(កោះកុង)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តកោះកុង បានអញ្ជើញប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តកោះកុង អាណត្តិទី៣ ចំនួន១៩រូប ដោយជំរុញឱ្យមន្ត្រីខិតខំធ្វើការ ដើម្បីបម្រើប្រជាពលរដ្ឋឱ្យមានប្រសិទ្ធិភាពខ្ពស់ ពង្រឹងបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការគ្រប់គ្រងធនធានធម្មជាតិ ឱ្យអស់ពីលទ្ធភាព។

ពិធីនេះបានធ្វើឡើងនៅសាលមហោស្រពខេត្តកោះកុង នារសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ប្រតិភូក្រសួងមហាផ្ទៃ គណៈអភិបាលខេត្ត ក្រុង ស្រុក ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានា។

សម្តេចពិជ័យសេនា បានដាក់តឿនដល់មន្ត្រីដែលទើបទទួលបានការតែងតាំងថ្មី ឱ្យត្រូវធ្វើយ៉ាងណាបំពេញការងាររបស់ខ្លួន ឱ្យកាន់តែសកម្មបន្ថែមទៀត ដើម្បីចូលរួមក្នុងការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ពិសេសក្រុមប្រឹក្សាដែលទើបនឹងជាប់ថ្មី ត្រូវចូលរួមប្រកាសទ្រព្យសម្បត្តិ និងបំណុលឱ្យបានរួចរាល់ត្រឹម២សប្តាហ៍ បន្ទាប់ពីចូលកាន់តំណែងជាផ្លូវការ។

សម្តេចពិជ័យសេនា ទៀបាញ់ បានលើកឡើងថា មន្ត្រីថ្នាក់ក្រោមជាតិទាំងអស់ ត្រូវយកចិត្តទុកដាក់ដោយមុតមាំ របស់ក្រសួងស្ថាប័ន របស់រាជរដ្ឋាភិបាលថ្នាក់ក្រោមជាតិ និងអ្នកដែលពាក់ព័ន្ធនានា ត្រូវមាននីតិវិធីអនុវត្តន៍រដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមច្បាប់ ស្តីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ស្រុក ក្រុង ខណ្ឌ និងតាមគោលការណ៍អនុវត្តន៍បែបប្រជាធិបតេយ្យ ថ្នាក់ក្រោមជាតិ និងការរៀបចំប្រព័ន្ធបុគ្គលិក និងធនធានមនុស្សតាមបែបវិមជ្ឈការ និងសហវិមជ្ឈការ ដល់សិទ្ធអំណាចដល់ដល់រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ក្នុងការគ្រប់គ្រង និងចាត់ចែងសមត្ថភាពមន្ត្រីបុគ្គលិករបស់ខ្លួន។

សម្តេចពិជ័យសេនាបានបន្តថា ដើម្បីសម្រេចបានភារកិច្ចទាំងនេះ ត្រូវខិតខំពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានក្នុងក្រុមប្រឹក្សា ដើម្បីលើកកម្ពស់ការទទួលខុសត្រូវភាពជាម្ចាស់ការ ក្នុងបំពេញតួនាទីភារកិច្ចលើការអភិវឌ្ឍន៍គ្រប់មូលដ្ឋាន ក្នុងឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ។

លោក កាយ សំរួម ប្រធានក្រុមប្រឹក្សាបានធ្វើការប្តេជ្ញាថា ដើម្បីឆ្លើយតបទៅនឹងគុណូបការៈ និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក៏ដូចជាស្ថាប័នថ្នាក់ជាតិ លោកសូមធ្វើការប្តេជ្ញាចិត្តអស់ពីកម្លាំងកាយចិត្ត ក្នុងនាមក្រុមប្រឹក្សាគណៈអភិបាលខេត្តកោះកុង ប្តេជ្ញាគោរពរដ្ឋធម្មនុញ្ញ ច្បាប់លិខិតបទដ្ឋាននានា និងបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាដែលបានកំណត់ និងអនុវត្តន៍កម្មវិធីនយោបាយយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់នីតិកាលទី៦ នៃរដ្ឋសភាឱ្យបានជោគជ័យ៕