(កំពង់ចាម)៖ លោក មួន វាសនា ទីប្រឹក្សាសម្ដេចពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានគណៈគ្រប់គ្រងសកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច UME បានលើកឡើងថា ភាពជោគជ័យរបស់មនុស្ស គឺស្ថិតទៅលើការប្រើកម្លាំង២ ពោលគឺកម្លាំងកាយ និងកម្លាំងចិត្ត។
ការលើកឡើងរបស់លោក មួន វាសនា បានធ្វើឡើងនាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩នេះ ខណៈដែលលោក និងលោកស្រី បានចូលរួមជាគណៈអធិបតី ក្នុងពិធីបើកការការពារសារណា របស់និស្សិតនៃសាកលវិទ្យាល័យ UME ខេត្តកំពង់ចាមជិត២០០នាក់។
ថ្លែងទៅកាន់និស្សិតដែលត្រូវឡើងការពារសារណារបស់ខ្លួនក្នុងថ្ងៃនេះ លោក មួន វាសនា បានបន្តថា ដើម្បីឈានទៅរកការជោគជ័យ និស្សិតយើងទាំងអស់ ត្រូវតែមានសុខភាពល្អ ពោលគឺកម្លាំងកាយ រួមនឹងការតាំងចិត្តឱ្យក្លាហានប្រកបដោយឆន្ទៈមោះមុត ដើរឆ្ពោះទៅរកគោល ដៅរបស់ខ្លួន ជាពិសេសគឺនៅថ្ងៃដែលត្រូវឡើងការពារសារណារនេះតែម្តង។
លោក មួន វាសនា បានបន្ថែមទៀតថា រយៈពេល៤ឆ្នាំ នៃការសិក្សាថ្នាក់បរិញ្ញាបត្រ របស់និស្សិតយើងបានចប់ ប៉ុន្តែវិជ្ជាផ្សេងៗទៀត យើងត្រូវតែសិក្សាបន្ត ពេញមួយជីវិតរបស់យើង។
សូមបញ្ជាក់ដែរថា ក្នុងថ្ងៃការពារសារណានេះ មាននិស្សិតផ្នែកបរិញ្ញាបត្រជាន់ខ្ពស់ជំនាន់ទី៧ ចំនួន១៥នាក់។ ដោយឡែកនិស្សិតថ្នាក់បរិញ្ញាបត្រ ជំនាន់ទី១៤ មានចំនួន១៨៥នាក់។
លោក ម៉ៅ ឌុង សមាជិកគណៈគ្រប់គ្រងសាកលវិទ្យាល័យ UME ក៏បានថ្លែងផ្ដាំ ផ្ញើដល់និស្សិតទាំងអស់ដែលត្រូវឡើងការពារសារណាថា បន្ទាប់ពីនិស្សិតយើងបានខិតខំសិក្សារៀនសូត្រអស់ រយៈពេល៤ឆ្នាំ លោកសង្ឃឹមថាក្នុងថ្ងៃនេះ និស្សិតទាំងអស់នឹងខិតខំប្រឹងប្រែង ឱ្យអស់ពីសមត្ថភាព ដើម្បីឡើងការពារសារណារបស់ខ្លួន ដែលក្នុងកម្មវិធីនេះមានចំនួន ៦មុខវិជ្ជា ដែលត្រូវការពារ ដើម្បីឆ្លងផុតនៃក្របខណ្ឌថ្នាក់បរិញ្ញាបត្រ ដែលប្អូនៗបានខិតខំសិក្សានាពេលកន្លងមក៕