(សៀមរាប)៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានណែនាំឲ្យរដ្ឋបាលព្រៃឈើ សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទគ្រប់រាជធានីខេត្ត ត្រូវគិតគូរដាំ មើលថែរទាំ និងការពារឫស្សី និងផ្តៅឲ្យបានត្រឹមត្រូវ តាមលក្ខណ:បច្ចេកទេស ដើម្បីបង្កើនផលិតកម្មវត្ថុធាតុដើមទាំងនេះ រក្សាបាននិរន្តរភាពនៃការផ្គត់ផ្គង់បម្រើឲ្យវិស័យកែច្នៃឫស្សី និងផ្តៅឲ្យបានគ្រប់គ្រាន់ទាំងបរិមាណ និងគុណភាព ខណៈដែលកម្ពុជានឹងក្លាយជា សមាជិកនៃអង្គការបណ្តាញអន្តរជាតិឫស្សី និងផ្តៅនាពេលអនាគតយ៉ាងខ្លីខាងមុខនេះ។
ការណែនាំនេះធ្វើឡើងក្នុងឱកាសដែលលោករដ្ឋមន្ត្រី ដឹកនាំសហការីចុះមកពិនិត្យស្ថានីយស្រាវជ្រាវ និងស្តារព្រៃឈើឃុនរាប នៅភូមិត្រពាំងថ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានណែនាំឲ្យរដ្ឋបាលព្រៃឈើ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្រូវសហការជាមួយអាជ្ញាធរខេត្ត ដើម្បីរៀបចំផែនការដាំដុះកូនឈើលើដីរបស់រដ្ឋ ទីសាធារណ: ក្នុងវត្តអារាម មន្ទីរពេទ្យ តាមដងវិថីក្នុងក្រុង ស្រុក និងសាលារៀន ដើម្បីបង្កើតគម្របព្រៃឈើបៃតងឡើងវិញ និងជាពិសេសជួយកាត់បន្ថយការឡើងកំដៅ។
លោករដ្ឋមន្ត្រីក៏បានជំរុញឲ្យរដ្ឋបាលព្រៃឈើ និងមន្ទីរកសិកម្មគ្រប់រាជធានីខេត្ត គួរជំរុញបន្ថែមទៀតលើការផ្សព្វផ្សាយបច្ចេកទេសកសិកម្មចម្រុះ ដល់ប្រជាសហគមន៍ដើម្បីឲ្យពួកគាត់ មានមុខរបរច្បាស់លាស់ មានចំណូលថិតថេរដែលទទួលបានពីផលដំណាំ បន្លែ និងការចិញ្ចឹមសត្វ ចិញ្ចឹមត្រី ហើយពិតណាស់ចំណូលនេះអាច នឹងជួយពួកគាត់ឈប់ចូលព្រៃដើម្បីកាប់ឈើ រកផល និងអនុផលព្រៃឈើដែលប្រឈមហានីភ័យខ្ពស់ និងធ្វើឲ្យប៉ះពាល់ដល់ធនធានធម្មជាតិផងដែរ។ ចំពោះករណីនេះ មន្ទីរត្រូវចុះតាមដានសកម្មភាពរបស់ពួកគាត់ជាប្រចាំ ប្រការក្រែងការអនុវត្តបច្ចេកទេសមិនបានត្រឹមត្រូវដែលនាំឲ្យគាត់បោះបង់ រួចធ្វើចំណាកស្រុក ហើយក៏ត្រូវទាមទារឲ្យរៀនសូត្របន្ថែមផងដែរ ធ្វើយ៉ាងនេះទើបធ្វើឲ្យការអភិវឌ្ឍអាជីពរបស់ពួកគាត់ អាចរក្សាបាននូវចីរភាព និងនិរន្តរភាពពិតប្រាកដ។
សូមជម្រាបថា ស្ថានីយស្រាវជ្រាវ និងស្តារព្រៃឈើឃុនរាប ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១២ ក្រោមជំនួយឧបត្ថម្ភថវិកាពីសាធារណរដ្ឋកូរ៉េក្នុងចំនួនទឹកប្រាក់ ៣.៥លានដុល្លារ។
ស្ថានីយមានគោលដៅស្រាវជ្រាវ ផ្សព្វផ្សាយ និងបណ្តុះកូនឈើទុកចែកជូនប្រជាពលរដ្ឋដាំដើម្បីបង្កើតគម្របព្រៃឈើនៅតំបន់បន្ទាយស្រី និងនៅទូទាំងខេត្តសៀមរាប។ ជាមធ្យមក្នុង ១ឆ្នាំស្ថានីយបណ្តុះឈើបាន ១០ម៉ឺនកូន និងបានរៀបចំសួនដាំឈើអនុស្សាវរីយ៍ទុកជូនសាធារណជនដាំ និងបង្កើតចំការពូជ បង្កើតឡូតិ៍ពិសោធន៍ជម្រើសដើមកូន។
ក្រៅពីនេះ ស្ថានីយក៏ដើរតួនាទីជាកន្លែងស្រាវជ្រាវសេនេទិកព្រៃឈើ បណ្តុះបណ្តាល និងផ្សព្វផ្សាយបច្ចេកទេសដល់និស្សិត និងប្រជាពលរដ្ឋផងដែរទាក់ទងនឹងបច្ចេកទេសដាំឈើ មើលថែទាំ និងការពារ ការប្រើប្រាស់ដីប្រកប ដោយប្រសិទ្ធភាព និងបណ្តុះបណ្តាលបច្ចេកទេសកសិកម្មចម្រុះ។
បន្ទាប់ពីបានដើរពិនិត្យពីស្ថានភាពរួមរបស់ស្ថានីយរួចមក លោករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះជំនួយឧបត្ថម្ភរបស់រដ្ឋាភិបាលកូរ៉េ និងមន្រ្តីរដ្ឋបាលព្រៃឈើទាំងអស់ ដែលបានខិតខំអភិវឌ្ឍស្ថានីយ ទទួលបានសមិទ្ធផលយ៉ាងធំធេងគួរជាទីមោទន៕