(ភ្នំពេញ)៖ កម្មវិធី «ស្ពានភាសាចិន» មិនត្រឹមតែជា «កន្លែងពិសោធន៍ និងជាកន្លែងបង្ហាញសមត្ថភាព» តែប៉ុណ្ណោះទេ តែក៏ជាវេទិកាសម្រាប់ផ្លាស់ប្តូរការអប់រំរវាងកម្ពុជាចិនផងដែរ។ ការប្រកួត «ស្ពានភាសាចិន» ផ្តោតសំខាន់លើការវាស់ស្ទង់សមត្ថភាពភាសាចិន ការយល់ដឹងពី វប្បធម៌ និងស្ថានភាពរបស់ប្រទេសចិនក្នុងពេលបច្ចុប្បន្ន។

ប្រធានបទក្នុងកម្មវិធីលើកនេះ គឺ «សិក្សាភាសាចិន ដើម្បីបង្កើតសុបិននាពេលអនាគត»។ នេះជាការលើកឡើងរបស់កញ្ញា វុធ សុភ័ក្រណា នាយិកាវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងនៅក្នុងកម្មវិធី «ស្ពានភាសាចិន» ពិភពលោកលើកទី១២ សម្រាប់សិស្សមធ្យមសិក្សា វគ្គផ្តាច់ព្រ័ត្រនៅកម្ពុជា បានរៀបចំឡើងនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ ក្នុងសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប។

កញ្ញា វុធ សុភ័ក្រណា នាយិកាវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ជារៀងរាល់ឆ្នាំវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា មានកិត្តិយសរៀបចំកម្មវិធី «ស្ពានភាសាចិន» ដោយទទួលបានការទទួលស្គាល់ពីសំណាក់មហាជនគ្រប់ស្រទាប់។ ជាការពិតណាស់ កម្មវិធីនេះអាចប្រព្រឹត្តទៅបានយ៉ាងរលូន គឺមិនអាចកាត់ផ្តាច់បាននូវការគាំទ្រពីសំណាក់ រាជបណ្ឌិត្យសភាកម្ពុជា ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា សាកលវិទ្យាល័យអាស៊ីអឺរ៉ុប សមាគមពាណិជ្ជកម្មខេត្ដហុកគៀនប្រចាំនៅកម្ពុជា និងគ្រឹះស្ថានសិក្សាភាសាចិនជាច្រើន។

កញ្ញា វុធ សុភ័ក្រណា បានបន្ថែមថា ឆ្នាំនេះជាខួប១០ឆ្នាំ នៃការបង្កើតវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា។ ក្នុងរយៈពេល១០ឆ្នាំមក នេះ វិទ្យាស្ថានបានប្តេជ្ញាយ៉ាងមុតមាំ ក្នុងការពង្រឹងការផ្លាស់ប្តូរភាសា វប្បធម៌ ការចែករំលែកនូវបទពិសោធន៍ និងព្យាយាមធ្វើយ៉ាងណាដើម្បីជំរុញមិត្តភាពរវាងប្រទេសកម្ពុជាចិន ដើម្បីឈានទៅដល់ការទទួលបាននូវ ការកសាងអត្ថប្រយោជន៍រួមគ្នា។

កញ្ញាបានបន្តទៀតថា តាមរយៈ កម្មវិធីស្ថានភាសាចិននេះ ប្អូនៗអាចបន្តក្តីស្រម៉ៃរបស់ខ្លួន ពង្រីកចំណេះដឹងបន្តទៅទៀត សម្រេចនូវក្តី សុបិនរបស់ប្អូនៗ ដើម្បីរួមចំណែកជួយកសាងជាតិ យើងទៅថ្ងៃអនាគត។ នាងខ្ញុំសូមបញ្ជាក់ផងដែរថា បេក្ខជន ឬបេក្ខនារីដែលនឹងទទួលជ័យលាភីនៅក្នុងថ្ងៃនេះ នឹងតំណាងប្រទេសកម្ពុជា ដើម្បីទៅបន្តចូលរួមប្រកួតជាមួយនឹងបេក្ខភាព មកពីជុំវិញពិភពលោក។

តំណាងសមាគម ខ្មែរ-ចិន ប្រចាំកម្ពុជា ថ្លែងអំណរគុណវិទ្យាស្ថានខុងជឺ ដែលបានរៀបចំឱ្យមានវេទិកាដ៏ល្អនេះ និងថែមទាំងបានផ្តល់ឱកាសដល់សិស្សទាំងអស់គ្នា ក្នុងការរៀនសូត្រលត់ដំខ្លួន។ លោកបានបន្តថា ដោយស្ថិតក្នុងបរិបទ នេះហើយ ទើបភាសាចិននៅប្រទេសកម្ពុជា កាន់តែទទួលបានការពេញនិយម ដោយមានសិស្ស-និស្សិតកាន់តែច្រើនឡើងៗសិក្សាភាសាចិន។ លោកថា កម្មវិធី «ស្ពានភាសាចិន» គឺជា «បង្អួច» មួយសម្រាប់ឱ្យយើងអាចសម្លឹងមើលទៅប្រទេសចិន និងបានស្វែងយល់ពីប្រទេសចិន ហើយកម្មវិធីនេះ ក៏បានជំរុញលើកទឹកចិត្តដល់យុវជន យុវតីកម្ពុជា ឱ្យសិក្សាភាសាចិនផងដែរ។

លោក ហ្វឹង ចឺឈាន លេខានៃសភាពាណិជ្ជកម្មខេត្តហ្វូជៀនប្រចាំកម្ពុជា បានលើកឡើងថា មជ្ឈមណ្ឌលបណ្តុះបណ្តាលគរុកោសល្យភាសាចិនរវាងចិន និងកម្ពុជានៅតែបន្តលើកកម្ពស់កម្រិតជំនាញ នៃការបង្រៀន បច្ចេកទេសនិងការសិក្សាពីវប្បធម៌ ជូនដល់គ្រូជនជាតិខ្មែរដែលប្រកបមុខរបរបង្រៀនភាសាចិន។

លោកបន្តថា ស្ថិតនៅក្រោមការគាំទ្រពីស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា សមាគមន៍ចិនខ្មែរ ព្រមទាំងការសង្អុលបង្ហាញពីវិទ្យាស្ថានខុងជឺ មជ្ឈមណ្ឌលបណ្តុះបណ្តាលគរុកោសល្យភាសាចិន រវាងចិននិងកម្ពុជាបានបង្កើតកម្មវិធីបណ្តុះបណ្តាលជំនាញជាច្រើនវគ្គ។វគ្គទីមួយនៃវគ្គបណ្តុះបណ្តាលជំនាញគរុកោសល្យសម្រាប់ឆ្នាំនេះ នឹងបើកដំណើរការនៅថ្ងៃទី១ខែសីហាខាងមុខនេះ យើងនឹងធ្វើការជូនដំណឹងតាមក្រោយ។

លោក ហ្វឹង ចឺឈាន សង្ឃឹមថា បេក្ខជន និងសិស្សានុសិស្សដែលស្រឡាញ់ការសិក្សាភាសាចិន ខិតខំសិក្សា ដើម្បីក្លាយជាអ្នកផ្សារភ្ជាប់វប្បធ៌មរវាងប្រទេសចិន និងកម្ពុជា៕