(ព្រះវិហារ)៖ ជនសង្សយ័ម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ស្រុកគូលែន ខេត្តព្រះវិហារ ឃាត់ខ្លួន ព្រមទាំងដកហូតវត្ថុតាងថ្នាំញៀនមួយចំនួន និងសម្ភារជាច្រើនទៀត។

មន្ត្រីអាវុធហត្ថខេត្តព្រះវិហារ បានឲ្យដឹងនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ថា កម្លាំងកងរាជអាវុធហត្ថស្រុកគូលែន ដឹកនាំដោយលោកអនុសេនីយ៍ឯក នួន ភារៈ មេបញ្ជាការកងរាជអាវុធហត្ថស្រុក ដោយមានការណែនាំពីលោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បានដឹកនាំកម្លាំងចុះបង្រ្កាបករណីជួញដូរគ្រឿងញៀន ដោយខុសច្បាប់មួយកន្លែង នៅភូមិស្រយ៉ង់ត្បូង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។

ជាលទ្ធផល បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ជួន ម៉ាប់ អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងខ្ទះ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។

ជាមួយគ្នានោះ កម្លាំងក៏បានដកហូតវត្ថុតាងថ្នាំញៀន ម៉ាទឹកកកចំនួន ៧កញ្ចប់ស្មើ និង១១.៣១ក្រាម ម៉ូតូ១គ្រឿង ទូរសព្ទ័១គ្រឿង សម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន។

មន្ត្រីអាវុធហត្ថបានឲ្យដឹងទៀតថា បន្ទាប់ពីបានសួរនាំរួច ជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់៕