ធនាការនេះ បានផ្តល់ផលជាវិជ្ជមានជាទីកត់សម្គាល់ ដោយយើងសង្កេតឃើញថា រថយន្តដែលបានត្រួតពិនិត្យ ទាំងនោះ មានមួយចំនួនទើប បានធ្វើការកែសម្រួលបច្ចេកទេស តាមឱសានវាទដែលបានដាក់ដោយ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងមួយចំនួនទៀតមិនហ៊ាន ធ្វើចរាចារណ៍នៅឡើយដោយរង់ចាំ ការធ្វើការកែតម្រូវជាមុនសិន ទើបយកមកចរាចរណ៍ដឹកទំនិញឡើងវិញ។
ក្រៅពីនេះទៅទៀត ក៏សង្កេតឃើញមានរថយន្តរបស់ជនខិលខូចមួយចំនួនទៀត នៅតែមិនព្រមអនុវត្តតាមការណែនាំនៅឡើយ ហើយបានគេចវ៉េស មិនចូលកំពង់ផែ រង់ចាំឱកាសល្អ។ តែទោះជាយ៉ាងនេះ ក្តីតាមរយៈយន្តការរបស់ក្រុមការងារ គឺបានបែងចែកភារកិច្ច យ៉ាងម៉ឺងម៉ាត់ ជូនថ្នាក់ដឹកនាំចម្រុះ ដើម្បីឈរជើងនៅទីតាំងដើមទីទាំងនោះ ដើម្បីធានាមិនឱ្យមានបាតុភាពណាមួយ កើតឡើងតាមការគ្រោងទុក របស់ជនខិលខូចនោះឡើង ពោលគឺបើមិនអនុវត្តតាមបទដ្ឋានដែលបានណែនាំ ឬគ្មានបណ្ណបើកបរត្រឹមត្រូវ នោះនឹងមិនអាចចូលដឹកទំនិញបានឡើយ។
ក្នុងប្រតិបបត្តិការនេះ កំហុសឆ្គង ១០ចំណុច ត្រូវបានរកឃើញរាល់រថយន្តល្មើសមានកំហុសយ៉ាងតិចមួយក្នុងចំណោម ១០ចំណុចរួមមានទី១៖ ប្រើបណ្ណបើកបរចម្លង, ទី៖ ប្រើបណ្ណបើកបរ ខុសពីប្រភេទ រថយន្តកំពុងបើកជាក់ស្តែង, ទី៣៖ ប្រើផ្លាកលេខក្លែងក្លាយ, ទី៤៖ រថយន្តគ្មានលិខិតអនុញ្ញាតអាជីវកម្ម, ទី៥៖ គ្មានវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ, ទី៦៖ យានយន្តកែច្នៃខុស លក្ខណៈបច្ចេកទេស, ទី៧៖ គ្មានខ្ចៅប៊ូឡុងតាកេគ្រប់គ្រាន់, ទី៨៖ កន្ទុយស៊ឺមីរ៉ឺម៉ក គ្មានគន្លឹះសុវត្ថិភាពទប់កុងតែណ័រ, ទី៩៖ សំបកកង់សឹកដល់កម្រិតអាចផ្ទុះបង្កគ្រោះថ្នាក់ និងទី១០៖ គ្មានភ្លើងបំភ្លឺពេលយប់យន្តការនេះ ត្រូវបានសង្ឃឹមថា នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការ ថែរក្សាហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជាឱ្យបានគង់វង្សយូរអង្វែង កាត់បន្ថយបល្មើសចរាចរណ៍ ដែលបង្កមកពីអ្នកបើកបររថយន្ត ធុនធ្ងន់ និងការប្រើប្រាស់រថយន្តខុសច្បាប់ និងខុសស្តង់ដារបច្ចេកទេស ជាពិសេសគឺកាត់បន្ថយគ្រោះថ្នាក់ចារចរណ៍នៅតាមដងផ្លូវ ដែលជាបញ្ហាសំខាន់ដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់។ ជំហ៊ានបន្ទាប់ក្រុមការងារ នឹងពង្រីកការចុះត្រួតពិនិត្យពង្រឹងយន្តការនេះទៅតាមផែស្ងួតនានាផងដែរ៕