(ភ្នំពេញ)៖ សំរាមនានា និងដីកកកុញតាមចិញ្ចើមផ្លូវមួយចំនួន ដែលអាចធ្វើឱ្យបាត់បង់សោភ័ណ្ឌភាព ចាប់ពីសួនច្បារផ្លូវភ្លោះ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខឃ្លាំងអង្ករ រហូតទៅដល់មុខ អេសស្កាដេ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ គិតត្រឹមពេញមួយថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ ឃើញថា មានសោភ័ណ្ឌភាពល្អប្រសើរឡើងវិញហើយ ក្រោយពីកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ-សង្កាត់ បានសហការគ្នាចុះធ្វើអនាម័យកើបប្រមូល សម្អាតបរិស្ថាន យ៉ាងសស្រាក់សស្រាំ ដើម្បីឆ្លើយតបតាមមតិដឹកនាំផ្ទាល់របស់លោក ជា ពីសី អភិបាលខណ្ឌ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។
ក្នុងការដឹកនាំចង្អុលបង្ហាញខាងលើនេះ លោក ជា ពិសី បានលើកឡើង ដើម្បីជំរុញនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខណ្ឌ ក៏ដូចជា កិច្ចប្រជុំគណៈបញ្ជាការឯកភាពប្រចាំខែ ជាញឹកញាប់ផងដែរ អំពីអនាម័យនេះ មានសារៈសំខាន់ណាស់សម្រាប់សុខភាពប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ សំដៅលើកការបោះចោលសំរាម ឱ្យមានការវេចខ្ចប់ ដាក់ស្បោងប្លាសស្ទិកត្រឹមត្រូវ ដើម្បីឱ្យក្រុមហ៊ុន ស៉ិន ទ្រី មកប្រមូលយក ក្នុងការរក្សាសោភ័ណភាពទីក្រុង។
យ៉ាងណាក៏ដោយ ក្រោយមានការដឹកនាំចង្អុលបង្ហាញពីលោក ជា ពិសី ជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាអភិបាលខណ្ឌ គេសង្កេតឃើញថា កម្លាំងសណ្ដាប់ ធ្នាប់ខណ្ឌ-សង្កាត់ ពិតជាបានរួមចំណែកជួយការងារសង្គមបានយ៉ាងច្រើន ក្រៅពីការចូលរួមចំណែកយ៉ាងសកម្ម ក្នុងការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ឲ្យមានរបៀបរៀបរយ ទាំងធ្វើចរាចរសម្រួល តាមដងផ្លូវ និងជួសជុលលាងសម្អាតផ្លូវ ជូនប្រជាពលរដ្ឋរស់នៅធ្វើដំណើរ ដោយសវត្ថិភាព នោះកម្លាំងសណ្ដាប់ធ្នាប់ តែងតែសហការជាមួយភ្នាក់ងារឃ្លាំមើលសំរាមតាមសង្កាត់ និងភ្នាក់ងារប្រមូលសំរាម របស់ក្រុមហ៊ុន ស៉ិន ទ្រី ក្នុងការប្រមូលរាល់កាកសំណល់សំរាម និងធ្វើអនាម័យ សម្អាតបរិស្ថាន៕