(រតនគិរី)៖ ដោយមានការចង្អុលបង្ហាញពីលោក ឧត្ដមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្ត និងលោកឧត្តមសេនីយ៍ត្រី វ៉ាន់ សង្វាត ស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន ព្រមទាំងមានការសម្របសម្រួលពីលោក លាង អ៊ូ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបាន កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យប្រុស-ស្រី ចំនួន៣នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន។
លោកវរសេនីយ៍ទោ លាង អ៊ីម នាយការិយាល័យប្រឆាំងគ្រឿងញៀនបានឱ្យដឹងថា ការចុះបង្ក្រាបជនសង្ស័យទាំង៣នាក់ ខាងលើបានធ្វើឡើងនាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ ម្សិលមិញ ស្ថិតនៅចំណុចផ្ទះជួលរបស់ជនសង្ស័យ ស្ថិតក្នុងភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
លោកវរសេនីយ៍ទោ លាង អ៊ីម បានបន្តថា ជនសង្ស័យទាំង៣នាក់រួមមានទី១៖ ឈ្មោះ ឆុន លឹមហេង ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ, ទី២៖ ឈ្មោះ គឹម ស្រៀង ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកសិករ និងទី៣៖ ឈ្មោះយិន ស្រី និច ភេទស្រី អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ។ វត្ថុតាងដែលដកហូតបានរួមមាន៖ ម្ស៉ៅក្រាមពណ៌សថ្លា២កញ្ចប់, ជញ្ជីងថ្លឹងគ្រឿងញៀន១, ថង់ច្រកថ្នាំញៀនមួយចំនួន និងសម្ភារប្រើប្រាស់មួយចំនួន។
លោកវរសេនីយ៍ទោ លាង អ៊ីម បន្ថែមទៀតថា បន្ទាប់ពីសួរចម្លើយតាមជំនាញ កម្លាំងរបស់លោកបានឈាន ទៅឆែកឆេរផ្ទះជនសង្ស័យមួយកន្លែងទៀត ស្ថិតក្នុងភូមិ១ សង្កាត់កាចាញ រកឃើញម្ស៉ៅក្រាមពណ៌សសង្ស័យជាសារធាតុញៀនចំនួន២កញ្ចប់, ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន២, ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួនធំ។
លោកវរសេនីយ៍ទោ លាង អ៊ីម បញ្ជាក់ឱ្យដឹងទៀតថា វត្ថុតាងដកហូតទាំងអស់ម្ស៉ៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន៤កញ្ចប់ មានទម្ងន់៤៨,២៨ក្រាម (ទាំងសំបកថង់), ជញ្ជីងថ្លឹងថ្នាំញៀនចំនួន៣, ទូរស័ព្ទ១គ្រឿង, ម៉ូតូ២គ្រឿង, លុយខ្មែរ២០ម៉ឺនរៀល, ថង់ច្រកថ្នាំញៀនមួយចំនួនធំ និងសម្ភារសេពគ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជន សង្ស័យទាំង៣នាក់ខាងលើ រួមនឹងវត្ថុតាងត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ននៅការិយាល័យជំនាញ នៃស្នងការនគរបាលខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងចាត់ការតាមនីតិវិធីច្បាប់៕