(ភ្នំពេញ)៖ អតីតបវរកញ្ញាចក្រវាឡប្រចាំប្រទេសជប៉ុន Satomi Ogawa បានបង្ហាញវត្តមានលើទឹកដីកម្ពុជាម្ដងទៀតហើយ ជាមួយកម្មវិធីប្រគំតន្ដ្រី Catch a Cambodian Star 2019 របស់សមាគមសិល្បៈជប៉ុនកម្ពុជា(JCPAA) ដែលនឹងធ្វើឡើងចំនួន ២លើក នៅផ្សារទំនើបអ៊ីអនសែនសុខ ។
សមាគមសិល្បៈជប៉ុនកម្ពុជា បានបែងចែកកម្មវិធីខាងលើជាពីរ ដោយល្ងាចថ្ងៃសៅរ៍នេះ គឺជាកម្មវិធីច្រៀង និងសម្ដែង បើកជំហរឲ្យមហាជនចូលរួមទស្សនាដោយសេរី ។ ប៉ុន្ដែថ្ងៃទី១៨ ខែមិថុនាខាងមុខ សមាគមនឹងរៀបចំកម្មវិធីដ៏ធំ ក្នុងសាលផ្សារទំនើបអ៊ីអនសែនសុខដដែល ដោយមានតារាចម្រៀង និងក្រុមតន្ដ្រីករល្បីៗជាច្រើនចូលរួម ។
អ្វីដែលពិសេស កម្មវិធីទាំងពីរ សុទ្ធតែមានអតីតបវរកញ្ញាចក្កវាឡលំដាប់ពិភពលោក Satiomi Ogawa ចូលរួម ហើយនាងបានត្រៀមចម្រៀងអូប៉េរ៉ាជាច្រើន សម្រាប់បង្ហាញជូនភ្ញៀវជាតិ និងអន្ដរជាតិទៀតផង ។ ចំពោះកម្មវិធីថ្ងៃទី១៨ ខែមិថុនា នឹងមានការលក់សំបុត្រតម្លៃ ២០ដុល្លារ សម្រាប់ការចូលរួមទស្សនា តែក៏មានតម្លៃពិសេស ៥ដុល្លារ សម្រាប់សិស្សផងដែរ ។
សិល្បការនីវ័យ ៤១ឆ្នាំ តែមានសម្រស់មិនចាញ់តារាវ័យក្មេងរូបនេះ បានមកប្រទេសកម្ពុជា លើកដំបូង កាលពីឆ្នាំ២០១៣ ហើយនាងបានមកជាបន្ដបន្ទាប់ទៀត ដោយភាគច្រើន Satiomi មកច្រៀង និងសម្ដែង ដើម្បីស្វែងរកមូលនិធិ សម្រាប់ផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ដែលចង់សិស្សាលើផ្នែកសិល្បៈតន្ដ្រី ។
ចំពោះការប្រគំតន្ដ្រីខាងលើ គឺក្នុងគោលបំណងរួមចំណែកដល់ការកសាងភាពសុខសាន្ត និងស្ថិរភាពសង្គម តាមរយៈកម្មវិធីផ្លាស់ប្តូរវប្បធម៌ និងតន្ត្រីមិត្តភាពអន្តរជាតិជប៉ុន និងកម្ពុជា ។ កម្មវិធីនេះ បានធ្វើឡើងដំបូងក្នុងឆ្នាំ២០១៣ ហើយក៏ជាកម្មវិធីប្រកួតប្រជែងអាហារូបករណ៍តន្ត្រី ដើម្បីស្វែងរកតន្ត្រីករឆ្នើមកម្ពុជា ហើយធ្វើការគាំទ្រ និងអប់រំបណ្តុះបណ្តាលបន្ថែម ហើយអ្នកឈ្នះ អាចទទួលបានការគាំទ្រផ្នែកបច្ចេកទេស ដើម្បីឈានទៅដល់កម្រិតស្តង់ដារអន្ដរជាតិទៀតផង៕