(ភ្នំពេញ)៖ ការប្រកួតហ្គេម The Rules of Survival KH Cup វគ្គផ្តាច់ព្រ័ត្រ បានប្រារព្ធឡើងនៅថ្ងៃសៅរ៍ទី១៥ ខែមិថុនា ឆ្នាំ២០១៩ ក្នុងផ្សារទំនើបអ៊ីអនម៉លសែនសុខ។ ក្រុមចុងក្រោយចំនួន៤ បានប្រកួតគ្នា ជាសាធារណៈ ដើម្បីទទួលបានរង្វាន់ធំ ជាទឹកប្រាក់សរុបចំនួន១០០លានរៀល (ឬ ២៥,០០០ ដុល្លារ)។
អ្នកឈ្នះពីលេខ១ ដល់លេខ៥ រួមមាន៖ * លេខ១៖ Mister ទទួលបានប្រាក់រង្វាន់២៥លានរៀល, * លេខ២៖ Warrior ទទួលបានប្រាក់រង្វាន់២០លានរៀល, * លេខ៣៖ U.P ទទួលបានប្រាក់រង្វាន់១០លានរៀល * លេខ៤៖ NRX ទទួលបានប្រាក់រង្វាន់៧លានរៀល និង * លេខ៥៖ KNOCK ទទួលបានប្រាក់រង្វាន់៦លានរៀល។
គួររំលឹកថា ការប្រកួតហ្គេម The Rules of Survival (ROS) KH Cup ក្នុងរដូវកាលទី១ បានរៀបចំការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្ត កាលពីខែមីនា នៅកោះពេជ្រ ហើយវាជាការប្រកួតហ្គេម ROS ផ្លូវការដំបូងគេបំផុត នៅប្រទេសកម្ពុជា។
ការប្រកូតនេះ ត្រូវបានរៀបចំឡើង ក្រោមកិច្ចសហការគ្នា រវាងក្រុមអ្នកបង្កើតហ្គេម ROS គឺក្រុមហ៊ុន NetEase Games សហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា (E-Sports) និងក្រុមហ៊ុន Cellcard ក្រោមចក្ខុវិស័យរួមមួយ គឺដើម្បីបណ្តុះបណ្តាល និងអភិវឌ្ឍវិស័យកីឡាអេឡិចត្រូនិច ក្នុងប្រទេសកម្ពុជា។
លោក Ian Watson នាយកប្រតិបត្តិក្រុមហ៊ុន Cellcard បានថ្លែងថា «ពួកយើងចាត់ទុកការលេងហ្គេម និងល្បែងកម្សាន្តលើប្រព័ន្ធឌីជីថល ជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភសំខាន់ផ្សេងទៀត នៃវិស័យ ឌីជីថលនាពេលអនាគត ហើយពួកយើងប្តេជ្ញាចិត្ត ក្នុងការគាំទ្រលើការចាប់ផ្តើម ការបង្កើត និងភាពរីកចម្រើន នៃវិស័យកីឡាអេឡិចត្រូនិច និងការកម្សាន្តលើវិស័យឌីជីថល ក្នុងប្រទេសកម្ពុជា ដែលជាជំហាន ក្នុងការបណ្ដុះបណ្ដាល និងរៀបចំសម្រាប់សហគមន៍ ជាពិសេសយុវជនក្នុងការត្រៀមខ្លួន នៅក្នុងយុគសម័យឌីជីថលដ៏រីកចម្រើន យ៉ាងឆាប់រហ័សមួយនេះ»។
ROS គឺជាហ្គេម battle royale ដែលពេញនិយម និងមានចំនួនអ្នកបានដោនឡូតច្រើនបំផុត ក្នុងពិភពលោក រហូតដល់២០០លានដងទូទាំងពិភពលោក ហើយក្នុងនោះ មានអ្នកលេងជារៀងរាល់ថ្ងៃចំនួន១.១លាននាក់ ក្នុងប្រទេសកម្ពុជា និងអ្នកលេងថ្មី ជាបន្តបន្ទាប់ទៀត ចំនួន៥០០, ០០០នាក់ក្នុងមួយខែៗ។ ហ្គេម ROS បច្ចុប្បន្នកំពុងជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងចំណោមហ្គេមផ្សេងៗទៀត នៅកម្ពុជា។ នេះបើយោងតាមគេហទំព័រ appfigures.com ។
ក្រុមហ៊ុន Cellcard ក៏បានជួយជំរុញក្រុមជ័យលាភី ពីការប្រកួតហ្គេម Mobile Legends: Bang Bang របស់កម្ពុជា ឲ្យទៅចូលរួមប្រកួតក្នុងកីឡា SEA Games ក្នុងឆ្នាំ២០១៩នេះផងដែរ។ កីឡា Mobile Legends Bang Bang នេះទៀតសោត ជាកីឡាដំបូងគេ ដែលបានទទួលស្គាល់ជាកីឡាអេឡិចត្រូនិច ហើយរាប់បញ្ចូលនៅក្នុងកីឡា Southeast Asian(SEA) ឆ្នាំ២០១៩ ដែលមានប្រទេសហ្វីលីពីនជាម្ចាស់ផ្ទះ៕