(តាជីគីស្ថាន)៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចាកចេញពីប្រទេស Tajikistan ត្រឡប់មកកាន់មាតុភូមិវិញ តាមយន្តហោះពិសេស បន្ទាប់ពីបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៥ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្ត នៅអាស៊ីដែលប្រព្រឹត្តិទៅកាលពីម្សិលមិញ។ នេះបើយោងតាមការចុះផ្សាយរបស់ Facebook សម្តេចតេជោ ហ៊ុន សែន។
Facebook របស់សម្តេចតេជោនាយករដ្ឋមន្ត្រីបានចុះផ្សាយយ៉ាងដូច្នេះថា «នៅព្រឹកថ្ងៃទី១៦ មិថុនា ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កំពុងដឹកនាំគណប្រតិភូជាន់ខ្ពស់ អញ្ជើញចាកចេញពីប្រទេស Tajikistan វិលត្រឡប់មកកាន់មាតុភូមិវិញ តាមយន្តហោះពិសេស បន្ទាប់ពីបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៥ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ដែលបានប្រព្រឹត្តិទៅកាលពីម្សិលមិញនេះរួចមក។ តាមគម្រោងហោះហើរ គឺយន្តហោះនឹងមកដល់ប្រទេសកម្ពុជានៅម៉ោងប្រមាណ ១៦:៥៥នាទីល្ងាច។ សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា»។
គួររំលឹកថា សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចាកចេញពីកម្ពុជានៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ដើម្បីបំពេញទស្សនកិច្ចទៅប្រទេសហុងគ្រី រយៈពេល២ថ្ងៃ គឺថ្ងៃទី១៣-១៤ ខែមិថុនា ហើយនៅថ្ងៃទី១៤ ខែមិថុនា សម្តចតេជោ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចាកចេញពីប្រទេសហុងគ្រី ទៅចូលរួមសន្និសីទកំពូលលើកទី៥ ស្តីពីអន្តរសកម្មភាព និងការកសាងទំនុកចិត្តអាស៊ី នៅប្រទេសតាជីគីស្ថាន។
សមិទ្ធផលជូនជាតិជាច្រើន ដូចជាការពង្រឹកទំនាក់ទំនងការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ អប់រំ និងវិស័យមួយចំនួនទៀត ទាំងក្របខណ្ឌទ្វេភាគី និងពហុភាគី សម្រេចបានក្នុងដំណើរទស្សកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសទាំង២នេះ៕